ចម្លាក់​សត្វ​មករ​ដ៏​ធំ ត្រូវបាន​ប្រទះឃើញ​នៅ​តំបន់ភ្នំ​គូលែន​

30/11/-0001 12:00 am សៀមរាប

​ភ្នំពេញ​៖ ចម្លាក់​សត្វ​មករ ដែលមាន​ទំហំ​ធំ​មិន​ធ្លាប់មាន ត្រូវបាន​ប្រទះឃើញ​នៅ​តំបន់ភ្នំ​គូលែន​។ ចម្លាក់​សត្វ​មករ​នេះ មាន​បណ្តោយ ២.១៤​ម៉ែត្រ កម្ពស់ ០.៩៧ ម៉ែត្រ និង​ទទឹង ០.៧៩​ម៉ែត្រ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​។

 
​នៅ​ថ្ងៃទី​១៩ ខែមករា​នេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប សហការ​ជាមួយ​អង្គការ​មូលនិធិ​បុរាណវិទ្យា និង​អភិវឌ្ឍន៍​កម្មវិធី​ភ្នំ​គូលែន និង​ក្រុមការងារ បាន​ចុះទៅពិនិត្យ​រូប​សត្វ​មករ ដែល​ស្ថិតនៅ​ភូមិ​ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្ត​សៀម​ម​រាប​។ ចម្លាក់​សត្វ​មករ​នេះ មាន​បណ្តោយ ២.១៤​ម៉ែត្រ កម្ពស់ ០.៩៧ ម៉ែត្រ និង​ទទឹង ០.៧៩​ម៉ែត្រ​។​
 
​ក្រៅពី​ចម្លាក់​សត្វ​មករ នៅ​ទីតាំង​នោះ បាន​ប្រទះឃើញ​បំណែក​ថ្ម​សរុប ១៣​ដុំ​ផងដែរ​។ មន្ត្រី មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​មកដល់ពេលនេះ មិនទាន់​អាច​សន្និដ្ឋានបាន​នោះ ទាក់ទង​នឹង​រចនាប័ទ្ម និង​សម័យកាល ព្រោះ​ត្រូវ​ធៀប​ជាមួយ​រូប​ផ្សេងៗ​ជាច្រើន​ទៀត​»​។ 
 
​មន្ត្រី​មន្ទីរ​បរិស្ថាន​ដដែល​បន្តថា ក្រោយ​ប្រទះឃើញ​ចម្លាក់​សត្វ​មករ​នេះ មន្ទីរ​បរិស្ថាន នឹង​សហការ​ជួសជុល ថែទាំ​ជាមួយ​មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​អប្សរា​៕

ព័ត៌មានទាក់ទង