គណៈសង្ឃ​នាយក មិន​ចង់ឃើញ​សំណង់​បេតិកភណ្ឌ​ពុទ្ធសាសនា ត្រូវ​បំផ្លាញ​ដូច​ករណី​នៅ​កំពង់ធំ និង​កំពង់ឆ្នាំង​

30/11/-0001 12:00 am កំពង់ឆ្នាំង

​ភ្នំពេញ​៖ គណៈសង្ឃ​នាយក បាន​ជូនដំណឹង​ឲ្យ​ព្រះចៅអធិការ លោក​អាចារ្យ គណៈកម្មការ​វត្ត សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ ឬ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មុននឹង​រុះរើ ជួសជុល វាយកម្ទេច កុដិ វិហារ សាលា ហោត្រៃ  ធម្មមន្ទីរ បណ្ណាល័យ ដងទង់ និង​គំនូរ​បុរាណ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​គណៈសង្ឃ​នាយក ចុះ​ថ្ងៃទី ១៧ ខែមករា​។

 
​គណៈសង្ឃ​នាយក ពន្យល់ថា ការធ្វើ​ដូច្នេះ គឺ​ដើម្បី​ជៀសវាង​ការបាត់បង់ និង​ខូច​ទ្រង់ទ្រាយ​ដើម​នូវ​បេតិកភណ្ឌ​ព្រះពុទ្ធសាសនា ដូច​ករណី​កម្ទេច​ព្រះវិហារ​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ នៅក្នុង​ខេត្តកំពង់ធំ និង​សាលា​ធម្មមន្ទីរ​បុរាណ ក្នុង​ខេត្តកំពង់ឆ្នាំង​។ ក្នុងករណី​មានការ​រុះរើ ជួសជុល វាយកម្ទេច សំណង់​បេ​តិក​ភណ ឬ​សំណង់​ពុទ្ធសាសនា​បុ​រាណ គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ ឬ​ស្ថាប័ន​ពាក់ព័ន្ធ ព្រះចៅអធិការ លោក​អាចារ្យ គណៈកម្មការ ត្រូវ​ទទួលខុសត្រូវ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល​។​
 
relate 
​គួររំឭកថា កន្លងមក​សំណង់​បេតិកភណ្ឌ​ព្រះពុទ្ធសាសនា នៅតាម​វត្ត​អារាម​មួយចំនួន ត្រូវបាន​រុះរើ និង​វាយ​កម្ទេចចោល ក្រោម​ហេតុផល​សំណង់​មាន​សភាព​ចាស់​ទ្រុឌទ្រោម​។ ជាក់ស្តែង កាលពី​ឆ្នាំ​២០១៧ វិហារ​ក្នុង​វត្ត​ឥន្ទ្រី​សំ​វរៈ (​វត្ត​កំពង់ធំ​) នៅ​ទី​រួម​ខេត្តកំពង់ធំ ដែល​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ត្រូវបាន​វាយកម្ទេច​ចោល​។ ដោយឡែក​កាលពីពេល​ថ្មីៗ​នេះ សាលា​ធម្មមន្ទីរ​អាយុកាល​៧០​ឆ្នាំ នៅក្នុង​វត្ត​ទេពធីតា​រាម ឬ​ហៅ​វត្ត​យាយ​ទេព ក៏ត្រូវ​កម្ទេចចោល ដោយសារ​មូលហេតុ​សំណង់​ចាស់​ទ្រុឌទ្រោម​ដែរ​៕ 

រូបភាព​​វត្ត​ឥន្ទ្រី​សំ​វរៈ ឬ​ហៅ វត្ត​កំពង់ធំ នៅក្នុង​ទី​រួម​ខេត្តកំពង់ធំ៖







រូបភាព​សាលា​ធម្ម​មន្ទីរក្នុង​វត្ត​ទេព​ធីតារាម នា​ខេត្ត​កំពង់ឆ្នាំង​៖






រូបភាពពី​ហ្វេសប៊ុក​លេខាធិការដ្ឋានគណៈសង្ឃនាយក

ព័ត៌មានទាក់ទង