សណ្ឋាគារ​៣​នៅ​សៀមរាប ទទួល​ជ័យលាភី​សណ្ឋាគារ​បៃតង​អាស៊ាន​

30/11/-0001 12:00 am សៀមរាប

​សៀមរាប​៖ សណ្ឋាគារ​ចំនួន​៣ នៅ​ក្រុង​សៀមរាប ទទួលបាន​ជ័យលាភី​សណ្ឋាគារ​បៃតង​អាស៊ាន ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២០ (ASEAN Green Hotel Standard) ដែល​ប្រារព្ធ​ឡើង​នៅ​ប្រទេស ព្រុយ​ណេ​។ សណ្ឋាគារ​ទាំង​៣ មាន​សណ្ឋាគារ មេ​ម័​រ ផា​លេស រី​សត​, សណ្ឋាគារ សុខា​សៀមរាប និង​សណ្ឋាគារ Navutu Dream​។ ក្រៅពីនេះ ក៏មាន​សណ្ឋាគារ​២​ទៀត​នៅ​កម្ពុជា ទទួលបាន​ជ័យលាភី​នេះដែរ គឺ Nataya Roundhouse Coral Bay Resort & Restaurant និង Palace Gate Hotel and Resort​។
 
​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ​នេះ​ជា​លទ្ធផល​ដ៏​ល្អ​ដែល​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង របស់​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុង​ការរៀបចំ​សណ្ឋាគារ​ខ្លួន​ឲ្យ​មាន​ភាព​បៃតង កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ទាញ​ថាមពលព្រះអាទិត្យ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ជាដើម​។​ល​។ 
 
​បើតាម​លោក ង៉ូ​វ សេង​កាក់ កន្លងមក​ក៏មាន​សណ្ឋាគារ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប ធ្លាប់​ទទួលបាន​ជ័យលាភី​ដូចគ្នានេះដែរ រួមមាន​សូ​ហ្វី​តែ​ល អង្គរ​ភូ​គី​ត្រា​, ឡឺ​មេ​រី​ឌៀ​ន​, Grand hotel, ភូមិ​បៃតង​, អា​ម៉ាន់​សា​រ៉ា​, អង្គរ​ផា​លេស​, អប្សរា​ផា​លេស និង​អង្គរ​ប៉ា​រ៉ា​ឌី ជាដើម​។ 
 
​លោក សេង សេរី​វុ​ទ្ធ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​សណ្ឋាគារ មេ​ម័​រ ផា​លេស ថ្លែងថា​នេះ​ជា​មោទកភាព​មួយ​របស់​សណ្ឋាគារ​រប​ស់​ខ្លួន ដែល​បានរួម​ចំណែក​ការពារ​បរិស្ថាន តាមរយៈ​ការមិន​ប្រើ​ដប​ប្លា​ស្ទិ​ក ប្រើ​កែវ​ថ្ម​ដាក់​ទឹក​សម្រាប់​ភ្ញៀវ និង​ប្រើ​បំពង់​បឺត​គល់​ស្លឹកគ្រៃ​ជាដើម​។ លោក សេរី​វុ​ទ្ធ ក៏​ចង់ឃើញ​សណ្ឋាគារ​ដទៃទៀត​នៅ​កម្ពុជា​បន្តធ្វើ​ចលនា​នេះ ក្នុងន័យ​រួមចំណែក​ការប្រើប្រាស់​ប្លា​ស្ទិ​កនៅ​កម្ពុជា ក៏ដូចជា​សកលលោក​ទាំ​ង​មូល​។ 
 
​គួរ​បញ្ជាក់ថា កម្មវិធី​ប្រគល់​ជ័យលាភី​នេះ បានរៀបចំ​ឡើង​នៅ​ថ្ងៃទី​១៦ មករា នា​កិច្ចប្រជុំ​លើក​ទី​៧ វេទិកា​ទេសចរណ៍​អាស៊ាន ដែល​ប្រទេស​ព្រុយ​ណេ​ធ្វើជា​ម្ចាស់ផ្ទះ​៕
 

ព័ត៌មានទាក់ទង