បាក់​អគារ​នៅ​កែប​៖ រដ្ឋាភិបាល រក​មិនទាន់​ឃើញ​កំហុស​មន្ត្រី​ណា​ម្នាក់​ឡើយ​

30/11/-0001 12:00 am កែប

ឧបទ្ទវហេតុ​បាក់​អគារ​កម្ពស់​៦​ជាន់​នៅ​ក្រុងកែប បានសម្លាប់​មនុស្ស​សរុប​ដល់​ទៅ​៣៦​នាក់ និង បណ្តាល​ឲ្យ​មាន​អ្នករបួស​២៣​នាក់​។ តែ​មិនទាន់​ឃើញ​មន្ត្រី​ណា​ម្នាក់ រង​ការស្តីបន្ទោស ឬក៏​ត្រូវ​ដកចេញ​ពី​ដំណែង​ឡើយ​។



​ក្នុង​សន្និសីទកាសែត នៅ​ម៉ោង​១២​ថ្ងៃត្រង់ នា​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២០ ស្តីពី​ការបិទ​បញ្ចប់​ការរុករក​ជនរងគ្រោះ​ក្នុង​គំនរ​អគារ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រចាំការ​នៅ​ទីនោះ​ពី​ដើម​រហូតដល់​ចប់ បានប្រកាសថា លោក កែន ស​ត្ថា អភិបាលខេត្ត​កែប និង​អភិបាលរង មិន​ជាប់​ព័ន្ធ​នឹង​បញ្ហា​បាក់​អគារ​ឡើយ បើទោះជា​ករណី​បាក់​អគារ​នេះ កើតឡើង​ក្នុង​ដែនដី​របស់ខ្លួន​ក៏ដោយ​។ សម្តេច បញ្ជាក់​ដូច្នេះ​ថា​៖«​អភិបាលខេត្ត​កែប និង​មន្ត្រីខេត្ត នឹងមិន​ត្រូវបាន​ដកចេញ​ពី​ដំណែង​ទេ​»​។ 
 
​មិន​ត្រឹមតែ​មិន​ដក​អភិបាលខេត្ត​ទេ តែ​សម្តេចនាយក​រដ្ឋមន្ត្រី បែរជា​ព្រមាន​ចាត់ការ​លើ​មន្ត្រី​ខ្លួន​ទៅវិញ និង​អ្នក​ទាំងឡាយណា ដែល​ផ្ញើ​សារ​ទៅ​សម្តេច​តាម WhatsApp និង តាម Telegram   រួមទាំង​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ជំរុញ​ឲ្យ​សម្តេច ​ដក​អភិបាលខេត្ត​កែប​។ សម្តេច ខឹង​នឹង​មន្ត្រី​និង​អ្នក​ទាំងនោះ ដែល​គិតតែ​ពី​ចង់​ឲ្យ​ដក​អ្នកនោះ​ឬ​អ្នកនេះ ចេញពី​ដំណែង ទាំង​ដែល​សម្តេច យល់ថា រឿង​សំខាន់បំផុត គឺ​ការជួយ​សង្គ្រោះ​អ្នក​ដែល​កំពុង​ស្ថិតក្នុង​គំនរ​អគារ​។ សម្តេច ព្រមាន​ថា​៖«​ខ្ញុំ អាច​នឹង​ពិនិត្យ​លើ​មន្ត្រី​របស់ខ្ញុំ​មួយចំនួន ដែល​រុញច្រាន​ឲ្យ​ខ្ញុំ​ដក​អភិបាលខេត្តកែប​...»​។​
 
​ទន្ទឹមនឹងនេះ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​និយាយ​សំដៅទៅ​កាន់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​​ផងដែរ ដែល​លោក បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ពី​ការចង់​ឲ្យ​ដក​អភិបាលខេត្ត​កែប​។ សម្តេច រម្លឹកថា ពេលនោះ សម្តេច បាន​ចូលទៅ​សរសេរ​ក្នុង Comment តប​នឹង​លោក ពេជ្រ ស្រស់ ថា កុំ​រុញ​ឲ្យ​ខ្លោច រោច​ឲ្យ​ឆៅ​។ 
 
​បន្ទាប់​មក សម្តេចនាយក​រដ្ឋមន្ត្រី បកស្រាយ​ថា ការបាក់​អគារ មិនមែន​កើតឡើង​តែ​នៅ​កម្ពុជា​ទេ គឺ​តាម​បណ្តា​ប្រទេស​ដទៃ​លើ​ពិភពលោក ក៏មានដែរ​។ សម្តេច ប្រាប់​ឲ្យ​អ្នក​រិះគន់ ទៅ​មើល​ព័ត៌មាន ដើម្បី​ដឹងថា តើ​ក្នុង​ឆ្នាំ​២០១៩ មាន​ព្រឹត្តិការណ៍​បាក់​អគារ​ប៉ុន្មាន​លើ​ពិភពលោក​។ 
 
​សម្តេច បាន​លើក​ជា​ឧទាហរណ៍​ថា នៅ​អាមេរិក ធ្លាប់មាន​ករណី​បាក់​សណ្ឋាគារ​។ សម្តេច ចោទ​សំណួរ​ថា​៖«​តើ​អភិបាលរដ្ឋ​នុ៎ង គេ​លាលែង​ឬ​ត្រូវ​ដកចេញ​ពី​ដំណែង​ទេ​? ហើយ​បែរជា​រុញច្រាន​តែ​កម្ពុជា​»​។ 
 
​លើសពីនេះ សម្តេច បាន​រម្លឹក​ពី​ព្រឹត្តិការណ៍​ឆេះ​សារមន្ទីរ Notre-Dame ក្នុង​ក្រុងប៉ារីស​។ សម្តេច ចោទ​ជា​សំណួរ​ទៀតថា​៖«​គេ ឲ្យ​អភិបាលក្រុង​ប៉ារីស​លាលែង​ទេ ហើយ​ត្រូវ​ឲ្យ​រដ្ឋមន្ត្រី​លា​លែ​ទេ​?» សម្តេច ងាក​មក​បរិបទ​កម្ពុ​ជា​វិញ​ថា​៖«​ហេតុអ្វី​បាន​អ្នក​ទាំងឡាយ​ចូលចិត្ត​ណាស់​អា​រឿង​ក្តិចត្រួយ​ផ្តួល​គ្នា​?»​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី បន្តថា ការបកស្រាយ​បែបនេះ មិនមែន​ចង់​សម្រាល​ការទទួលខុសត្រូវ ឬក៏​ចង់​បិទបាំង​ភាព​ខ្សោយ​របស់​រដ្ឋាភិបាល​ឬ​មន្ត្រី​ឡើយ តែ​សម្តេច ចង់​ឲ្យ​អ្នក​រិះគន់​ទាំងនោះ កុំ​ឲ្យ​មាន​ភាពជ្រុលនិយម លើ​បញ្ហា​ដែល​កើតឡើង ហើយ​ចាប់ផ្តើម​ស្តីបន្ទោស​ជាមុន ដោយ​ខ្វះ​ការស្រាវជ្រាវ​។ សម្តេច សង្កត់ធ្ងន់ថា​៖«​នេះ​ជា​ចំណុច​ដែល​​ខ្ញុំ​ចង់​ដាស់តឿន​មនុស្ស​ទាំងឡាយ​។ ពិតមែន​ហើយ ខ្ញុំ គ្មាន​សិទ្ធិ​បិទមាត់​ចំពោះ​សេរីភាព​របស់​អ្នកណា​ទេ ក៏ប៉ុន្តែ​យើង​មាន​សិទ្ធិ​នឹង​ពន្យល់​ត្រឡប់​ទៅវិញ​ថា យើង​គួរ​ធ្វើ​អ្វី នៅពេលណា​»​។​
 
​យ៉ាងណាក៏ដោយ សម្តេចនាយក​រដ្ឋមន្ត្រី ទទួលបាន​ព័ត៌មាន​បឋម​ថា ការសាងសង់​អគារ​នេះ មាន​កំហុស​២​យ៉ាង គឺ​ទី​១ កំហុសក្នុងការប្រើដែក និង​ទី​២ កំហុស​ក្នុងការ​ចាក់​ប្លង់​សេ​។ សម្តេច បរិយាយ​ថា ការគូរប្លង់ គឺតម្រូវឲ្យដាក់ដែកចំនួនប៉ុននេះឬប៉ុណ្ណោះ [ដើម្បីឲ្យត្រឹមត្រូវនិងគ្រប់គ្រាន់] តែពេលសាងសង់ជាក់ស្តែង គឺមេការ ដាក់ដែកខុស ដោយដែកទាំងនោះតូចជាង​កម្រិត​បច្ចេកទេស ដែលគេ​ផ្តល់​ឲ្យ ហើយ​បញ្ហា​ចាក់​ប្លង់​សេ គឺ​គេ​ត្រូវការ​រយៈពេល​ពី​២៧​ទៅ​២៨​ថ្ងៃ ទើប​អាច​ដក​ក្តា​រពុម្ព​ចេញបាន តែ​ការចាក់​ប្លង់​សេ​នៃ​អគារ​នេះ មិន​ដល់​១០​ថ្ងៃ​ផង មេការ ក៏​ដក​ក្តារ​ពុ​ម្ភ​ចេញ ដើម្បី​ទៅ​ចាក់​ជាន់​ខាងលើ​ទៀត​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ចាត់ទុក​កំហុស​ទាំង​២​នេះ ថា​ជា​កំហុស​របស់​មេកា​។ ប៉ុន្តែ​សម្តេច អះអាងថា មេកា​និង​កូន​របស់គាត់ បាន​បាត់​ជីវិត​ទៅហើយ ដោយសារ​ការបាក់​អគារ​នេះ​។ សម្តេច​មាន​ប្រសា​ន៍​ថា​៖«​យើង មិនអាច​ចាប់គាត់​ឲ្យ​មក​សង​គេ​ទេ ក្រៅតែពី​ផ្តល់​ថវិកា​​បន្ថែម​ដល់​គ្រួសារ ព្រោះនេះ​ជា​សោកនាដកម្ម ដែល​បាន​កើតឡើង​...»​។  
 
​បច្ចុប្បន្ន ម្ចាស់​អគារ​នេះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ​។ សម្តេច និយាយថា ចំពោះ​ការប្តឹង​ទារ​សំណង​រដ្ឋប្បវេណី គឺត្រូវធ្វើ​ទៅតាម​ច្បាប់​។ 
 
​សម្តេច ថ្លែងថា​៖«​ម្ចាស់ផ្ទះ មក​នៅ​កន្លែង​ហ្នឹង​តែម្តង ដេក​នៅ​ហ្នឹង គាត់​ចេញ​ផុតពី​អគារ អគារ​ក៏​ដួលរលំ ប៉ុន្តែ​ឥឡូវ គាត់​ជាប់ឃុំ កុំ​អី​គាត់​ស្លាប់ ស្លាប់​ទាំង​ម្ចាស់ផ្ទះ ស្លាប់​ទាំង​មេកា​ហ្នឹង​តែម្តង ដូច្នេះ​គ្មាន​អ្នកណា​ទទួលខុសត្រូវ​ទេ​។ ប៉ុន្តែ ផ្នែក​កោ​លស​វិច័យ នឹង​បន្ត​»​។​
 
​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី បាន​បង្កើត​គណៈកម្មកា​រ​មួយ ដើម្បី​ធ្វើ​កោសល្យវិច័យ​លើ​សំណង់​អគារ​បាក់​រលំ​នេះ ដែល​ត្រូវបាន​អះអាងថា ជា​របស់លោក ឯក សារុន​។ លោក ឯក សារុន និង​ភរិយា ត្រូវ​ចាប់ខ្លួន ក្រោយ​អគារ​ខ្លួន​បាក់​រលំ នៅ​ល្ងាច​ថ្ងៃទី​៣ ខែមករា​។ 
 
​ជនរងគ្រោះ​សរុប​ក្នុង​ឧបទ្ទវ​ហេតុនេះ មាន​៥៩​នាក់ ដោយ​ក្នុងនោះ​អ្នកស្លាប់​៣៦​នាក់ (​ស្រី​១៤​នាក់​) និង អ្នក​នៅរស់​២៣​នាក់ (​ស្រី​៨​នាក់​)​។ ក្នុងចំណោម​អ្នកស្លាប់ មាន​ក្មេង​៦​នាក់ (​ស្រី​២​នាក់​)​។ 
 
​ការ​រុករក​ជនរងគ្រោះ បាន​ចប់សព្វគ្រប់​នៅ​ម៉ោង​ប្រមាណ​១១​កន្លះ នា​ថ្ងៃទី​៥ ខែមករា​។ បើ​គិតពី​ថ្ងៃកើតហេតុ រហូតដល់​ថ្ងៃ​បិទ​បញ្ចប់ ការរុករក​ជនរងគ្រោះ បាន​ចំណាយពេល​អស់​ជាង​៤៣​ម៉ោង​៕  

ព័ត៌មានទាក់ទង