ការដាំដុះដំណាំគួរតែមានផែនការច្បាស់លាស់ ជៀសវាងការដាំដំណាំតែមួយមុខ និងពេលវេលាតែមួយ ដែលធ្វើឲ្យតម្លៃទីផ្សារធ្លាក់ចុះជាគំហុក។ នេះជាការណែនាំរបស់មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ក្នុងលិខិតបំភ្លឺមួយ តបទៅនឹងករណីកសិករម្នាក់ដែលបានហៅអ្នកភូមិទៅកាត់យកស្ពៃជើងទារបស់ខ្លួនដោយឥតគិតថ្លៃ ដោយសារបញ្ហាតម្លៃធ្លាក់ចុះនៅលើទីផ្សារ។
មន្ទីរកសិកម្មខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៩ ថា មន្ត្រីជំនាញ និងស្ថានប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន កំពុងយកចិត្តទុកដាក់តាមដានជាប្រចាំនូវតម្លៃ និងទីផ្សារកសិផលរបស់ប្រជាកសិករ។ ជាមួយគ្នាដែរ មន្ទីរកសិកម្មស្នើឲ្យកសិករគួរតែធ្វើការរៀបចំផែនការមុនដាំដំណាំ ជៀសវាងការដាំដុះដំណាំតែមួយមុខ ក្នុងពេលតែមួយ ដែលនាំឲ្យតម្លៃទីផ្សារធ្លាក់ចុះយ៉ាងគំហុក។ ពាក់ព័ន្ធនឹងបញ្ហានេះ មន្ទីរកសិកម្ម បានលើពីករណីជាក់ស្ដែងនៃផលិតផលស្ពៃគ្មានទីផ្សារ។
ចំពោះករណីស្ពៃគ្មានទីផ្សារនេះ មន្ទីរកសិកម្មបានបញ្ជាក់ថា មន្ទីរបានចាត់មន្រី្តជំនាញចុះសិក្សាស្រាវជ្រាវភ្លាមៗ ជាមួយកសិករដែលដាំស្ពៃនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល លោក អ៊ឹម សុភ័ក្រ ជាម្ចាស់ចម្ការដែលលក់ស្ពៃបាន៧០ភាគរយ ហើយនៅសល់៣០ភាគរយ។ ស្ពៃជើងទារបស់លោក សុភ័ក្រ នៅសល់៣០ភាគរយស្មើរនឹងជាង១០តោននេះ មានតម្លៃត្រឹមតែ៣០០រៀល ក្នុងគីឡូក្រាម។
បើតាមមន្ទីរកសិកម្ម មូលហេតុដែលលោក សុភ័ក្រ ចែកចាយស្ពៃរបស់ខ្លួនទៅអ្នកភូមិ គឺដោយសារតែស្ពៃគាត់មានជំងឺធ្លាក់គុណភាព គាត់ត្រូវការដាំដុះដំណាំបន្ត តម្លៃធ្លាក់ចុះស្ទើរគ្មានអ្នកទិញ ហើយម្យ៉ាងទៀតកសិកររូបនេះ ចង់ចែកចាយដើម្បីជាការធ្វើបុណ្យ។ មន្ទីរកសិកម្មខេត្តបាត់ដំបងបានបន្ថែមថា ឆ្នាំនេះ កសិករនាំគ្នាដាំស្ពៃជើងទាស្ទើរគ្រប់ទីកន្លែង នាំឲ្យការប្រមូលផលមានបរិមាណច្រើនលើសពីតម្រូវការ។ ជាមួយគ្នាដែរ មន្ទីរកសិកម្ម បានសហការជាមួយសភាពាណិជ្ជកម្មខេត្ត ក្នុងការស្វែងរកដំណោះស្រាយដល់ លោក អ៊ឹម សុភ័ក្រ។
ទន្ទឹមនឹងនេះ មន្ទីរកសិកម្មច្រានចោលព័ត៌មានដែលថា មន្ត្រីរបស់ខ្លួនហាក់គ្មានដំណោះស្រាយចំពោះបញ្ហាកសិករ តាមរយៈការពន្យល់ កន្លងមកថា ស្ថាប័នខ្លួន បានណែនាំ និងគាំទ្រ ដល់លោក អ៊ឹម សុភ័ក្រ ពីការដាំស្លឹកខ្ទឹម ការចិញ្ចឹមឃ្មុំ ការចិញ្ចឹមមាន់ និងការចងក្រងជាសហគមន៍ជាដើម។
ចំពោះបញ្ហាផ្សេងៗរបស់កសិករ ដូចជាបញ្ហាបច្ចេកទេស ទីផ្សារ និងការងារអន្តរាគមន៍នានា មន្ទីរកសិកម្មខេត្តបាត់ដំបង ស្នើឲ្យកសិករទាំងអស់ទាក់ទងទៅដើម្បីរួមគ្នារកដំណោះស្រាយឲ្យបានទាន់ពេលវេលា៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com