ចង្ក្រានដីប្រឹងប្រជែងជាមួយចង្ក្រានហ្គាស
កំពង់ឆ្នាំង៖ ក្នុងសម័យទំនើបដែលគេអាចដាំបាយបានដោយចង្ក្រានហ្គាស ឬចង្ក្រានអគីសនី ចង្ក្រានធ្វើពីដីត្រូវប្រឹងប្រែងខ្លាំងដើម្បីប្រកួតប្រជែងទីផ្សារ។ បើទោះបីជា ចង្ក្រានដីនៅតែមានការគាំទ្រក្ដី ប៉ុន្តែម្ចាស់សិប្បកម្មជាលក្ខណៈគ្រួសារ នៅខេត្តកំពង់ឆ្នាំងមួយចំនួន ត្រូវចំណាយទៅលើកម្មករ ថ្លៃទិញវត្ថុធាតុដើម ហើយនៅសល់ប្រាក់ចំណេញតិចតួច។
ដើម្បីជ្រាបច្បាស់សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
**audio2**
**audio2**
ស្ថិតក្នុងស្រុករលៀផ្អៀ ខេត្តកំពង់ឆ្នាំងអ្នកស្រី ចេវ អ៊ុល មានផ្ទះនៅជិតភ្នំក្រាំងដីមាស ដែលជាភ្នំដ៏ល្បីល្បាញ ក្នុងបទចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត ពិព័រណនាពីភ្នំដែលគេយកដីទៅធ្វើក្អមឆ្នាំងនោះ។ សម្រាប់អ្នកស្រី ចេវ អ៊ុល សម្បុរស្រអែមទទូរក្រមាពណ៌ក្រហមឆ្នូតស ប្រកបរបរធ្វើតែចង្ក្រានតែប៉ុណ្ណោះ។ អ្នកស្រី អ៊ុល ប្រាប់ពីតម្លៃចង្ក្រានលក់ចេញ៖«ជាធម្មតាលក់ដាច់ដែរ គឺនៅកណ្ដាល។ ចង្ក្រានលក់បោះដុំមួយបានតែ ៨,៣០០រៀលទេ។ បើលក់រាយបាន១០,០០០រៀល។ ខ្ញុំរវល់ច្រូតស្រូវផង ហើយអ្នកស៊ីឈ្នួលក៏រវល់ខ្លះដែរ មួយថ្ងៃជួនបាន១០០ចង្ក្រាន ហើយចែកគ្នា៣ទៅ៤នាក់ហ្នឹងទៅ។ ប៉ុន្តែចង្ក្រានធ្វើរួចទាំងស្រុង មិនមែនធ្វើតែមួយថ្ងៃទេគឺច្រើនថ្ងៃ»។
អ្នកស្រី ចេវ អ៊ុល ម្ចាស់សិប្បកម្មធ្វើចង្ក្រានជាលក្ខណៈគ្រួសារ នៅក្នុងខេត្តកំពង់ឆ្នាំង
អ្នកស្រី ចេវ អ៊ុល ម្ចាស់សិប្បកម្មធ្វើចង្ក្រានជាលក្ខណៈគ្រួសារ នៅក្នុងខេត្តកំពង់ឆ្នាំង
នាម៉ោងជាង១០ព្រឹក អ្នកស្រី ចេវ អ៊ុល ដែលកំពុងអង្គុយចិញ្ច្រាំប្រហុកលើគ្រែក្រោមផ្ទះ សម្រាប់អាហារថ្ងៃត្រង់ ប្រាប់ថារបរធ្វើចង្ក្រាននេះមានបងប្អូនកូនក្មួយជួយធ្វើ៖«ខ្ញុំធ្វើតែចង្ក្រានលក់ប៉ុណ្ណោះ ប៉ុន្តែបើអ្នកផ្សេងគេធ្វើវត្ថុបុរាណឬធ្វើឆ្នាំងបន្ថែម។ អ្នកធ្វើចង្ក្រាននៅផ្ទះរបស់ខ្ញុំ មានតែបងប្អូនឯងទេ គឺក្មួយ និងចៅ»។
ស្ថិតក្នុងអាយុ៧៣ឆ្នាំ ស្ត្រីដែលនៅមានកម្លាំងរឹងមាំររូបនេះ ធ្វើចង្ក្រានលក់មិនទាន់អ្នកប្រមូលទិញឡើយ៖«ចង្ក្រាននេះធ្វើបានប៉ុន្មានលក់អស់ប៉ុណ្ណឹង មិនដែលសល់ទេ។ បើនិយាយទៅធ្វើមិនទាន់អ្នកបញ្ជាទិញផង ព្រោះខ្ញុំរវល់ច្រូត។ អ្នកទិញខ្លះយក៣០០ចង្ក្រាន ខ្លះ ២០០ ចង្ក្រាន ទៅតាមអ្នកយកច្រើនឬក៏តិច»។
កញ្ញា ស៊ុន ថា កូនស្រីរបស់អ្នកស្រី ចេវ អ៊ុល ដែលជាម្ចាស់សិប្បកម្មធ្វើចង្ក្រានជាលក្ខណៈគ្រួសារ នៅក្នុងខេត្តកំពង់ឆ្នាំង
កញ្ញា ស៊ុន ថា កូនស្រីរបស់អ្នកស្រី ចេវ អ៊ុល ដែលជាម្ចាស់សិប្បកម្មធ្វើចង្ក្រានជាលក្ខណៈគ្រួសារ នៅក្នុងខេត្តកំពង់ឆ្នាំង
មកចាប់អារម្មណ៍កញ្ញា ស៊ុន ថា ដែលត្រូវជាកូនស្រីរបស់អ្នកស្រី ចេវ អ៊ុល វិញម្ដង។ កញ្ញា ប្រាប់ពីតម្លៃទិញដីយកមកធ្វើអាជីវកម្មរបស់ខ្លួន៖«ខ្ញុំទិញដីពីអ្នកដែលរកស៊ីកាប់ដីលក់។ ក្នុងមួយឡានបែនតម្លៃ ៦០,០០០រៀល»។
កញ្ញាបញ្ជាក់បន្ថែមពីប្រភពដីដែលយកមកផលិតចង្ក្រាន៖«ដីនេះយកពីភ្នំធ្លោ។ ពីមុនទិញដីពីភ្នំក្រាំងដីមាស ប៉ុន្តែពេលនេះមិនមានអ្នកណាកាប់ទៀតទេ ម្យ៉ាងគេហាមមិនឱ្យកាប់ផង។ ខ្ញុំលក់ចង្ក្រានឆ្នាំនេះថយចុះជាងឆ្នាំមុន ព្រោះតែមិនមានកម្មករធ្វើ»។
ប្រកបរបរធ្វើចង្ក្រានប្រមាណ៦ឆ្នាំ គ្រួសាររបស់កញ្ញា ស៊ុន ថា អាចរកប្រាក់ចំណេញបានប្រមាណពាក់កណ្ដាលនៃចំណូលសរុប៖«ក្នុងចង្ក្រានមួយផាត់ការចំណាយ សល់ចំណេញជាង ១,០០០រៀល។ ចង្ក្រានមួយមានអ្នកកាន់ច្រើនផ្នែក។ បើផ្នែកជា ក្នុងមួយថ្ងៃបានប្រហែល៥០ទៅ៦០ចង្ក្រានដែរក្នុងម្នាក់។ បើគិត១០០ចង្ក្រាន ចំណេញប្រហែល ៥០ទៅ៦០ចង្ក្រានដែល»។
ចំណែកកុមារី វឿន ស្រីរីម អាយុ១៣ឆ្នាំ បានមកស៊ីឈ្មួលធ្វើចង្ក្រានឱ្យគេរួមទាំងម្ដាយ និងបងស្រីម្នាក់ទៀត៖«ខ្ញុំមកធ្វើការនេះប្រហែល៥ឆ្នាំហើយ។ ដំបូងម៉ែយកខ្ញុំមកទីនេះព្រោះគាត់មិនហ៊ានទុកខ្ញុំនៅផ្ទះតែម្នាក់ឯង។ ខ្ញុំឃើញម៉ែចោះចង្ក្រាន ហើយខ្ញុំក៏ធ្វើតាម ដល់យូរទៅម៉ែក៏ឱ្យខ្ញុំធ្វើការនេះដែរ»។
ជាកូនទី២ក្នុងចំណោមបងប្អូន៤នាក់ ស្រីរីម ខំឆ្លៀតពេលទំនេរពីការសិក្សា ដើម្បីរកចំណូលជួយគ្រួសារ រួមទាំងផ្គត់ផ្គង់ការរៀនសូត្ររបស់ខ្លួនផង៖«ចោះរន្ធចង្ក្រាននេះមិនសូវប្រើកម្លាំងច្រើនទេ។ ប្រាក់ដែលបានខ្ញុំយកទៅរៀននិងជួយគ្រួសារ។ ចង្ក្រាន១ ខ្ញុំបានប្រាក់២០០រៀល ហើយក្នុងមួយថ្ងៃខ្ញុំធ្វើបានប្រហែល៣០ចង្ក្រាន»។
កុមារី វឿន ស្រីរីម ជាអ្នកស៊ីឈ្នួលចោះរន្ធសន្ទះសង្ក្រាន
កុមារី វឿន ស្រីរីម ជាអ្នកស៊ីឈ្នួលចោះរន្ធសន្ទះសង្ក្រាន
ដ្បិតឆ្លើយឆ្លងនឹងខ្ញុំក៏ពិតមែន ក៏ប៉ុន្តែក្មេងស្រីដែលកាន់ផ្នែកចោះសន្ទះចង្ក្រានរូបនេះ មិនបានបង្អង់ដៃក្នុងការងារបស់ខ្លួនឡើយ៖«ខ្ញុំធ្វើការនេះមិនកំណត់ម៉ោងទេ ពេលទំនេរពីការសិក្សាខ្ញុំក៏មកធ្វើ»។
បើទោះបីជា ស្រីរីម ទើបតែមានអាយុ១៣ឆ្នាំ ប៉ុន្តែនាងមានក្ដីស្រមៃចង់ក្លាយជាគ្រូពេទ្យ ព្រោះនាងមិនចង់នៅធ្វើការដែលប្រើតែកម្លាំងបាយនោះ៖«ទៅអនាគតខ្ញុំចង់ធ្វើជាពេទ្យ។ ការងារនេះគ្រាន់តែជួយដោះទាល់មួយគ្រាតែប៉ុណ្ណោះ ម្យ៉ាងធ្វើការនៅឡក្ដៅហើយធ្វើការធ្ងន់ទៀត»៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com