ក្រៅពី​ដាំ​បន្លែ​សុវត្ថិភាព លោក ចាប វិបុល ចង់​ផ្ទេរ​ចំណេះធ្វើ​កសិកម្ម​ទំនើប​ដល់​កសិករ​ខ្មែរ​

05/06/2020 4:00 pm កំពង់ឆ្នាំង

​ភ្នំពេញ​៖ លោក ចាប វិបុល និង​សមាជិក​៣​នាក់ បាន​បង្កើត​កសិដ្ឋាន​មួយ ឈ្មោះថា​«​អេ​ដែន ហៃ​ដ្រូ​ផូ​និក​»​នៅ​ខេត្តកំពង់ឆ្នាំង​។ កសិដ្ឋាន​នេះ មាន​ដាំ​បន្លែ​ដែលមាន​គុណភាព​ល្អ​សម្រាប់​ផ្គត់ផ្គង់​នៅ​ទីផ្សារ និង​ធានា​សុវត្ថិភាព​អ្នកទទួល​ទាន​។ កសិដ្ឋាន​ដាំ​បន្លែ​លើទឹក (​ហៃ​ដ្រូ​ផូ​និក​) របស់​បុរស​វ័យ​២៩​ឆ្នាំ​រូបនេះ ទើបតែ​បង្កើតឡើង កាលពី​ខែកញ្ញា ឆ្នាំ​២០១៩​ប៉ុណ្ណោះ ប៉ុន្តែ​មានការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ និង​នៅ​ទីផ្សារ​មួយចំនួន​។ កសិករ​រូបនេះ មាន​គោលដៅ​ចម្បង​មិន​ត្រឹមតែ​ដាំ​បន្លែ​សុវត្ថិភាព ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​នោះទេ ប៉ុន្តែ​ក៏​ចង់ ជួយ​បង្រៀន​កសិករ​ខ្មែរ ឲ្យ​ចេះ​ពី​បច្ចេកទេស​កសិកម្ម​បែប​ទំនើប​។​



​បន្លែ​ប្រមាណ​១០​មុខ រួមមាន ស្ពៃ​តឿ ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ខាត់ណា និង​សាលាដ​ជាដើម​កំពុង​ប្រជែង​គ្នា​ដុះ​លូតលាស់ នៅលើ​បំពង់​ទុយោ​ដែល​មានទឹក​ហូរ​ជាប់ ក្រោម​តង់​ពណ៌​សបិទ​ជិត​។ ទីនេះ​គឺជា​ទិដ្ឋភាព​នៅក្នុង​កសិក​ដ្ឋា​ន​«​អេ​ដែន ហៃ​ដ្រូ​ផូ​និក​» របស់លោក ចាប វិបុល ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
 
បន្លែនៅ​ក្នុង​កសិដ្ឋាន​របស់​លោក ចាប វិបុល១ 

​លោក ចាប វិបុល វ័យ​២៩​ឆ្នាំ និង​មិត្តភក្តិ​៣​នាក់​ទៀត បាន​បង្កើត​កសិដ្ឋាន​នេះ នៅក្នុង​ខែកញ្ញា ឆ្នាំ​២០១៩​។ ជា​កូនច្បង ក្នុងចំណោម​បងប្អូន​៤​នាក់ ដើមឡើយ​អ្នក​កំពង់ឆ្នាំង​រូបនេះ គ្រាន់តែ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន និង​បន្ទាប់​មកជា​បុគ្គលិក​ធនាគារ នៅឯ​ស្រុកកំណើត​ប៉ុណ្ណោះ​។ តែ​នៅក្នុង​ឆ្នាំ​២០១៧ លោក វិបុល ដែល​បានបញ្ចប់​ការសិក្សា​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម មានឱកាស​ចុះ​កម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល លើ​ផ្នែក​បច្ចេកទេស​កសិកម្ម​បែប​ទំនើប រយៈពេល​១​ឆ្នាំ ដែល​ខុសពី​ជំនាញ​សិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ​។​
 
​ក្រោយ​ត្រឡប់មក​កម្ពុជា​វិញ លោក វិបុល ក៏​ត្រូវបាន​សាកលវិទ្យាល័យ ជ្រើស​ជា​ប្រធាន​ក្រុម​ដឹកនាំ​និស្សិត ចុះ​កម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​ម្ដងទៀត ហើយ​នេះ​ក៏​ជា​ឱកាស​ថ្មី សម្រាប់​លោក វិបុល ដែល​អាច​សិក្សា​បន្ថែម​ផងដែរ​។ បេសកកម្ម​នេះ​បញ្ចប់ នៅ​ខែកក្កដា ឆ្នាំ​២០១៩​។​

 
​លោក ចាប វិបុល បង្កើត​កសិដ្ឋាន​ដាំ​បន្លែ​ទំនើប និង​មាន​សុ​វ​តិ្ថ​ភាព ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​
 
​មាន​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម ប៉ុន្តែ​ការចុះ​កម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​ទាំង​២​លើក​នេះ​បានធ្វើ​ឲ្យ ចាប វិបុល ផុង​ចិត្ត​ស្រឡាញ់​ផ្នែក​កសិកម្ម​នេះ ដកចិត្ត​មិន​រួច​ទៅវិញ​។ ផ្តើម​ពី​សេចក្តីស្រឡាញ់​ដែល​កាន់តែ​ជ្រាលជ្រៅ​ឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នោះ លោក ចាប វិបុល បានសម្រេច​ចិត្ត​ចំណាយ​ទុន​ដល់​ទៅ​ប្រមាណ ២ ម៉ឺន​ដុល្លារ​អាមេរិក បង្កើត​កសិដ្ឋាន​ទំហំ​១២​ម៉ែត្រ គុណ​នឹង​២៧​ម៉ែត្រ ដាំ​បន្លែ​លើទឹក ឈ្មោះថា «​អេ​ដែន ហៃ​ដ្រូ​ផូ​និក​»​។​


លោក ចាប វិបុល និង​និស្សិតនៅ​ប្រទេស​អ៊ីស្រាអែល១

​លោក ចាប វិបុល ពន្យល់​មូលហេតុ​បង្កើត​កសិដ្ឋាន​ដាំ​បន្លែ​ទំនើប​នេះ​ប្រាប់​សារព័ត៌មាន ThmeyThmey25​ថា​៖«​ខ្ញុំ​ឃើញ​ចំណុច​ខ្វះខាត​ក្នុង​ការផលិត​អាហារ ផលិត​បន្លែ​ប្រចាំឆ្នាំ​របស់​ប្រជាកសិករ គឺ​នៅមានកម្រិត​។ ខែ​ភ្លៀង ខែ​ក្ដៅ​ខ្លាំង គាត់​មិនអាច​ផលិត​បាន អញ្ចឹង​ហើយ​ទើប​ខ្ញុំ​សម្រេចចិត្ត ប្រើ​បច្ចេកទេស​ពី​ប្រទេស​អ៊ីស្រាអែល ដើម្បី​ផលិត​បន្លែ​បាន​មួយឆ្នាំ​ពេញ គឺ​ពី​ខែមករា ដល់​ខែធ្នូ​។ ម្យ៉ាង​ខ្ញុំ​មើលឃើញថា   បន្លែ ឬ​អាហារ​ដែល​ប្រជាពលរដ្ឋ​បរិភោគ​រាល់ថ្ងៃ ប្រឈម​នឹង​សារធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​សុខភាព​ច្រើន​»​។​
 
​បើតាម​លោក វិបុល ត្រឹម​រយៈពេល​តែ​៣​ខែ​ប៉ុណ្ណោះ ផល​បន្លែ​ដែល​ដាំ​ដុះ​នៅ​កសិដ្ឋាន​«​អេ​ដែន ហៃ​ដ្រូ​ផូ​និក​»​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ភោជនីយដ្ឋាន អង្គការ និង​បណ្តា​ផ្សារ​មួយចំនួន​នៅ​ខេត្តកំពង់ឆ្នាំង និង​ភ្នំពេញ បាន​ស្គាល់ ហើយ​បញ្ជា​ទិញ​ជាប្រចាំ​។ ទោះបី​បន្លែ​ហៃ​ដ្រូ​ផូ​និក​មានតម្លៃ​ថ្លៃ ប៉ុន្តែ​ប្រជាពលរដ្ឋ​អាច​ទទួលយកបាន​នូវ​តម្លៃ​បន្លែ​ក្នុង​កសិដ្ឋាន​លោក វិបុល ដែល​បន្តថា ក្នុង​១​ខែ លោក អាច​លក់​បន្លែ​សុវត្ថិភាព​ទាំងនេះ បាន​ជិត ១​ពាន់​ដុល្លារ​។​
  
 
​មិន​ត្រឹមតែ​ចេះ​ដាំ​បន្លែ​ទំនើប​នោះទេ លោក ចាប វិបុល ក៏​ចេះដឹង​ពី​ការ​ចិញ្ចឹមសត្វ​ដែរ អំឡុងពេល​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​។ ដោយ​មិន​ចង់​ទុកចោល​ចំណេះដឹង​នេះ លោក ចាប វិបុល ក៏​ចង់​បើក​កសិដ្ឋាន​ចិញ្ចឹមសត្វ​បន្ថែមទៀត​ដែរ​។ លោក ចាប វិបុល បន្ថែម​ទាំង​រីករាយ​ថា​៖«​គម្រោង​របស់ខ្ញុំ នឹង​ពង្រីក​បន្លែ​បន្ថែមទៀត ដោយមាន​ការផ្គត់ផ្គង់​គ្រប់​រាជធានី​ខេត្ត ជាពិសេស ប្រសិនបើ​ខាង​ធនាគារ​គាំទ្រ​ទុនវិនិយោគ​ទៀត ខ្ញុំ​នឹង​ពង្រីក​ការចិញ្ចឹម​ត្រី ចិញ្ចឹម​មាន់ និង​បង្កង​»​។​
 
​លោក ចាប វិបុល  ចង់​បង្រៀន​កសិករ​ចេះ​ដាំ​បន្លែ​ដែលមាន​គុណភាព និង​សុវត្ថិភាព​
 
​ផលិត​បន្លែ​ដែលមាន​គុណភាព និង​សុវត្ថិភាព​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ គឺជា​គោលដៅ​មួយ​របស់លោក ចាប វិបុល​។ គោលដៅ​ធំ​មួយទៀត​របស់ កសិករ​វ័យ​២៩​ឆ្នាំ​រូបនេះ គឺ​ចង់​ផ្ទេរ​ចំណេះដឹង​ដាំ​បន្លែ​បែប​ទំនើប ទៅដល់​កសិករ​ខ្មែរ​។ កសិករ ចាប វិបុល បញ្ជាក់​៖«​គោលដៅ​របស់ខ្ញុំ​មាន​ពីរ គឺ​ចង់​ឲ្យ​ប្រជាជន​ខ្មែរ ទទួលបាន​បន្លែ​ដែលមាន​សុវត្ថិភាព​បរិភោគ​។ ហើយ​គោលដៅ​ធំ ខ្ញុំ​ចង់​បង្រៀន​កសិករ មិន​ថា​នៅ​កំពង់ឆ្នាំង​ទេ គឺ​ទូទាំងប្រទេស ឲ្យ​ដឹង​ពី​បច្ចេកទេស​ដាំ ថែទាំ និង​ប្រមូល​ផល​។ ជាពិសេស ចង់​ចែករំលែក​ចំណេះដឹង​ខ្ញុំ​ពី​ប្រទេស​អ៊ីស្រាអែល ទៅកាន់​ប្រជាជន​ខ្មែរ​។ ខ្ញុំ​នឹង​ចុះទៅ​ភូមិ​ផ្ទាល់ ដោយ​ជ្រើសរើស​កសិករ​ក្នុង​មួយ​ភូមិ​ពីរ​គ្រួសារ ហើយ​បង្រៀន​ពួកគាត់ និង​ប្រមូល​ទិញ​បន្លែ រួមទាំង​រក​ទីផ្សារ​ឲ្យ​កសិករ​ផងដែរ​។ នេះ​ជា​គោលដៅ​ធំ​របស់ខ្ញុំ​»​។​

បើតាម​លោក វិបុល បច្ចុប្បន្ន​មាន​អ្នកពាក់ព័ន្ធ​ជាច្រើន តាំងពី​សាកលវិទ្យាល័យ​, ប្រជាកសិករ​, អង្គការ និង​ក្រុមហ៊ុន​ឯកជន​ផង មានបំណង​ឲ្យ​លោក ជួយ​សហការ ផ្ដល់​បច្ចេកទេស ចំណេះដឹង​កសិកម្ម​ជាដើម ក្រោយ​គេ​បានដឹងថា​ខ្លួន ដាំ​បន្លែ​បាន​ជោគជ័យ​ក្នុង​រយៈពេល​ខ្លី​នោះ​។ «​ប្រជាពលរដ្ឋ ឬ​កសិករ ដែល​ស្រឡាញ់ និង​ចង់​ចេះ​ពី​របៀប​ដាំ​ដុះ​កសិកម្ម​បែប​ទំនើប​នេះ ខ្ញុំ​នឹង​បង្រៀន​ដោយ​ឥតគិតថ្លៃ​»​។ នេះ​ជាការ​ថ្លែង​របស់លោក ចាប វិបុល​៕
 

ព័ត៌មានទាក់ទង