កសិករ​ដាំ​ស្ពៃជើងទា នៅ​ស្រុក​រតនមណ្ឌល អំពាវនាវ​ឲ្យ​ក្រសួង​ជួយរក​ទីផ្សារ ដោយសារ​គ្មាន​អ្នកទិញ​

30/11/-0001 12:00 am បាត់ដំបង

​ភ្នំពេញ​៖ កសិករ​ដាំ​ស្ពៃជើងទា​នៅ​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង អំពាវនាវ​ឲ្យ​ស្ថាប័នពាក់ព័ន្ធ ជួយ​ដោះស្រាយ​និង​រក​ទីផ្សារ​សម្រាប់​ពួកគេ ខណៈ​ស្ពៃ​ជាច្រើន​តោន​កំពុង​ប្រឈមមុខ​នឹង​ការខូចខាត ដោយសារ​គ្មាន​អ្នកបញ្ជា​ទិញ​។ ស្ពៃ​ជាង​១០០​តោន របស់លោក អ៊ឹម សុ​ភ័​ក្រ និង​លោក ជួប តុលា ប្រឈម​នឹង​ការ​ភ្ជូ​រ​ចោល​។
 
​លោក អ៊ឹម សុ​ភ័​ក្រ ជា​កសិករ​ដាំ​បន្លែ​នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ដែល​កំពុង​ដាំ​ដុះ​បន្លែ​ជាច្រើន​មុខ​ដូចជា ស្ពៃ ស្លឹក​ខ្ទឹម និង​ត្រប់​ជាដើម​នោះ បាន​អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ ជួយ​រក​ដំណោះស្រាយ​ទីផ្សារ​សម្រាប់​ដំណាំ​ខ្លួន ។ កសិករ​វ័យ​៤០​ឆ្នាំ ដែល​ដាំ​ស្ពៃជើងទា លើដី​២​ហិកតា​អះអាងថា ជា​រៀងរាល់ឆ្នាំ​នៅ​អំឡុង​ចុងខែ​វិច្ឆិកា និង​ធ្នូ ស្ពៃជើងទា មានតម្លៃ​១៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​ឆ្នាំនេះ តម្លៃ​ធ្លាក់​ទាប​ដល់​៣០០​ទៅ​៥០០​រៀល ។​ហើយ​បច្ចុប្បន្ននេះ ស្ពៃ​របស់លោក គ្មាន​អ្នកបញ្ជា​ទិញ​នោះទេ​។ បើតាម​លោក សុ​ភ័​ក្រ ស្ពៃ​ប្រមាណ​៥០​តោន​របស់លោក កំពុង​ប្រឈម​នឹង​ការ​រលួយ​និង​ភ្ជួ​ចោល​។​


ចម្ការស្ពៃរបស់លោក សុភ័ក្រ។ (រូបភាពពីទំព័រហ្វេសប៊ុករបស់លោក សុភ័ក្រ)
 
«​ខ្ញុំ​សុំ​ឲ្យ​មន្ទីរ​ឬ​ក្រសួងកសិកម្ម ជួយ​ដោះស្រាយ​បញ្ហា​គ្មាន​ទី​ផ្សាយ តម្លៃ​ទាប ចំពោះ​បន្លែ ជាពិសេស​ស្ពៃ ដែល​គ្មាន​ទីផ្សារ​របស់ខ្ញុំ​។ ប្រសិន​គ្មាន​អ្នកទិញ មិនមែន​តែ​ស្ពៃ​ខ្ញុំ​ទេ ស្ពៃ​បន្តបន្ទាប់​ក្នុងស្រុក​ប្រមាណ​៥០​គ្រួសារ​ផ្សេងទៀត នឹង​ខាត ហើយ​អាច​នឹងត្រូវ​ភ្ជួរ​ចោល​ដែរ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក សុ​ភ័​ក្រ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥ តាម​ទូរស័ព្ទ​។ 
 
​ចំណែក​លោក ជួប តុលា ដែល​ដាំ​ស្ពៃជើងទា​លើ​ផ្ទៃ​២​ហិកតា​ដូច​លោក សុ​ភ័​ក្រ បាន​សង្កត់ធ្ងន់ថា រូបលោក​និង​អ្នកស្រុក​ឯទៀត គ្មាន​កម្លាំង​និង​ទឹកចិត្ត​ដាំ​ទៀត​នោះទេ ខណៈដែល​ដំណាំ​ដាំ​បានល្អ​ហើយ ប៉ុន្តែ​គ្មាន​អ្នកទិញ​បែបនេះ​។ 
 
«​ខ្ញុំ​មិនដឹង​ដោះស្រាយ​យ៉ាង​នោះទេ បើ​ឈ្មួញ​បន្លែ​ធំ​នៅ​ផ្សារ​មិន​ទិញ ហើយ​ស្ពៃ​ជាង​៥០​តោន​នេះ លក់​ក្នុងភូមិ​តិចតួច​ណាស់ ។ ដូច្នេះ​មានតែ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ទីផ្សារ​បន្លែ​ផង ប្រជាជន​ដាំ​ហើយ​ទទួលបាន​ផល​ល្អ​ហើយ តែបើ​គ្មាន​អ្នកទិញ គឺ​ត្រូវ​ទុកចោល​ឬ​ភ្ជួរ​ចោល​។ អ៊ីចឹង​ខ្ញុំ​និង​អ្នក​ផ្សេងទៀត មានតែ​លែង​ដាំ​បើ​ជួប​បញ្ហា​បែបនេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​កសិក​រវ័យ​៣៥​ឆ្នាំ លោក ជួប តុលា​។ 
 
​កសិករ​ទាំងពីរ​នាក់ សុទ្ធតែ​អះអាងថា ស្ពៃ​របស់​ពួកគាត់ អាច​លក់បាន​តិចតួច​បំផុត ឲ្យ​ទៅ​អ្នកជិតខាង​ក្នុងភូមិ ឃុំ សម្រាប់ធ្វើ​ជ្រក់​ប៉ុណ្ណោះ​។ បើតាម​កសិករ​ទាំងពី​រ ប្រសិនបើ​ស្ថានភាព​បែបនេះ នៅតែ​បន្ត​៣​ទៅ​៤​ថ្ងៃ​ទៀត ស្ពៃ​ជាង​១០០​តោន​របស់​ពួកគាត់ នឹងត្រូវ​រលួយ​ឬ​ភ្ជួរ​ចោល ដោយ​ពួកគេ​ម្នាក់ៗ​ប្រឈម​ការខាតបង់​ជាង​៣​ពាន់​ដុល្លារ សម្រាប់​ដំណាំ​ស្ពៃ​លើ​ផ្ទៃដី​២​ហិកតា​នេះ​។ 


លោក ជួប តុលា (រូបភាពពីលោក តុលា)
 
​លោកស្រី ចាន់ វណ្ណ​ន័យ ហៅ​ចំនូ ដែលជា​ឈ្មួញកណ្ដាល ចាំ​ទិញ​បន្លែ​ពី​លោក សុ​ភ័​ក្រ និង​ជា​អ្នកទិញ​លក់​បន្លែ​ប្រមាណ​១០​ឆ្នាំ​នៅ​ផ្សា​រភូ​ពុ​យ ខេត្តបាត់ដំបង បាន​និយាយថា ឆ្នាំនេះ​តម្លៃ​ស្ពែ​ជើង​ទា ធ្លាក់ចុះ​ទាប ហើយ​គ្មាន​អ្នកបញ្ជា​ទិញ​បន្ត​ទៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ដូច​ឆ្នាំមុន​ឡើយ​។ អ្នកស្រី វណ្ណ​ន័យ អះអាងថា​៖ «​ជាទូទៅ​តម្លៃ​ស្ពៃ​ចាប់​១៥០០​ឡើង នៅ​អំឡុង​ខែតុលា​ដល់ ធ្នូ ហើយ​តម្លៃ​ធ្លាក់ចុះ​នៅ​អំឡុង​ខែមករា​។ តម្លៃ​ស្ពៃជើងទា សព្វថ្ងៃ​ខ្ញុំ​ទិញ​ចូល​៥០០​រៀល ហើយ​លក់​ចេញ​៦០០​ទៅ​៧០០​រៀល​។ តែ​ឥឡូវ​ទាល់​តែមាន​អ្នកបញ្ជា​ទិញ​ពី​ខ្ញុំ បាន​ខ្ញុំ​ទិញ​បន្ត​ពី​អ្នក​ដាំ​។ ហើយ​ឈ្មួញ​ដែល​ទិញ​បន្ត​ពី​ខ្ញុំ នៅ​បណ្ដា​ខេត្ត​នានា មិន​បញ្ជា​ទិញ​ទេ​។ ហើយ​ជាក់ស្ដែង​(​បច្ចុប្បន្ន​)​លក់​បោះ​ដុំ​ប្រចាំថ្ងៃ មិន​ថា ស្ពៃ ត្រសក់ ត្រឡាច ខ្ញុំ​លក់​មិនសូវ​ដាច់​ទេ គឺ​បានតែ​លក់រាយ​តិចៗ​ប៉ុណ្ណោះ​»​។ 
 
​ការធ្លាក់ចុះ​តម្លៃ​បន្លែ ហើយ​គ្មាន​អ្នកទិញ​នេះ ដោយសារ​ពលរដ្ឋ​ដាំ​ច្រើន​គ្នា​និង​ប្រមូល​តំណាលគ្នា​នៅ​គ្រប់កន្លែង ទើប​អ្នក​នៅ​បណ្ដា​ខេត្ត​ផ្សេងៗ​មិន​បញ្ជា​ទិញ​។ ជាមួយគ្នា​ដែរ ការ​នាំចូល​បន្លែ​ពី​ក្រៅប្រទេស​ច្រើន និង​សេដ្ឋកិច្ច​គ្រួសារ​ផងដែរ​។ នេះ​បើតាម​ការយល់ឃើញ​រប​ស់​អ្នកស្រី វណ្ណ​ន័យ ដែលជា​ឈ្មួញ​ទិញ​បន្លែ​លក់​ជាង​១០​ឆ្នាំ​មកនេះ​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក អ៊ិន សុវណ្ណ​មុន្នី អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បាន​និយាយថា ដំណោះស្រាយ​ប្រជាកសិករ​នោះ គឺ​ពួកគេ​ត្រូវ​ចេះ​រៀបចំ​ផែនការ​ក្នុង​ការដាំដុះ​និង​ការប្រមូល​ផល រួមទាំង​ការ​ប៉ាន​ប្រមាណ​តម្រូវការ​ទីផ្សារ​។ លោក សុវណ្ណ​មុន្នី បាន​បញ្ជាក់ថា ខាង​មន្ទីរ​កសិកម្ម​រួមទាំង​មន្ទីរ​ពាណិជ្ជកម្ម បាន​ជំរុញ​ឲ្យ​កសិករ និង​អ្នកទិញ​កសិកម្ម​តាមបែប​កិច្ចសន្យា​នោះ (Contract Farming) ព្រមព្រៀងគ្នា ពាក់ព័ន្ធ​នឹង​បរិមាណ​ផ្គត់ផ្គង់ គុណភាព​កសិផល ថ្លៃ​កសិផល ពេលវេលា​ទិញ​និង​លក់​។ ការធ្វើ​បែបនេះ នឹង​ជួយ​ឲ្យ​កសិករ​មិន​ព្រួយបារម្ភ​ពី​តម្លៃ​ទីផ្សារ​។ 


លោក សុភ័ក្រ នៅចម្ការស្ពៃរបស់លោក។
 
​ទន្ទឹមនឹងនេះ លោក បន្ថែមថា ក្រសួងពាណិជ្ជកម្ម​ក៏មាន​គម្រោង «​អេ​ម​» (AIMS) សម្រាប់​ភ្ជាប់​ទំនាក់ទំនង​អ្នក​ផលិត និង​អ្នកទិញ​ជាមួយ​ទីផ្សារ​ទាំងអស់ ដោយ​ផ្តោតលើ ដំឡូង​មី មាន់​ស្រែ បន្លែ​ជាដើម​។ 
 
​ចំពោះ​ករណី​ដល់ពេល​ប្រមូល​ផល ប្រជាកសិករ​ជួបនឹង​បញ្ហា​តម្លៃ​ធ្លាក់ចុះ​នេះ ពួកគេ​អាច​ស្នើ​ទៅខាង​មន្ទីរ​កសិកម្ម មន្ទីរ​អភិវឌ្ឍន៍ជនបទ និង​ពាណិជ្ជកម្ម ដើម្បី​ទទួល​ដំណោះស្រាយ​សម​ស្រម​ណាមួយ សម្រាប់​រក្សា​បន្លែ​ទុក​ឲ្យ​បាន​យូរថ្ងៃ​ដូច​ដាក់​ក្នុង​ទូ​ត្រជាក់ និង​វិធី​កែច្នៃ​ជា​ជ្រក់​ជាដើម​។ នេះ​ជាការ​លើកឡើង​បន្ថែម​របស់​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង ដែល​បន្ថែមថា លោក​មិនទាន់​ទទួលបាន​សំណើសុំ​ជួយ​ដោះស្រាយ​បញ្ហា​តម្លៃ​ស្ពៃ​ធ្លាក់ចុះ​នេះ ពី​ពលរដ្ឋ​នៅឡើយ​ទេ​។ 
 
​លោក សុវណ្ណ​មុន្នី បាន​និយាយថា​៖«​ខ្ញុំ​អត់​ទាន់​ដឹង​ព័ត៌មាន​ស្ពៃ​ធ្លាក់​ទេ​។ ប៉ុន្តែ​យើង​អាចជួយ​ក្នុងការ​ទំនាក់ទំនង និង​បណ្ដុះបណ្ដាល​ឲ្យ​ផលិត​បន្លែ​មានគុណ​ភាព​។ យើង​មាន​ការជួយ​ជាឃ្លាំង​ត្រជាក់​ក្នុង​ទុក​បន្លែ ដែល​រក្សាបាន​ជាង​១​អាទិត្យ ហើយ​ប្រសិន​ពួកគាត់​ចង់បាន យើង​មាន​កម្មវិធី​គម្រោង អេ​ម សម្រាប់​ជួយ​លើ​ក្របខ័ណ្ឌ​សហគមន៍​។ មួយទៀត គឺ​យើង​មាន​វិធី​បង្រៀន​ឲ្យ​ពួកគាត់​កែច្នៃ ធ្វើ​ជ្រក់​ជាដើម​។ ពួកគាត់​អាច​ស្នើ​មក​ខាង​មន្ទីរ​កសិកម្ម​ដើម្បី​ឲ្យ​ជួយ​លើ​រឿងនេះ ប្រសិនបើ​ពួក​ត្រូវ ហើយ​ប្រាប់​តម្រូវ​ដែល​ចង់បាន​ខាងលើនេះ​»​។​
 
​ចំណែក​លោក យ៉ង់ សាំង​កុមារ ជា​បណ្ឌិត​ផ្នែក​កសិកម្ម និង លោក សុវណ្ណ​មុន្នី ក៏បាន​មើលឃើញ​ពី​មូលហេតុ​ដូចគ្នា​ដែរ​ថា ការធ្លាក់ចុះ​នៃ​តម្លៃ​បន្លែ គឺ​ការខ្វះ​ការសហការ​គ្នា ក្នុង​ការដាំ​និង​ប្រមូល​ផល ទើប​បណ្ដាល​ឲ្យ​តម្លៃ​ធ្លាក់ចុះ និង​បញ្ហា​នាំចូល​បន្លែ​ពី​ក្រៅប្រទេស​។​
 
​ទន្ទឹមនឹងនេះ លោក យ៉ង់ សាំង​កុមារ សង្កត់ធ្ងន់ថា នៅតាម​សហគមន៍ គឺ​ខ្លះ​អ្នកដឹកនាំ ក្នុងការ​ទំនាក់ទំនង​គ្នា ហើយ​មន្ទីរ​កសិកម្ម​និង​ស្ថាប័ន​ពាក់​ពន្ធ​មាន​តួនាទី​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​។ បើតាម​អ្នកជំនាញ​កសិកម្ម​រូបនេះ មន្ទីរ​កសិកម្ម​និង​ពាណិជ្ជកម្ម គួរតែ​សហការគ្នា​ជួយ​បញ្ចេញ​បន្លែ​ដែល​សម្បូរ​ទៅកាន់​បណ្ដា​ខេត្ត​ដែល​មិនសូវ​សម្បូរ ដើម្បី​បញ្ចៀស​ក្នុងការ​ធ្លាក់​នៃ​តម្លៃ​បន្លែ​។ «​ចំពោះ​តម្លៃ​ចុះ​ទាប​មិន​រួច​តម្លៃ​ដើម​នៃ​ដាំ​ដុះ​នេះ នឹង​ប៉ះពាល់​ដល់​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាកសិករ​ដែល​ដាំ​បន្លែ រួមទាំង​ទឹកចិត្ត​របស់​កសិក​រដែ​ល​ខិតខំ​ក្នុង​ការដាំដុះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក យ៉ង់ សាំង​កុមារ ដែល​ជំរុញ​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​យកចិត្តទុកដាក់​លើ​បញ្ហា​កសិករ​បន្ថែម ដើម្បី​ទប់ស្កាត់​កុំ​បញ្ហា​កង្វះ​ទីផ្សារ​កសិកម្ម​កើតឡើង​៕ 

ព័ត៌មានទាក់ទង