«ទឹកធ្លាក់អូរយ៉ាណាយ», សក្ដានុពលទេសចរណ៍ថ្មី នៅស្រុកអណ្ដូងមាស ខេត្តរតនគិរី
ភ្នំពេញ៖ ទឹកធ្លាក់អូរយ៉ាណាយ ជាតំបន់ទេសចរណ៍សក្តានុពលថ្មី ដែលលាក់ខ្លួន ក្នុងភូមិកាហល់ ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី មានចម្ងាយ៥៥គីឡូម៉ែត្រពីទីរួមខេត្ត។ លោក ធី ចាន់ដាលីន អនុប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បញ្ជាក់ប្រាប់ ThmeyThmey 25 តាមទូរសព្ទថា៖ «ទឹកធ្លាក់អូរយ៉ាណាយនេះ ជាតំបន់សក្ដានុពលថ្មី ដែលមន្ទីរទេសចរណ៍ខេត្តរតនគិរី គ្រោងនឹងរៀបចំចងក្រងទៅជារមណីយដ្ឋាននៅឆ្នាំ២០២០ខាងមុខនេះ»។
ទឹកធ្លាក់អូរយ៉ាណាយ ដែលស្ថិតនៅក្នុងស្រុកអណ្ដូងមាសនេះ មិនសូវមានភ្ញៀវទេសចរស្គាល់ និងទៅកម្សាន្តនោះទេ មានតែពលរដ្ឋនៅក្នុងស្រុកអណ្ដូងមាសប៉ុណ្ណោះដែលស្គាល់ និងទៅកម្សាន្តជាប្រចាំនៅពេលបុណ្យទាន។ លោក ធី ចាន់ដាលីន អនុប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ប្រាប់ឲ្យដឹងថា៖ «ទឹកធ្លាក់អូរយ៉ាណាយនេះ មានពីយូរហើយ។ ពីមុនមិនមានផ្លូវតភ្ជាប់ទើបធ្វើឲ្យប្រជាពលរដ្ឋ ឬភ្ញៀវទេសចរមិនសូវស្គាល់»។
អនុប្រធានមន្ទីរទេសចរណ៍រូបនេះ បន្តថា បច្ចុប្បន្នផ្លូវទៅកាន់ទឹកធ្លាក់អូរយ៉ាណាយ ត្រូវបានស្ថាបនា និងងាយស្រួលក្នុងការធ្វើដំណើរអាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តនៅខេត្តរតនគិរីទៅលេងនៅទីនោះបាន។ បើតាមអនុប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីរូបនេះ ក្នុងតំបន់ទឹកធ្លាក់អូរយ៉ាណាយនេះ មានទឹកអូរដ៏ត្រជាក់ អមដោយព្រៃព្រឹក្សា និងបក្សាបក្សីជាច្រើននៅទីនោះ។
រូបភាពពីមន្ទីរទេសចរណ៍ខេត្តរតនគិរី
រូបភាពពីមន្ទីរទេសចរណ៍ខេត្តរតនគិរី
លោក ធី ចាន់ដាលីន បញ្ជាក់ថា ក្រោយចុះសិក្សាពីតំបន់ទេសចរណ៍នៅស្រុកអណ្ដូងមាស មន្ទីរទេសចរណ៍ខេត្តរតនគិរី នឹងរៀបចំតំបន់នេះ និងតំបន់មួយចំនួនក្នុងស្រុកអណ្ដូងមាសទៅជារមណីយដ្ឋាន។ ក្រៅពីទឹកធ្លាក់អូរយ៉ាណាយ ស្រុកអណ្ដូងមាស មានតំបន់ទេសចរណ៍សក្ដានុពលជាច្រើនដូចជា អូរចាល ឆ្នេរទន្លេសេសាន កោះ និងតំបន់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ដែលមានទីតាំងមិនឆ្ងាយពីគ្នានោះទេ។
លោក ធី ចាន់ដាលីន អះអាងថា តំបន់ទេសចរណ៍ទាំងនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកអណ្ដូងមាស មានចំណូលជួយជីវភាព តាមរយៈការទៅកម្សាន្តរបស់ភ្ញៀវទេសចរ។ អនុប្រធានមន្ទីរទេសចរណ៍ អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅខេត្តរតនគិរី ជាពិសេសតំបន់សក្តានុពលទឹកធ្លាក់អូរយ៉ាណាយនេះ។
ដើម្បីឲ្យតំបន់ទេសចរណ៍សក្ដានុពលថ្មីនេះ មានសម្រស់ស្រស់ និងមិនរំខានដោយកាកសំណល់ មន្ទីរទេសចរណ៍ខេត្តរតនគិរី នឹងរៀបចំធុងសំរាម និងឲ្យភ្ញៀវទេសចរទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ អនុប្រធានមន្ទីរទេសចរណ៍រូបនេះ សំណូមពរដល់ភ្ញៀវទេសចរដែលមកកម្សាន្តរក្សាអនាម័យ និងបរិស្ថានក្នុងតំបន់ទេសចរណ៍មួយនេះផងដែរ៕
រូបភាពពីមន្ទីរទេសចរណ៍ខេត្តរតនគិរី៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com