សិស្ស​វិទ្យាល័យ​នៅ​ភ្នំពេញ និង​ខេត្តបាត់ដំបង​៩​រូប យក​ភាពយន្ត​ខ្លី ៣​រឿង ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ជប៉ុន​

30/11/-0001 12:00 am បាត់ដំបង

​ភ្នំពេញ​៖ សិស្ស​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ ចំនួន ៣​រូប និង​សិស្ស​វិទ្យាល័យ​មកពី​វិទ្យាល័យ​ព្រះមុនីវង្ស ខេត្តបាត់ដំបង រួម​នឹង​អ្នកដឹកនាំ ១​រូប បាន​យក​ភាពយន្ត​ខ្លី​ចំនួន ៣​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី ដែល​រៀបចំ​នៅ​ថ្ងៃទី​៧ ធ្នូ​ខាងមុខនេះ​។ សិស្ស​វិទ្យាល័យ និង​គ្រូដឹកនាំ នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​រយៈពេល ៩​ថ្ងៃ ចាប់ពី​ថ្ងៃទី​១-៩ ធ្នូ​។

​តាមរយៈ​ការអញ្ជើញ​របស់​ក្រសួងការបរទេស​ជប៉ុន សិស្ស​វិទ្យាល័យ​របស់​កម្ពុជា​ចំនួន​៩​រូប និង​អ្នកដឹកនាំ​១​រូប បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី​១-៩ ខែធ្នូ ក្រោម​កម្មវិធី​ផ្លាស់ប្តូរ​សិស្ស និស្សិត និង​យុវជន​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​ដែល​ហៅ​កាត់​ថា JENESYS 2019​។ សិស្ស​វិទ្យាល័យ​ទាំងនេះ ជា​អ្នក​ដែល​បានទទួល​ជ័យលាភី ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​កម្ពុជា​សម្រាប់​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី ដែល​រៀបចំ​កាលពី​ថ្ងៃទី​១៦ ខែកញ្ញា​។ 
 
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា សិស្ស​វិទ្យាល័យ​ទាំងនោះ មាន​៣​រូប ជា​សិស្ស​នៅ​រាជធានី​ភ្នំពេញ និង​៦​រូប​ទៀត រួមទាំង​អ្នកដឹកនាំ​ម្នាក់ មកពី​វិទ្យាល័យ​ព្រះមុនីវង្ស ខេត្តបាត់ដំបង​។ ភាពយន្ត​ខ្លី​ចំនួន​៣​រឿង ផលិត​ដោយ​សិស្ស​វិទ្យាល័យ​ទាំងនេះ ត្រូវបាន​យកទៅ​ប្រកួត​បន្ត នៅក្នុង​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​(​វគ្គ​ផ្តាច់ព្រ័ត្រ​) នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​៧ ខែធ្នូ នៅ​មិណា​មិ អាវ៉ា​ជិ ខេត្ត​ហ្យូ​ហ្គុ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​នេះ សិស្សានុសិស្ស​ទាំង​៩​រូប នឹងមាន​ឱកាស​ចូលរួម​ដំណើរ​ក​ម្សា​សន្ត​ជុំវិញ​ទីក្រុង ព្រមទាំង​កម្មវិធី​ផ្លាស់ប្តូរ​រវាង​សាលា និង​សាលា​ផងដែរ​។ សូមបញ្ជាក់ថា កម្មវិធី JENESYS 2019 មាន​គោលបំណង​ជំរុញ​ការយល់ដឹង និង​ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក​ក្នុងចំណោម​ប្រជាជន​ជប៉ុន និង​បណ្តា​ប្រទេស​ចូលរួម  និង​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ និង​ចំណងមិត្តភាព​នាពេល​អនាគត​។  តាមរយៈ​កម្មវិធី​នេះ ក្រសួងការបរទេស​ជ​ប៉ុន​បាន​អញ្ជើញ​យុវជន​កម្ពុជា​ចំនួន​ជាង​២១០០​នាក់​ហើយ តាំងពី​ឆ្នាំ​២០០៧​មក​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​៕

ព័ត៌មានទាក់ទង