កម្ពុជា នឹង​ជួប​គ្រោះរាំងស្ងួត​ខ្លាំង រហូតដល់​ខែមករា ឆ្នាំ​២០២០

30/11/-0001 12:00 am ព្រះវិហារ

​ភ្នំពេញ​៖  កម្ពុជា កំពុង​ទទួលរង​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​ខ្លាំង រហូតដល់​ខែមករា ឆ្នាំ​២០២០​។  គ្រោះរាំងស្ងួត​នេះ​នឹង​ប៉ះពាល់​ដល់​ផលិតផល​កសិកម្ម និង​អាច​ប្រឈម​ការខ្វះខាត​ទឹក​ប្រើប្រាស់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​(MRC) នៅ​ថ្ងៃទី​១៩ វិច្ឆិកា ឆ្នាំ​២០១៩​។​

​បើតាម​ការវិភាគ​ទិន្នន័យបឋម​របស់​គណៈ​កម្ម​ការ​ទន្លេមេគង្គ គ្រោះរាំងស្ងួត​នេះ​បណ្តាលមកពី​បរិមាណ​ទឹកភ្លៀង​មិន​គ្រប់គ្រាន់​ក្នុងអំឡុង​រដូវវស្សា ដោយសារ​ការធ្លាក់​ភ្លៀង​មូសុង​យឺត ហើយ​ភ្លៀង​ឈប់​ធ្លាក់​មុនពេល​កំណត់ ស្របពេល​បាតុភាព អែល នី​ណូ​(El Nino) បាន​បង្កឱ្យមាន​កម្តៅ និង​រំហួត​ខ្ពស់​ខុស​ប្រក្រតី​។ ការវិភាគ​ដដែល​បាន​បង្ហាញថា ក្នុងអំឡុង​សប្តាហ៍​ទី​៣ និង​ទី​៤ នៃ​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩ ខេត្ត​ឧ​ត្ត​រ​មានជ័យ  ព្រះវិហារ និង​សៀមរាប  នឹងរង​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត​នេះ​។ គណៈកម្មការ​ទន្លេមេគង្គ បាន​ព្យាករណ៍​ដូច្នេះ​ថា​៖«​គ្រោះរាំងស្ងួត​នេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៩ ដល់​ខែមករា ឆ្នាំ​២០២០ ព្រោះ​មាន​ភ្លៀង​ធា្ល​ក់​តិចតួច ឬ​គ្មាន​ភ្លៀង​សោះ​»​។ 

​ក្រៅពី​កម្ពុជា​ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត​ខ្លាំង​បែបនេះ បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ រួមមាន​ប្រទេស​ថៃ  ឡាវ និង​វៀតណាម ក៏​ជួបប្រទះ​នូវ​បញ្ហា​នេះ​ដូចគ្នា​ដែរ​។ ក្នុងនោះ​មាន តំបន់​ភាគ​ខាងជើង​និង​ឦសាន​នៃ​ប្រទេស​ថៃ ដូចជា​នៅ​ខេត្ត​ឈៀង​ម៉ៃ​, ឡឺ​យ​, ណុង​បូ​ឡាំ​ភូ​, ឧ​ដន​ថា​នី​, ខន​កែន​, ឆា​យ៉ា​ភូមិ​, សា​កន​ណា​ខន​, ណា​ខន​រ៉ាត់​ឆា​សី​ម៉ា​, បុរី​រាំ​, មា​ហា​រា​ខាំ​, សុ​រិ​ន និង​ខេត្ត​ស៊ីសាកេត​។  រីឯ​តំបន់​ភាគ​កណ្តាល និង​ខាងជើង​នៃ​ប្រទេស​ឡាវ​វិញ មាន​ខេត្ត​វៀង​ចន្ទ​, សាយ​សូម​បុណ្យ​, សា​យ៉ា​បូរី និង​ខេត្ត​ហ្លួងព្រះបាង​។ ដោយឡែក​ប្រទេស​វៀតណាម មិនមាន​សញ្ញា​អ្វី​ជាក់លាក់​នៃ​គ្រោះរាំងស្ងួត​នេះ​ទេ  ប៉ុន្តែ​លំហូរ​នៃ​ទឹកប្រៃ​ដែល​បណ្តាលមកពី​គ្រោះរាំងស្ងួត​នេះ នឹង​បង្ក​ជា​ហានិភ័យ​ដល់​ដំណាំ​កសិកម្ម​។  នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​។ 

​កម្ពុជា ថៃ ឡាវ និង​វៀតណាម ជា​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ​ក្រោម ដែល​ប្រឈម​គ្រោះរាំងស្ងួត​នេះ  ។ ថី្វ​ដ្បិត​កម្ពុជា ជួប​គ្រោះរាំងស្ងួត​នេះ ក៏ពិតមែន ប៉ុន្តែ​គណៈកម្មការ​ទន្លេមេគង្គ  បាន​រំពឹងថា ភាពរាំងស្ងួត​នេះ​នឹង​កាត់បន្ថយ​បន្តិច​ម្តងៗ ចាប់ពី​សប្តាហ៍​ទី​២ ខែមករា ឆ្នាំ​២០២០ ដោយសារ​អាកាសធាតុ​នឹង​កែប្រែ​មក​មាន​សំណើម​បន្តិច​ឡើងវិញ​៕

ព័ត៌មានទាក់ទង