នាយករដ្ឋមន្ត្រី ប្រកាសមិនយកទោសពលរដ្ឋ ដែលលាក់ខ្លួនក្នុងស្រុក និងរត់ទៅក្រៅ ដោយសារបញ្ហានយោបាយឡើយ
ភ្នំពេញ៖ ពីពិធីសម្ពោធរោងចក្រផលិតស៊ីម៉ង់តិ៍ «ថៃ ប៊ុនរ៉ុង» នៅព្រឹកថ្ងៃទី១៤ វិច្ឆិកានេះ សម្ដេច ហ៊ុន សែន ប្រកាសមិនយកទោសពលរដ្ឋ ដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងស្រុក និងរត់ទៅក្រៅប្រទេស ដោយសាររឿងនយោបាយឡើយ។ អ្នកដែលកំពុងគេចខ្លួនទាំងនោះ ត្រូវបានតុលាការចេញដីការចាប់ខ្លួន ក្រោយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងសកម្មភាពនយោបាយរបស់លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលរដ្ឋាភិបាលចាត់ទុកជាទង្វើ«រដ្ឋប្រហារ»។
នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ឱ្យពលរដ្ឋគេចខ្លួននៅក្រៅប្រទេស វិលត្រឡប់មកកម្ពុជាវិញ ដើម្បីជួបជុំគ្រួសារ ហើយអ្នកដែលកំពុងលាក់ខ្លួនក្នុងស្រុក ក៏អាចទៅជួបគ្រួសារ ដោយគ្មានទោសពៃរ៍អ្វីដែរ។បើតាមលោកនាយករដ្ឋមន្ត្រី ពលរដ្ឋមួយចំនួន បានរត់ពីខេត្តមួយទៅខេត្តមួយ ហើយខ្លះទៀតបានរត់ទៅប្រទេសថៃ ហ្វីលីពីនជាដើម។
ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«បងប្អូនដែលបានចាញ់បោកមេក្លោងធ្វើរដ្ឋប្រហារមិនបានសម្រេច សូមបងប្អូនវិលត្រឡប់មកកាន់ផ្ទះសម្បែងជួបជុំប្រពន្ធកូនឡើងវិញ រាជរាជរដ្ឋាភិបាលមិនយកទោសពៃរ៍អ្វីឡើយ។ ទន្ទឹមនឹងនេះដែរ ក៏មានបងប្អូនមួយចំនួនទៀតមានដីការកោះខ្លួន ហើយមួយចំនួនទៀតក៏ត្រូវបានចាប់បាននិងឃុំខ្លួនបណ្តោះអាសន្ន»។
ដើម្បីឱ្យពលរដ្ឋទាំងនោះ អាចត្រឡប់មកគេហដ្ឋានពួកគេវិញនោះ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ដក ឬលុបដីការកោះហៅ ជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងករណីលោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំងនេះ។ សម្រាប់សម្ដេច ហ៊ុន សែន ជនសង្ស័យទាំងនេះ គឺជាជនរងគ្រោះនយោបាយប៉ុណ្ណោះ។
Relate
បន្ថែមពីនេះប្រមុខរដ្ឋាភិបាល ក៏បានបញ្ជាឱ្យក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា ដើម្បីដោះលែងជនសង្ស័យទាំងអស់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីលោក សម រង្ស៊ី កាលពីពេលថ្មីៗនេះ ឱ្យនៅក្រៅឃុំផងដែរ ប៉ុន្តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ បើតាមសម្ដេច ហ៊ុន សែន ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននៅទូទាំងប្រទេសនេះ មានប្រមាណជាង៧០នាក់ ហើយពួកគេភាគច្រើនត្រូវបានព្រះរាជអាជ្ញា ចោទពីបទ «រួមគំនិតក្បត់ជាតិ» ជាមួយលោក សម រង្ស៊ី៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com