អាជ្ញាធរខ្មែរ-ថៃ រួមគ្នាបិទរូបថតលោក សម រង្ស៊ី និង អ្នកប្រឆាំងផ្សេងទៀត តាមព្រំដែន

30/11/-0001 12:00 am បន្ទាយមានជ័យ

នគរបាលខេត្តបន្ទាយមានជ័យ បានបិទរូបលោក សម រង្ស៊ី និងថ្នាក់ដឹកនាំប្រឆាំង១៧នាក់ទៀត នៅតាមព្រំដែនកម្ពុជា-ថៃ និងទីកន្លែងនានា ដោយសរសេរថា «ពួកគេ ជាក្រុមឧទ្ទាមក្បត់ជាតិ ដែលត្រូវតាមចាប់ខ្លួន»។ នគរបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជួយផ្តល់ដំណឹង បើបានឃើញអ្នកទាំងនោះ តាមរយៈលេខ ០១២ ២២២ ២០៦ និង លេខ ០១២ ៦៣៦ ៨៨៦។



អ្នកទាំង១៧នាក់ទៀត ដែលមានរូបនិងឈ្មោះត្រូវចាប់ខ្លួនជាមួយលោក សម រង្ស៊ី គឺ អ្នកស្រី ជូឡុង សូមូរ៉ា អ្នកស្រី មូរ សុខហួរ អ្នកស្រី យក់ នាង លោក អេង ឆៃអ៊ាង លោក ឡុង រី លោក អ៊ុំ សំអាន លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ម៉ែន សុថាវរិន្ទ្រ លោក តុ វ៉ាន់ចាន់ លោក នុត រំដួល លោក ម៉ោញ សារ៉ាត់ លោក ហៃ វណ្ណា លោក ម៉ន ផល្លា  លោក កាក់ កុម្ភារ លោក លី រតនរស្មី និង អ៊ីសា ឧស្មាន។


នគរបាលខេត្តបន្ទាយមានជ័យបិទរូបថតលោក សម រង្ស៊ី និង អ្នកប្រឆាំង១៧នាក់ផ្សេងទៀត (រូបពីទំព័រហ្វេសប៊ុក Um Sam An Page) 

មិនមែនតែអាជ្ញាធរកម្ពុជាទេ អាជ្ញាធរថៃ ក៏ចូលរួមបិទរូបថតលោក សម រង្ស៊ី  និងក្រុមប្រឆាំងនៅតាមព្រំដែនដែរ។ ប៉ុន្តែ គេមិនទាន់ដឹងឡើយ ថា អាជ្ញាធរថៃ ចូលរួមសហការតាមចាប់ក្រុមប្រឆាំង ឬក៏គ្រាន់តែបិទរូបថត ទុកជាការជូនដំណឹង។


អាជ្ញាធរថៃ បិទរូបលោក សម រង្ស៊ី  និង អ្នកប្រឆាំង៨នាក់ផ្សេងទៀត នៅតាមព្រំដែនកម្ពុជា-ថៃ ដោយសារសរសេរជាភាសាថៃ (រូបពីគណនីហ្វេសប៊ុក Kanharith Khieu)

សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺបន្ថែមពីលោក ខាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឡើយ ដោយលោក និយាយយ៉ាងខ្លីថា លោក កំពុងបំពេញការងារតាមព្រំដែនកម្ពុជា-ថៃ ហើយក៏ផ្តាច់ការហៅចូល។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា វា ជារឿងធម្មតា ដែលតុលាការ បង្គាប់ឲ្យបិទរូបថតនិងឈ្មោះជាសាធារណៈ ក្នុងការតាមចាប់អ្នកទោស។ លោក និយាយដូច្នេះថា៖«មិនមែនទើបតែឥឡូវទេ មានតាំងពីជំនាន់មុន... ត្រូវការចាប់ខ្លួនអ្នកនេះអ្នកនោះ ឈ្មោះអី គេគូររូបដែរហ្នឹង តាំងពីមិនទាន់មានរូបថត»។

លោក ខៀវ សុភ័គ អះអាងថា ចំពោះការវិលត្រឡប់របស់ក្រុមប្រឆាំងមកកាន់កម្ពុជា គឺរដ្ឋាភិបាល ត្រូវប្រុងប្រយ័ត្ននិងត្រៀមកម្លាំងនៅគ្រប់ខេត្ត តែគ្រាន់តែត្រូវប្រុងប្រយ័ត្នខ្លាំង នៅខេត្តបន្ទាយមានជ័យ។ លោក បញ្ជាក់បែបនេះថា៖«ខេត្តផ្សេង សកម្មភាពមិនសូវមានពួកហ្នឹងចេញចូលទេ គេមិនសូវបិទទេ។ ជាតម្រុង យើងគ្រាន់តែជម្រាបជូនថា យើងផ្តោតនៅត្រង់ហ្នឹងមែន [ខេត្តបន្ទាយមានជ័យ] [តែ] យើងមិនមែនចោលចន្លោះប្រហោងណាដែរ។ សម រង្ស៊ី មកជាន់ដីខ្មែរពេលណា គឺចាប់ខ្លួនពេលហ្នឹង អត់នៅបាន២៤ម៉ោងទេ និងអ្នកទាំងអស់គ្នាដែលមានបិទរូប»។

កម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្តបន្ទាយមានជ័យ និង បណ្តាខេត្តផ្សេងទៀត ដែលជាប់ព្រំដែនថៃ បានចាប់ផ្តើមចេញហ្វឹកហាត់រួមគ្នា ខណៈលោក សម រង្ស៊ី និង ក្រុមប្រឆាំង ប្រកាសជាដដែលៗថា ពួកគេ នឹងចូលមកទឹកដីថៃជាមុនសិន ហើយជំហានចុងក្រោយ នឹងដឹកនាំពលករខ្មែរ ដើរឆ្លងកាន់ព្រំដែន ចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

relate

នៅថ្ងៃទី៥ ខែវិច្ឆិកានេះ លោក សម រង្ស៊ី បានបង្ហោះវីដេអូមួយទៀត ដោយប្រកាសថា លោក នឹងមកកម្ពុជាតាមការគ្រោងទុក ហើយលោក បន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស មកជាមួយលោក។ ទន្ទឹមនេះ លោក ក៏អំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងស្រុក ងើបតស៊ូជាមួយលោក នៅពេលលោកមកដល់កម្ពុជា ដើម្បីរួមកម្លាំងគ្នាផ្តាស់ប្តូរមេដឹកនាំ។

លោក សម រង្ស៊ី និង ថ្នាក់ដឹកនាំ៨នាក់ទៀតរបស់លោក ត្រូវបានតុលាការកម្ពុជា ចោទពីបទឧបឃាត់ ដែលសំដៅថា ពួកគេ ជាមេខ្លោងរៀបចំផែនការធ្វើរដ្ឋប្រហារ។ ទោសនេះ ត្រូវដាក់ពន្ធនាគារពី១៥ឆ្នាំ ទៅ ៣០ឆ្នាំ។

ចំណែក អ្នកគាំទ្ររបស់លោកមួយចំនួនទៀត បានរងពីបទរួមគំនិតក្បត់ជាតិ ក្រោយតុលាការរកឃើញថា ពួកគេ ចូលរួមគាំទ្រផែនការធ្វើរដ្ឋប្រហារ។ ទោសនេះ អាចជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ៕

ព័ត៌មានទាក់ទង