សម្ល​«​ចា​ណា​ង​»​របស់​ជនជាតិដើម​ភាគតិច​គ្រឹ​ង និង​ទំពួន ជាប់​លេខ​២ ទូទាំងប្រទេស​

30/11/-0001 12:00 am រតនគីរី

​ភ្នំពេញ​៖ សម្ល​«​ចា​ណា​ង​» ដែលជា​មុខម្ហូប​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង​និង​ទំពួន ខេត្តរតនគិរី ជាប់​លេខ​២ ទូទាំងប្រទេស​។ អ្នកស្រី ឡា​ត់ សុខ​ឯម ជនជាតិដើម​ភាគតិច​គ្រឹ​ង នៅ​ខេត្តរតនគិរី បានជ្រើសរើស​យក​សម្ល ចា​ណា​ង នេះ ទៅ​ប្រកួត​នៅក្នុង​មហា​ស្រព​សិល្បៈ​ដណ្តាំ​សម្ល​ម្ហូបអាហារ​លើក​ទី​២០ និង​មហោស្រព​បង្ហាញ​ទម្រង់​ម៉ូត​សម្លៀកបំពាក់​លើក​ទី​១៩ ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃទី​២៥ ខែតុលា​កន្លងទៅ ដោយ​ទ​ទូល​បាន​ជ័យលាភី​លេខ​២ តំណាង​ឲ្យ​ខេត្តរតនគិរី ខណៈដែល​ជ័យលាភី​លេខ​១ បាន​ទៅលើ​ខេត្តកោះកុង និង​ជ័យលាភី​លេខ​៣ បាន​ទៅ​ខេត្តបន្ទាយមានជ័យ​។
 
 
​អ្នកស្រី ឡា​ត់ សុខ​ឯម បាន​បញ្ជាក់ថា គ្រឿងផ្សំ​ពិសេស​ដែល​ធ្វើ​ឲ្យ​សម្ល​«​ចា​ណា​ង​»​ជាប់​ជ័យលាភី​លេខ​២ គឺ​ការ​ស្ល និង​រម្ងាស់​ចេញពី​ស្លឹក​រុក្ខជាតិ បន្លែ​ធម្មជាតិ និង​គ្រឿងផ្សំ​ដែល​ងាយ​នឹង​រកបាន​នៅតាម​តំបន់​ដែល​ជនជាតិភាគតិច​រស់នៅ​។ សម្រាប់​រសជាតិ​នៅក្នុង​សម្ល​«​ចា​ណា​ង​»​វិញ គឺ​ស្ថិតនៅក្នុង​រសជាតិ​ដែល​ប្រហើរ មិន​ប្រៃ​ពេក និង​មិន​ផ្អែម​ពេក​។ ថ្វី​ដ្បិត សម្ល​«​ចា​ណា​ង​»​មាន​សភាព​ដូចនឹង​សម្លខទំពាំង​ក៏ពិតមែន ប៉ុន្តែ​រសជាតិ និង​ក្លិន ខុសគ្នា​ដាច់ស្រឡះ​តែម្តង​។​
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា សៅ សុខ​អេង អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​អ្នកស្រី ឡា​ត់ សុខ​ឯម ជនជាតិដើម​ភាគតិច​គ្រឹ​ង ដែល​ទទួលបាន​ជ័យលាភី​លេខ​២ ទូទាំងប្រទេស​ក្នុងការ​ប្រកួត​មុខម្ហូប​ប្រចាំ​តំបន់ ដូចតទៅ​៖  
 
 
​ជា​ជនជាតិដើម​ភាគតិច​គ្រឹ​ង អ្នកស្រី ឡា​ត់ សុខ​ឯម បញ្ជាក់​ពី​លក្ខណៈពិសេស​របស់​សម្ល ចា​ណា​ង នេះ ដូច្នេះ​ថា​៖«​ទឹក​ស៊ុប​ដែលមាន​នៅក្នុង​សម្ល​ចា​ណា​ង​នេះ មិនមែន​ធ្វើ​ពី​គ្រឿងក្នុង​គោ​ទេ​។ មែនទែនទៅ​ទឹក​ស៊ុប​នេះ គឺ​យើង​ធ្វើ​ចេញពី​ស្លឹក​ស៊ុន​រៀង​ដែល​បេះ​ពី​ព្រៃ ហើយ​យើង​យក​វា​ហាល​ឲ្យ​ស្ងួត បន្ទាប់មក​យក​វា​ទៅ​ត្រាំ​ទឹក រួចហើយ​បុក​វា បន្ទាប់មក​យកទៅ​ត្រាំ​ទឹក​ម្តងទៀត បាន​យើង​ពួត​វា​ស្រង់​យក​ទឹក​នោះ យកទៅ​ស្ងោរ​ធ្វើជា​ទឹក​ស៊ុប​។ បានជា​ទឹក​ស៊ុប​ហ្នឹងហើយ បាន​យើង​ដាក់​ឆ្អឹង​គោ ឬ​ជើង​ជ្រូក និង​បន្លែ​តាម​ក្រោយ ដោយ​យើង​ស្ងោរ​វា​តែ​១​ម៉ោង​ទៅ​២​ម៉ោង គឺ​យើង​អាច​ពិ​សារបាន​ហើយ​»​។ លោកស្រី សុខ​ឯម បញ្ជាក់ទៀតថា ទម្រាំ​បានជា​សម្ល​ចា​ណា​ង​នេះ គឺ​គេ​ត្រូវ​ចំណាយពេល​២​ទៅ​៣​ថ្ងៃ​ឯណោះ ព្រោះ​គេ​ត្រូវ​ការយក​ស្លឹក​ស៊ុងរៀង ហាល​ឲ្យ​ក្រៀម​ទើប​អាច​រម្ងាស់​ជា​ទឹក​សម្ល​ចា​ណា​ង​។ 


 
​ថ្វី​ដ្បិត សម្ល​«​ចា​ណា​ង​» នេះ ជា​មុខម្ហូប​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង និង​ទំពួន​ក៏ពិតមែន ប៉ុន្តែ​ពួកគេ​មិនសូវ​ជា​ចំអិន​សម្ល​នេះ​ជាប្រចាំ​ថ្ងៃ​នោះទេ ដោយសារ​សម្ល​នេះ វា​ត្រូវការ​ពេល​យូរ​ក្នុងការ​ចំអិន​។ មិនសូវ​ជា​ចំអិន​ក្នុង​ជីវភាព​រាល់ថ្ងៃ តែ​សម្ល​ចា​ណា​ង តែងតែមាន​វត្ត​មាននៅ​ក្នុង​កម្មវិធី​ពិសេសៗ ដូច​ហ្នឹង​សម្លការី​ខ្មែរ ដែល​មានតែ​នៅក្នុង​កម្ម​ពិធី​ជួបជុំ​ផ្សេងៗ​ជាដើម​។ ក្រៅពី​សម្ល​ចា​ណា​ង ជនជាតិដើម​ភាគតិច​មានមុខ​ម្ហូប​ផ្សេងៗ​ទៀត​ដែលជា​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគតិច​របស់ខ្លួន ដូចជា រ​ញាំ​ដែល​ធ្វើ​ពី​សាច់មាន់ ឬ​សាច់គោ សម្ល​ព្រូង សម្ល​អ៊ាន់តែ សម្ល​ច្រ​ប៉េ​ស, ឡាំបាម៉ាតជ្រុល, ក្រឡុសកាដៀមចេវម៉ាម៉ាតហ្គោ ជាដើម​៕
 





 

ព័ត៌មានទាក់ទង