ជម្លោះដីធ្លី​ពាក់ព័ន្ធ​នឹង​អ្នកវិនិយោគទុន​អាមេរិកាំង​គំរាម​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​កម្ពុជា​

30/11/-0001 12:00 am ត្បូងឃ្មុំ

​ខេត្ត​ត្បូងឃ្មុំ ៖ កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ សកម្មជន​សិទ្ធិមនុស្ស​និង​អ្នកតាមដាន​នយោបាយ​ក​ម្ពុ​ជា​បាន​ជួបប្រជុំគ្នា​នៅក្នុង​បន្ទប់​លេខ​២២០០​នៃ​អគារ​Rayburn ក្នុង​វិមាន​Capital​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ចូលរួម​សវនាការ​សភា​អាមេរិកាំង​ដែល​ផ្ដោតលើ​បញ្ហា​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​។ សវនាការ​នេះ ត្រូវបាន​រៀបចំ​ដោយ​គណៈកម្មការ​សិទ្ធិមនុស្ស​Tom Lantos និង​គណៈកម្មការ​សភា​ទទួលបន្ទុក​កិច្ចការ​កម្ពុជា (Congressional Cambodia Caucus) ដែលជា​ញឹកញាប់​តែងតែ​រិះគន់​គោលនយោបាយ​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​ជាធម្មតា នៅក្នុង​បញ្ជី មាន​អ្នកតស៊ូ​មតិ​ទាមទារ​សិទ្ធិមនុស្ស អ្នកជំនាញ​ផ្នែក​នយោបាយ​ការបរទេស និង​អ្នកឃ្លាំមើល​កម្ពុជា ដែលមាន​វត្ត​មាននៅ​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ផ្តល់​សក្ខីកម្ម​នៅមុខ​គណៈកម្មការ​។ ប៉ុន្តែ​លោក Daniel Mitchell គឺជា​មនុស្ស​បន្ថែម​ទៅក្នុង​បញ្ជី​ឈ្មោះ​អ្នក​ត្រូវ​ផ្តល់​សក្ខីកម្ម​។​
 
​លោក​ជានា​យក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​SRP International (Cambodia)​ដែល​កំពុង​ដាំ​ដើម​ម៉ៃសាក់​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​។ ប៉ុន្តែ​ដី​របស់លោក​មាន​ជម្លោះ ដែល​ធ្វើ​ឲ្យ​លោក​បាន​បាត់បង់​ដើម​ម៉ៃសាក់​ជាច្រើន​ហិកតា​។​
 
​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ជា​មនុស្ស​ម្នាក់​បន្ថែម ដើម្បី​ធ្វើ​សក្ខីកម្ម​នៅមុខ​គណៈកម្មការ​សិទ្ធិមនុស្ស​។ ខ្ញុំ​មិនមែនជា​អ្នកតស៊ូ​មតិ​ផ្នែក​សិទ្ធិ​ការងារ​ឬក៏​សកម្មជន​សិទ្ធិមនុស្ស​ឬ​ប្រជាធិបតេយ្យ​អ្វី​ទេ​»​។ លោក​បន្ថែមថា​៖ «​និយាយ​ការពិតទៅ ខ្ញុំ​មក​ទីនេះ ដោយសារតែ​លទ្ធផល​នៃ​លក្ខខណ្ឌ ជាជាង​ការប្រកាន់​គំនិត​រឹងមាំ​លើ​បញ្ហា​អ្វីមួយ​។ ការព្រួយបារម្ភ​បឋម​របស់ខ្ញុំ​គឺ​បញ្ហា​នីតិរដ្ឋ​»​។​
 
​លោក Mitchell បាន​មាន​វត្តមាន​នៅក្នុង​សវនាការ​នេះ ដើម្បី​បង្ហាញ​អំពី​ជម្លោះដីធ្លី​ដែល​ក្រុមហ៊ុន​របស់លោក​បាន​ជួបប្រទះ​។ ក្រុមហ៊ុន​របស់លោក​បាន​ជួល​ដី​ពី​ម្ចាស់​ដី​ពីរ​នាក់ ដើម្បី​ដាំ​ដើម​ម៉ៃសាក់​។ តែ​ក្រោយមក​ដី​មួយផ្នែក​ត្រូវបាន​លក់​ដោយ​ខុសច្បាប់ បើទោះជា​លោក​មាន​កិច្ចសន្យាជួល​ដី​ដាំ​ដើម​ម៉ៃសាក់​រហូតដល់​ទៅ​៧០​ឆ្នាំ ហើយ​បាន​បង់ប្រាក់​ថ្លៃ​ជួល​មុន​។ លោក Mitchell និង​ក្រុមហ៊ុន​របស់លោក​មា​នស​កម្ម​ភាព​យ៉ាងច្រើន​នៅ​ប្រទេស​កម្ពុ​ជាជាង​១៦​ឆ្នាំ​មកហើយ​។​
 
​ជម្លោះដីធ្លី​នេះ​ពាក់ព័ន្ធ​នឹង​ការអន្តរាគមន៍​របស់​កងរាជអាវុធហត្ថ​កម្ពុជា ដែល​បាន​ឃាត់​កម្មករ​មិន​ឲ្យ​កាប់​ដើម​ម៉ៃសាក់​បន្តទៀត​ផងដែរ​។ ប៉ុន្តែ​ម្ចាស់​ទិញ​ដី​ថ្មី​ត្រូវបាន​អនុញ្ញាត​ឲ្យ​កាប់​ដើម​ម៉ៃសាក់​របស់​ក្រុមហ៊ុន​អាមេរិកាំង ហើយ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។ នេះ​បើ​យោងតាម​ឯកសារ​ដែល​បានដាក់​ទៅ​គណៈកម្មការ​របស់​សភា​ជាតិ​អាមេរិកាំង​។​
 
​ការដណ្ដើម​ដី​ដោយ​ខុសច្បាប់ និង​មានការ​ពាក់ព័ន្ធ​របស់​កងរាជអាវុធហត្ថ គឺជា​រឿង​ធម្មតា​សម្រាប់​កម្ពុជា នៅក្នុង​ជម្លោះដីធ្លី​ដ៏​ច្រើន​ករណី ហើយ​ជា​ជម្លោះ​រ៉ាំរ៉ៃ ដែល​មិន​ត្រូវបាន​ដោះស្រាយ​។ ជម្លោះ​ទាំងនេះ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ប្រជាពលរដ្ឋ​នៅតាម​ជនបទ ដែល​ភាគច្រើន​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ​។​
 
​ដំណោះស្រាយ​គឺជា​រឿង​កម្រ​មួយ ហើយ​លោក Mitchell បាន​ចំណាយពេល​១២​ខែ​ចុង​ក្រោយនេះ ដើម្បី​រាយការណ៍​រឿងនេះ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​។​


លោក​ Daniel Mitchell ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ SRP International Group ​ប្រចាំកម្ពុជា ថ្លែងនៅមុខសវនាការ​គណៈកម្មការសិទ្ធិមនុស្ស Tom Lantos នៅរដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
 
​បន្ទាប់ពី​មិនមាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​ក្នុង​ខេត្ត ក្រុមហ៊ុន​បាន​ទាក់ទង​ស្ថានទូត​អាមេរិកាំង​ប្រចាំ​នៅ​កម្ពុជា ហើយ​និង​តំណាង​ពាណិជ្ជកម្ម​អាមេរិកាំង ដើម្បី​ស្នើសុំ​អន្តរាគមន៍​។ បន្ទាប់មក មន្ត្រី​កម្ពុជា​បាន​ឲ្យ​ដឹងថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដឹង​អំពី​បញ្ហា​នេះ​។ វិធានការ​ក៏មាន​ជាបន្ទាន់​។​
 
​ពីរ​បី​សប្ដាហ៍​បន្ទាប់ពី​ការផ្ដល់​សក្ខីកម្ម​ទៅ​សមាជិក​នៃ​សភាតំណាងរាស្ត្រ​អាមេរិកាំង​និង​ការផ្ដល់​បទសម្ភាសន៍​ជា​វីដេអូ​ដល់​VOA​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ខែកញ្ញា ក្រុមហ៊ុន​ទទួលបាន​ដំណោះស្រាយ​មួយ​។ ដំណោះស្រាយ​នោះ​គឺថា​អ្នកជំនួញ​ម្នាក់​ដែល​ឈ្មោះ​មិនត្រូវ​បង្ហាញ បាន​ទិញ​ដី​ដែលមាន​ជម្លោះ​នោះ ហើយ​សម្រេច​ជួល​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង តាម​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ចាស់​ទាំងអស់ គឺ​ជួល​សម្រាប់​៥០​ឆ្នាំ​ទៀត ចាប់ពីពេលនេះ​តទៅ​។​
 
​ប៉ុន្តែ​ដំណោះស្រាយ​នោះ មិន​បញ្ចូល​ការបាត់បង់​ដើម​ម៉ៃសាក់​ដែលមាន​អាយុ​ដល់​ទៅជិត​១៦​ឆ្នាំ ហើយ​សរុប​ជាការ​បាត់បង់ អាចមាន​តម្លៃ​ជាង​លាន​ដុល្លារ​។ 
 
​លោក Daniel Mitchell​នៃ​ក្រុមហ៊ុន​អាមេរិកាំង​នោះ បាន​ថ្លែងប្រាប់​VOA​នៅ​នៅ​ពាក់កណ្ដាល​ខែតុលា​ថា​៖ «​ប្រជាជន​កម្ពុជា​ទទួល​បាន​សំណង ហើយ​អ្នកវិនិយោគទុន​របស់​អាមេរិកាំង​ត្រូវ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ប្រាប់​ឲ្យ​ឈប់​ប្ដឹងផ្ដល់​ទាមទារ​សំណង​នៃ​ការខូចខាត​»​។​
 
​លោក​បន្ថែមថា​៖ «​នេះ​គឺ​អយុត្តិធម៌ មិន​សមធម៌ ហើយ​ខុសគ្នា​ទាំងស្រុង​»​។​
 
​អ្នកវិនិយោគទុន​អាមេរិកាំង​ឃើញ​ឱកាស​វិនិយោគ និង​ចាប់ផ្ដើម​ដាំ​ដើម​ម៉ៃសាក់​នៅ​កម្ពុជា​
 
​លោក Daniel Mitchell និង​ក្រុមហ៊ុន​SRP បាន​ចូលមក​ទីផ្សារ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០០២ ដែល​ពេលនោះ​ក្រុមហ៊ុន​បាន​ជួល​ដី​ប្រហែល​៣០០​ហិកតា​សម្រាប់​រយៈពេល​៧០​ឆ្នាំ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ដាំ​ដើម​ម៉ៃសាក់​។ ដី​នោះ​នៅ​មិន​ឆ្ងាយ​ពី​ចម្ការកៅស៊ូ​ជប់ ដែលមាន​រយៈកាល​ជិត​១០០​ឆ្នាំ​មកហើយ​។ ដី​នោះ ក្រុមហ៊ុន​បាន​ជួល​ពី​ម្ចាស់​ពីរ​នាក់ ដែលមាន​ឈ្មោះថា​គាត ហុង និង​គុណ ថា​។ លោក គាត ហុង គឺជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​សួង​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។​
 
​បន្ទាប់ពី​ដាំ​ដើម​ម៉ៃសាក់​ជិត​១៦​ឆ្នាំ​មកហើយ វា​ដល់ពេល​ក្រុមហ៊ុន​ប្រមូល​ផល​មួយចំនួន ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៨​។ ប៉ុន្តែ​ការកាប់​ដើម​ម៉ៃសាក់​ដែល​ដាំ​ដោយ​ក្រុមហ៊ុន​អាមេរិកាំង​នៅក្នុង​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ហាមឃាត់​ដោយ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​។ កម្មករ​៦​នាក់​របស់​ក្រុមហ៊ុន ត្រូវបាន​នាំទៅ​សាកសួរ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ត្បូងឃ្មុំ​។​
 
​កម្មករ​ម្នាក់​ដែល​ប្រាប់​VOA​ថា​ឈ្មោះ សម្បត្តិ ដោយ​មិន​ហ៊ាន​ប្រាប់​ឈ្មោះ​ពេញ បាន​និយាយប្រាប់​កងរាជអាវុធហត្ថ​ក្នុងពេល​សួរចម្លើយ​ថា ដើម​ម៉ៃសាក់​នោះ​ជា​របស់​ក្រុមហ៊ុន​អាមេរិកាំង​។​
 
​លោក​បាន​ថ្លែងប្រាប់​VOA​នៅ​ចម្ការ​ម៉ៃសាក់​កាលពីដើម​ខែតុលា​ថា​៖ «​ពួកគេ​សួរ​ខ្ញុំ​ថា​នរណា​ឲ្យ​កាប់ [​ដើម​ម៉ៃសាក់​]?
 
​បន្ទាប់ពី​ការសាកសួរ​រួចហើយ កម្មករ​ទាំង​៦​នាក់​បាន​ផ្តិតមេដៃ ជាការ​ព្រមព្រៀង​ថា​ឈប់​កាប់​ដើម​ម៉ៃសាក់​នោះ​តទៅទៀត ដោយ​ពួកគេ​ប្រាប់ថា​ដី​នោះ​មាន​ជម្លោះ​។​
 
​លោក សម្បត្តិ មានប្រសាសន៍ថា​៖ «​ពួកគេ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ឈប់​កាប់ ដោយសារ​ដី​នោះ​មាន​ជម្លោះ​»​។​
 
​បើតាម​កំណត់ហេតុ​របស់​កងរាជអាវុធហត្ថ​ប្រចាំខេត្ត​ត្បូងឃ្មុំ ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​VOA​ទទួលបាន កម្លាំងចម្រុះ​ចំនួន​១១​នាក់ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ បាន​ចុះ​ឃាត់​ការកាប់​ដើម​ម៉ៃសាក់​នៅលើ​ដី​ក្រុមហ៊ុន ក្នុង​ឃុំរ​កាព​ប្រាំ ស្រុក​ត្បូងឃ្មុំ ដោយសារ​ទទួលបាន​ប​ណ្ដឹ​ង​របស់​បុគ្គល​ម្នាក់​ឈ្មោះ វឹង រ៉ា​មី ជា​កូនប្រសា​របស់លោក គាត ហុង ដែល​បាន​អះអាងថា​ជា​ម្ចាស់​ដី​ស្របច្បាប់​។​
 
​កំណត់​ហេតុដែល​ធ្វើឡើង​ដោយ​លោក វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់ថា​៖ «​ក្រោយពី​សាកសួរ​ពួកគេ​ទាំង​៦​នាក់​រួចមក សមត្ថកិច្ច​បាន​រាយការណ៍​តាម​ទូរស័ព្ទ​សុំ​យោបល់​ពី​លោក​ព្រះរាជអាជ្ញា​។ គាត់​បានអនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ពួកគាត់ ឲ្យ​ផ្អាក​កាប់​ដើម​ម៉ៃសាក់​លើដី​នោះ​»​។​
 
​ប៉ុន្តែ​លោក Mitchell បាន​ថ្លែងថា​កម្មករ​របស់លោក​ត្រូវតែ​ចុះ​កិច្ចព្រមព្រៀង​មិន​ឲ្យ​ចូលទៅក្នុង​ដី​ឬ​ប្រមូល​ផល​ដើម​ម៉ៃសាក់ ដើម្បី​ពួកគេ​អាច​ត្រូវបាន​ដោះលែង បន្ទាប់ពី​ការហៅ​ទៅ​សាកសួរ​ប៉ុន្មាន​ម៉ោង​។ លោក​បន្ថែមថា​កម្មករ​របស់​ក្រុមហ៊ុន​មិនអាច​ចូលទៅក្នុង​ដី​នោះ ហើយ​ការយកទៅ​សាកសួរ ក៏​មិនមាន​ដីកា​ត្រឹមត្រូវ ឬក៏​មាន​បញ្ជា​ពី​ព្រះរាជអាជ្ញា​តុលាការ​នោះទេ​។​
 
​នៅពេល​ទាក់ទង​តាម​ទូរស័ព្ទ លោក វ៉ា សារិទ្ធ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​។​
 
​បន្ថែម​ពីនេះ​ទៅទៀត ក្រុមហ៊ុន​អាមេរិកាំង​ត្រូវបាន​ប្រាប់ថា​ដី​មួយផ្នែក​របស់លោក គាត ហុង ជា​ម្ចាស់​ដើម​ជួល​ដី ត្រូវបាន​លក់​ទៅ​ឲ្យ​អ្នកថ្មី ឈ្មោះ ឡាយ ហោ​។​
 
​ក្រុមហ៊ុន​មិនត្រូវ​បាន​ជូនដំណឹង​ដោយ​លោក គាត ហុង អំពី​ការលក់​នេះ​ទេ​។​
 
​លោក Mitchell បាន​ថ្លែង​កាលពី​ខែកញ្ញា​ថា​៖ «​យើង​ត្រូវបាន​គេ​ប្រាប់ថា​ដី​នោះ​ដូរ​ម្ចាស់​ដែល​នេះ​ជាការ​រំលោភ​លើ​កិច្ចសន្យាជួល​។ យើង​កំពុង​គ្រប់គ្រង​ដី​ដោយផ្ទាល់ ហើយ​គ្មាន​បំណង​ចាក​ចេញពី​កន្លែង​នោះទេ​»​។​
 
​លោក ឡាយ ហោ បាន​ឲ្យ​បុគ្គល​ឈ្មោះ ហែល ហុក ចូលទៅ​កាប់​ដើម​ម៉ៃសាក់ និង​សម្អាត​ដី​។ នេះ​បើ​យោងតាម​ឯកសារ​ដែល​ផ្តិតមេដៃ​ដោយ​កម្មករ​របស់​ក្រុមហ៊ុន​។ ការកាប់​ដើម​ម៉ៃសាក់​នោះ​ស្ថិតនៅ​លើដី​ប្រមាណ​២៥​ហិកតា ដែល​ក្រុមហ៊ុន​កំពុង​ទាមទារ​សំណង​។​
 
​កម្មករ​បាន​អះអាងថា បុគ្គល​ម្នាក់​ឈ្មោះ ហែល ហុក បាន​នាំ​មនុស្ស​មក​កាត់​ដើម​ម៉ៃសាក់​ដឹក​ចេញ ជា​បន្តបន្ទាប់ តាម​រថយន្ត​ធំៗ​។​
 
​មន្ត្រី​អាមេរិក​បាន​ចុះ​អន្តរាគមន៍ ការដោះស្រាយ​ចាប់ផ្ដើម​
 
​កាលពី​ឆ្នាំមុន ករណី​ជម្លោះដីធ្លី​នេះ ត្រូវបាន​ជូនដំណឹង​ដល់​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក William Heidt​។ បន្ទាប់ពី​ដឹង​អំពី​បញ្ហា​នេះ លោក Heidt ក៏បាន​សរសេរ​លិខិត​មួយច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ ដោយ​ស្នើសុំ​ការការពារ​ទៅលើ​ការវិនិយោគ​របស់​អាមេរិកាំង​នៅ​កម្ពុជា​។​


រូបឯកសារ៖ លោក William Heidt អតីតឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​កម្មវិធី ពាណិជ្ជកម្មមួយ ដែលផ្តោតលើវិស័យកសិកម្ម​ក្រោម​ប្រធាន​បទ “ឱកាសធុរកិច្ច​នៅក្នុងវិស័យ​កសិកម្ម​នៅកម្ពុជា” ក្នុង​រាជធានី​ ភ្នំពេញ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)
 
​លិខិត​ចុះ​ខែសីហា ឆ្នាំ​២០១៨ បាន​បញ្ជាក់ថា​៖ «​ការលើកតម្កើង​ការវិនិយោគ​របស់​អាមេរិកាំង​នៅ​កម្ពុជា ដែលមាន​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ គឺជា​អាទិភាព​ចម្បង​មួយ​របស់​យើង​ក្នុងចំណោម​អាទិភាព​ចម្បង​ផ្សេងៗ​ទៀត ហើយ​យើង​សង្ឃឹមថា​បញ្ហា​នេះ​អាច​ត្រូវបាន​ដោះស្រាយ​យ៉ាង​លឿន​។ ជម្លោះ​ដូច​ករណីនេះ ធ្វើ​ឲ្យ​មានការ​លំបាក ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​មក​វិនិយោគ​នៅទីនេះ ហើយ​វា​កាត់បន្ថយ​ទំនុកចិត្ត​របស់​អ្នកវិនិយោគទុន​»​។​
 
​លិខិត​មួយ​នេះ​ទំនង​ជាមាន​ឥទ្ធិពល​ធ្វើ​ឲ្យ​មាន​ដំណោះស្រាយ​។ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​វិធានការ​មួយ ដោយ​ស្នើ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ បញ្ឈប់​សកម្មភាព​ណាមួយ​នៅលើ​ដី​ដែលមាន​ជម្លោះ​នេះ​។ ប៉ុន្តែ វិធានការ​នេះ​មិនមាន​ឥទ្ធិពល​រយៈពេល​វែង​នោះទេ​។​
 
​តុលាការ​បានផ្ដល់​សិទ្ធិ​ឲ្យ​លោក ឡាយ ហោ បង្កបង្កើនផល​លើ​តំបន់​មាន​ជម្លោះ​ទាំងអស់ កាលពី​ខែមិថុនា ឆ្នាំ ២០១៩ បើទោះជា​មាន​បញ្ជា​ពី​ក្រសួង​ដែនដី​ក៏ដោយ​។ ការណ៍​នេះ​នាំ​ឲ្យ​មាន​ការតវ៉ា​ជាបន្ទាន់​ពី​ក្រុមហ៊ុន​SRP​របស់លោក​Daniel Mitchell​។​
 
​ប៉ុន្តែ​ដំណោះស្រាយ​មួយ ត្រូវបាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​នៅក្នុង​ខែតុលា ឆ្នាំ​២០១៩​។ ដំណោះស្រាយ​នេះ​ទំនងជា​ដោយសារ​ការធ្វើ​សក្ខីកម្ម​របស់លោក Mitchell​នៅ​សភា​សហរដ្ឋអាមេរិក​និង​ការផ្ដល់​បទសម្ភាសន៍​ដ​ល់​VOA​។​
 
​ក្រុមការងារ​របស់​ក្រសួង​ដែនដី បាន​ប្រាប់​ក្រុមហ៊ុន​ថា​ជម្លោះ​នេះ​ត្រូវបាន​ដោះស្រាយ​។​
 
​អ្នកនាំពាក្យ​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ លោក សេង ឡូត បាន​ថ្លែងថា​ជម្លោះ​នេះ​បាន​ដោះស្រាយ​ចប់​រួចរាល់​អស់ហើយ ដោយ​អ្នកជំនួញ​ម្នាក់​ដែល​ក្រសួង​បាន​ណែនាំ ប៉ុន្តែ​លោក​មិនបាន​បញ្ចេញ​ឈ្មោះ បានសម្រេច​ទិញ​ដី​នេះ​ពី​ម្ចាស់​ដើម ហើយ​បន្ត​ជួល​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​នោះ ក្រោម​លក្ខខណ្ឌ​ដូចគ្នា​នឹង​ម្ចាស់​ដើម គឺអាច​ដាំ​ដើម​ម៉ៃសាក់​បាន​ទៅដល់​៥០​ឆ្នាំ​ទៀត​។​
 
​លោក​ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​បញ្ចប់​ក្ដីក្តាំ​នេះ​ត្រឹម​ប៉ុណ្ណឹង ដោយ​មិនបាច់​តវ៉ា​ទាមទារ​សំណង​នៃ​ការកាប់​ដើម​ម៉ៃសាក់ ក្នុងពេល​មាន​ជម្លោះ​កាលពី​កន្លងទៅ​។​
 
​លោក​បាន​ថ្លែងប្រាប់​VOA​ថា​៖ «​យើង​សុំ​ការយោគយល់​ពី​ក្រុមហ៊ុន​អាមេរិកាំង​ដែល​មក​វិនិយោគ ឲ្យ​បញ្ឈប់​ការតវ៉ា​ទាមទារ​ត្រឹម​ប៉ុណ្ណេះ​»​។ លោក​បន្តថា​ជម្លោះដីធ្លី​នេះ​ត្រូវ​បានដឹង​ឭ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​អាជ្ញាធរ​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ធានា​ការវិនិយោគ​នៅ​កម្ពុជា​។​
 
​លោក​មានប្រសាសន៍ថា​៖ «​រដ្ឋាភិបាល​ចង់​ឲ្យ​ក្រុមហ៊ុន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា មកពី​ប្រទេស​ណាក៏ដោយ មិន​សំខាន់​អាមេរិកាំង​នោះទេ ឲ្យ​មក​ធ្វើ​ជំនួញ​ដោយ​រលូន​នៅ​កម្ពុជា​»​។​
 
​បើតាម​ឯកសារ​របស់​ក្រសួង ដែល​VOA​ទទួលបាន លោក គាត ហុង ដែលជា​ម្ចាស់​ដើម​គ្រប់គ្រង​ដី បាន​ចូលរួម​កិច្ចប្រជុំ​កាលពី​ខែឧសភា ឆ្នាំ​២០១៩ ដោយ​ស្នើថា​ជម្លោះ​ដី​នេះ​ត្រូវ​កាត់​ចេញពី​ការស៊ើបអង្កេត​លើ​ការកាប់​ដើម​ម៉ៃសាក់​។​
 
«​គាត់​បាន​ស្នើថា​អ្នក​ដែល​កាប់​ដើម​ម៉ៃសាក់​គួរ​ត្រូវ​ចាប់ខ្លួន​។ សូមកុំ​ចោទប្រកាន់​ខ្ញុំ​ថា​ពាក់ព័ន្ធ​»​។​
 
​ករណី​ជម្លោះ​នេះ បុគ្គល​ឈ្មោះ ហែល ហុក និង​បក្សពួក​៣​នាក់ ត្រូវបាន​កាត់ទោស តែ​ត្រូវបាន​ព្យួរ​ទាំងអស់ ពាក់ព័ន្ធ​នឹង​ការកាប់​ដើម​ម៉ៃសាក់​។ លោក ហែល ហុក ត្រូវបាន​បញ្ជា​ឲ្យ​បង់ប្រាក់​ចំនួន​២៥០០​ដុល្លារ​សម្រាប់​ការខូចខាត​។​
 
​លោក គាត ហុង បាន​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​លម្អិត​លើ​ដំណោះស្រាយ​ជម្លោះ​នេះ នៅពេល​VOA​ទាក់ទង​សម្ភាសន៍ កាលពី​ថ្ងៃទី​២១ ខែតុលា​។ ប៉ុន្តែ លោក​គ្រាន់តែ​និយាយថា​ជម្លោះ​នេះ​ត្រូវបាន​ដោះស្រាយ​រួចហើយ​។​
 
«​ខ្ញុំ​អត់​ចង់​និយាយ​ទៀត នាំ​តែ​វែងឆ្ងាយ​។ ឲ្យ​ចប់​ត្រឹមហ្នឹង​ចុះ​។ ខ្ញុំ​សប្បាយ​ចិត្តនឹង​ទទួលយក​ដំណោះស្រាយ​។ គ្មាន​បញ្ហា​នោះទេ​»​។​
 
​ខណៈដែល​លោក Mitchell បាន​ស្វាគមន៍​នូវ​ដំណោះស្រាយ​លើ​ការជួល​ដី​នេះ​បន្តទៀត លោក​និយាយថា​ក្រុមហ៊ុន​របស់លោក​មិនអាច​ទទួលយក​នូវ​ការមិន​ផ្តល់​សំណង​ទាល់តែសោះ​សម្រាប់​ការបាត់បង់​ដែល​កើតឡើង ហើយ​មានការ​ប៉ាន់ប្រមាណ​ប្រហែល​៣,២​លាន​ដុល្លារ​អាមេរិក ដែល​មិន​រាប់បញ្ចូល​ការបាត់បង់​គល់​ម៉ៃសាក់​ដែល​នឹង​អាច​ដុះ​ឡើងវិញ​កាន់តែ​ល្អ និង​លឿន​ជាង​ដើម​ម៉ៃសាក់​ដែល​ដាំ​ថ្មី​។​
 
​លោក​មានប្រសាសន៍ថា​៖ «​យើង​បដិសេធ​មិន​ទទួលយក​ការខាតបង់ ដែល​ត្រូវបាន​ស្នើសុំ​ដោយ​ក្រសួង​ដែនដី​»​។​
 
​ការ​ប្រឈម​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​សំណង​
 
​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយសារ​មិនមាន​ដំណោះស្រាយ​ដែល​អាច​ចេញ​ជា​រូបរាង ក្រុមហ៊ុន​SRP បានចាប់ផ្ដើម​ការពិភាក្សា​ជាមួយ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​លទ្ធភាព​នៃ​ការដាក់​ញត្តិ ឲ្យ​មានការ​ពិនិត្យមើល​ឡើងវិញ​នៃ​ការផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស​កម្ពុជា​(GSP)​។​
 
​យោងតាម​ច្បាប់ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ឆ្នាំ​១៩៧៤ ប្រធានាធិបតី​សហរដ្ឋអាមេរិក​អាច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ប្រទេសមួយ​បាន ប្រសិនបើ​មានការ​លុបចោល​កុងត្រា ឬ​កិច្ចព្រមព្រៀង​ជាមួយ​ប្រជាជន​អាមេរិក​ឬក៏​សាជីវកម្ម ដៃគូ ឬក៏​សមាគម ដែល​ស្មើនឹង​៥០​ភាគរយ ឬក៏​ផលប្រយោជន៍​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រជាពលរដ្ឋ​អាមេរិក​បន្ថែម​»​។​
 
​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ បាន​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការនាំ​ចេញទៅ​ទីផ្សារ​សហរដ្ឋអាមេរិក​។ របាយការណ៍​របស់​ស​ហ​រដ្ឋ​អាមេរិក​បង្ហាញ​ថា​កម្ពុជា​បាន​នាំ​ទំនិញ​ចូលទៅ​សហរដ្ឋអាមេរិក​ចំនួន​៣៨០០​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​២០១៨ ហើយ​ក្នុងនោះ​ប្រហែល​២០​ភាគរយ ឬ​ស្មើនឹង​៧២០​លាន​ដុល្លារ​អាមេរិក ស្ថិតនៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ព​ន្ GSP​។​
 
​កាលពី​ខែមេសា ឆ្នាំ​២០១៩ ក្រុមហ៊ុន​SRP​បានដាក់​ញត្តិ​មួយ ដើម្បី​អំពាវនាវ​ឲ្យ​ដក​កម្ពុជា​ចេញពី​ប្រទេស​ដែល​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​នេះ ប៉ុន្តែ​បាន​ដក​ញត្តិ​នេះ​មកវិញ បន្ទាប់ពី​ការព្រួយបារម្ភ​ត្រូវបាន​លើកឡើង​អំពី​សុវត្ថិភាព​នៃ​អចលនទ្រព្យ​និង​បុគ្គលិក​នៅ​កម្ពុជា​។​
 
​បញ្ហា​នេះ​បានធ្វើ​ឲ្យ​ឧបការី​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​សម្រាប់​ការិយាល័យ​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក Karl Ehlers លើកឡើង​បញ្ហា​នេះ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា អំឡុងពេល​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​កាលពី​ខែមិថុនា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​ដែល​ត្រូវបាន​ផ្ញើ​ទៅកាន់​សមាជិកសភា​សហ​រដ្ឋ​អាមេរិក​។​
 
​ប៉ុន្តែ​លោក Mitchell បាន​និយាយថា​ក្រុមហ៊ុន​របស់លោក​បាន​កំពុង​ពិចារណា​ដាក់​ញត្តិ​ម្ដងទៀត ប្រសិនបើ​គ្មាន​ការផ្ដល់​សំណង​សម្រាប់​ការបាត់បង់​ដើម​ម៉ៃសាក់​របស់​ក្រុមហ៊ុន​។​
 
​លោក​បាន​ថ្លែង​នៅក្នុង​ខែតុលា​នេះ​ថា​៖ «​ប៉ុន្តែ​ប្រសិនបើ​ស្ថាន​ភាពមិន​ត្រូវបាន​ដោះស្រាយ នោះ​ខ្ញុំ​មាន​កាតព្វកិច្ច​តំណាងអោយ​អ្នកវិនិយោគទុន​របស់​ខ្ញុំ ដើម្បី​រក​វិធានការ​ផ្លូវច្បាប់​ទាំងអស់ ដើម្បី​ទទួលបាន​សំណង​សម្រាប់​ការបាត់បង់ ហើយ​យើង​នឹង​ពិចារណា​នូវ​ឱកាស​បន្ទាប់ ប្រសិនបើ​យើង​មិន​ទទួលបាន​ដំណោះស្រាយ​»​។​
 
​បញ្ហា​ប្រឈម​សម្រាប់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​សហរដ្ឋអាមេរិក​ផ្ដល់​ឲ្យ​កម្ពុជា​នេះ កើតឡើង​ខណៈដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការស៊ើបអង្កេត​ទៅលើ​ការផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ហៅថា “​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​” (EBA) ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។​
 
​លោក Doug Ericksen ដែល​ក្រុមហ៊ុន​របស់លោក​ឈ្មោះ​PacRim Bridge និង​ត្រូវបាន​ជួល​ដោយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បញ្ចុះបញ្ចូល​សហរដ្ឋអាមេរិក​ឲ្យ​ប្ដូរ​ជំហរ បាន​និយាយថា​ទង្វើ​នេះ​ជា​ការមិន​ទទួលខុសត្រូវ ដោយសារ​វា​នឹង​ប៉ះពាល់​ការងារ​របស់​ប្រជាជន​កម្ពុជា​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ខ្ញុំ​គិតថា​នរណា​ក៏ដោយ​ដែល​តស៊ូ​មតិ​តាម​មធ្យោបាយ​នេះ គឺ​តស៊ូ​មតិ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាជន​កម្ពុជា​ដែល​កំពុងធ្វើការ និង​ប្រជាជន​ដែល​ទទួលផល​ពី​ឱកាស​សេដ្ឋកិច្ច​ដ៏​ធំធេង​នេះ​»​។​
 
​លោក Doug Ericksen ដែលជា​សមាជិក​ព្រឹទ្ធសភា​កំពុងកាន់​តំណែង​នៅក្នុង​រដ្ឋ​វ៉ាស៊ីនតោន​ស្តេត បាន​ថ្លែង​បែបនេះ​កាលពី​ខែកញ្ញា​។​
 
​ទោះជា​យ៉ាងណា លោក​បន្តថា​៖ «​ការចេញមុខ និង​តស៊ូ​មតិ​សម្រាប់​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​ប្រទេស​ទាំងមូល ដោយ​ផ្អែកលើ​ស្ថានភាព​តែមួយ មិន​ទំនងជា​ទង្វើ​សមរម្យ​មួយ​នោះទេ​»​។​
 
​លោក Ericksen បាន​ស្នើថា​ករណី​គួរ​ត្រូវបាន​ដោះស្រាយ​ដោយ​តុលាការ​នៅ​កម្ពុជា ប៉ុន្តែ​លោក​Mitchell​បាន​និយាយថា​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP នឹង​ជា​លទ្ធផល​នៃ​ការបរាជ័យ​របស់​អាជ្ញា​ធរ​កម្ពុជា​ដែល​មិនបាន​ស្វែងរក​ដំណោះស្រាយ​សម​ហេតុផល​មួយ​។​
 
​លោក Mitchell បាន​ថ្លែងថា​៖ «​ចុងក្រោយ វា​គឺជា​សេចក្ដីសម្រេចចិត្ត​នៃ​រដ្ឋាភិបាល​កម្ពុជា​ថា​ផ្ដល់នូវ​ដំណោះស្រាយ​យុត្តិធម៌ និង​សមធម៌​មួយ​ទៅលើ​បញ្ហា​នេះ ឬក៏​ប្រឈម​នឹង​ការបាត់បង់​អត្ថប្រយោជន៍​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP​សម្រាប់​ប្រជាជន​កម្ពុជា​»៕

ព័ត៌មានទាក់ទង