ភ្នំពេញ៖ សត្វផ្សោតជាប្រភេទសត្វជលផលកំពុងរងគ្រោះថ្នាក់មួយប្រភេទ ក្នុងចំណោមសត្វជលផលកំពុងរងគ្រោះថ្នាក់សរុប៥៨ ដែលបានកំណត់ក្នុងអនុក្រិត្យរបស់រាជរដ្ឋាភិបាល។ លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងបែបនេះ នៅក្នុងពិធី ទិវាសត្វផ្សោតទន្លេមេគង្គឆ្នាំ២០១៩ ក្រោមប្រធានបទ កើនផ្សោត កើនទេសចរ កើនជីវភាព កាលពីថ្ងៃទី២៥ ខែតុលា ។
លោក តុប សុភ័ក បានឲ្យដឹងថា បច្ចុប្បន្នសត្វផ្សោតនៅកម្ពុជាមានចំនួនសរុបប្រមាណ៩២ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលតម្រូវឲ្យមានការចិត្តទុកដាក់អភិរក្ស និងមានយុទ្ធសាស្ត្រអភិរក្សច្បាស់លាស់។
លោក សេង ទៀក នាយកអង្គការ WWF បានលើកឡើងថា អង្គការ WWF នៅកម្ពុជា បានសហការជាមួយរដ្ឋបាលជលផល និងខណ្ឌជលផលខេត្តក្រចេះ និងស្ទឹងត្រែង ដើម្បីការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ នាយកអង្គការ WWF រូបនេះបានឲ្យដឹងទៀតថា ក្នុងអំឡុងឆ្នាំ២០១៨-២០១៩ កូនផ្សោតថ្មីកើនឡើង២០ក្បាល ខណៈសត្វផ្សោតស្លាប់ចំនួន៦ក្បាល ។
ក្រៅពីនេះ អង្គការ បានយកចិត្តទុកដាក់លើគម្រោងប្ដូរមុខរបររបស់ប្រជាពលរដ្ឋពីការនេសាទខុសច្បាប់នៅជុំវិញតំបន់ការពារសត្វផ្សោត ដោយសហការជាមួយមន្ទីរទេសចរណ៍ រៀបចំបង្កើតសហគមន៍អេកូទេសចរណ៍ ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com