ភ្នំពេញ៖ ឪទឹនបុរាណប្រមាណ១៥០០ ត្រូវបានចាត់ទុកជាសម្បត្តិវប្បធម៌-ទេសចរណ៍នៅក្នុងខេត្តស្ទឹងត្រែង។ វត្ថុដែលមានអាយុកាលជាង១០០ឆ្នាំទាំងនេះ ជាកម្មសិទ្ធិរបស់រមណីយដ្ឋានបក្សីមេគង្គ ដែលស្ថិតនៅប្របដងទន្លេមេគង្គនៃក្រុងស្ទឹងត្រែង។ បើតាមលោក ឃឿន ម៉ានី ដែលជាអ្នកគ្រប់គ្រងម្នាក់នៅរមណីយដ្ឋាន ឪទឹនទាំងនោះ ត្រូវបានប្រមូលទិញ នារយៈពេល៥ឆ្នាំចុងក្រោយ ពីអ្នកភូមិនៅក្នុងខេត្ត និងបណ្តាខេត្តជិតខាង។
ជាបុគ្គលិកផ្នែកគ្រប់គ្រងទទួលបន្ទុកលើការប្រមូលទិញវត្ថុបុរាណមួយសម្រាប់រមណីយដ្ឋានបក្សីមេគង្គ លោក ឃឿន ម៉ានី បានបញ្ជាក់ថា ការប្រមូលទិញ «ឪទឹនបុរាណ» ប្រមាណ១៥០០ឪទឹន គឺដើម្បីរក្សាទុក និងដាក់តាំងលម្អនៅរមណីយដ្ឋាន ដើម្បីឲ្យក្លាយជាទីកន្លែងទេសចរណ៍បែបវប្បធម៌ នៅក្នុងតំបន់ និងក្នុងខេត្តស្ទឹងត្រែងទាំងមូល។
ឪទឹនបុរាណខ្មែរជាង១០ ដែលមានរូបរាងនិងពណ៌ស្រដៀងៗគ្នា ដែលដាក់តាំងនៅលើធ្នើឈើ ទាបៗកម្ពស់បីជាន់ដោយមានកន្ទេលកក៤មានពណ៌ចម្រុះ ផ្អែកពីមុខធ្នើឪទឹនទាំងនោះ ក្នុងផ្ទះឈើមួយកន្លែងស្ថិតនៅក្នុងរមណីដ្ឋានបក្សីមេគង្គ។ រូបថត៖ លោក ឃឿន ម៉ានី
ឪទឹនទាំងនោះ មាន១២ប្រភេទផ្សេងៗគ្នា ដែលមានអាយុកាលយ៉ាងហោចណាស់១៥០ឆ្នាំ។ លោក ម៉ានី បានបញ្ជាក់ថា ឪទឹនទាំងនោះ មានប្រភពមកពីតំបន់ផ្សេងៗគ្នា ហើយភាគច្រើនទិញបានពីអ្នកភូមិដែលនៅស្រុកឆ្លូង ខេត្តក្រចេះ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។
ហេតុអ្វីបានជាខាងលោកចំណាយប្រាក់ពិសេសចំណាយពេលវេលាជាច្រើនឆ្នាំ ក្នុងការដើរប្រមូលទិញឪទឹនទាំងនោះ? លោក ម៉ានី ពន្យល់ថា រមណីដ្ឋានបក្សីមេគង្គចង់រក្សាទុកនូវអ្វីដែលជារបស់ខ្មែរពីជំនាន់ដើម ហើយយកតាំងបង្ហាញគ្រប់ទីកន្លែងនៅរមណីយដ្ឋាននេះតែម្តង ក្នុងគោលបំណងលើកតម្កើងនូវវត្ថុបុរាណខ្មែរឱ្យកាន់តែមានតម្លៃ និងសម្រាប់បង្ហាញដល់សាធារណជន ពិសេសជនបរទេសឱ្យស្គាល់នូវអ្វីដែលជាសម្បត្តិវត្ថុបុរាណរបស់ខ្មែរ ក៏ដូចការបង្កើតនូវរមណីយដ្ឋានវប្បធម៌មួយដ៏មានភាពទាក់ទាញ និងប្លែកពីគ្នាផងដែរ។
ស្ត្រីមួយរូបកំពុងថតរូប(Selfile)ជាមួយឪទឹនបុរាណខ្មែរជាច្រើន ដែលបានរៀបនៅសងខាងផ្លូវដើរចូលផ្ទះឪទឹនទាំងនោះ ក្នុងទីធ្លារមណីដ្ឋានបក្សីមេគង្គ។ រូបថត៖ លោក ឃឿន ម៉ានី
«ឪទឹននីមួយៗ ដែលខាងរមណីយដ្ឋានខ្ញុំបានទិញពីបងប្អូនប្រជាពលរដ្ឋយើង មានតម្លៃ៣ម៉ឺនរៀល រហូតដល់២០ម៉ឺនរៀល ដោយអាស្រ័យលើរូបរាង គុណភាព និងទំហំតូច-ធំនៃឪទឹន។ ហើយឪទឹនដែលយើងប្រមូលទិញនោះ មានអាយុកាល គឺមិនក្រោម១៥០-២០០ឆ្នាំ នោះទេ។ គិតមកពេលនេះ រមណីយដ្ឋានយើងខ្ញុំ បានចំណាយប្រាក់អស់ប្រមាណពី៣ទៅ៤ម៉ឺនដុល្លារ ហើយ។ តម្លៃនេះ យើងមិនបានគិតទៅលើការទិញវត្ថុបុរាណផ្សេងៗនោះទេ»។ លោកបានពន្យល់យ៉ាងដូច្នេះ ប្រាប់សារព័ត៌មាន ThmeyThmey។
បើតាម លោក ឃឿន ម៉ានី ក្រៅពីដើរប្រមូលទិញឪទឹនគ្រប់ប្រភេទនោះ រមណីដ្ឋានបក្សីមេគង្គ ក៏បានទិញវត្ថុបុរាណផ្សេងៗពីគ្នាជាច្រើនទៀត ប្រមាណពី៣០-៤០មុខ ក្នុងនោះមានដូចជា ប្រដាប់បុកស្លា-ម្លូ, កំសៀវទឹក, ចាន, ផ្តិល និងជើងពាន រួមទាំង ស្ពាន់ កង់រទះគោ និងចង្កៀង ផងដែរ។
ឪទឹនបុរាណខ្មែរជាច្រើនដែលមានរូបរាងប៉ុនគ្នា ត្រូវបានគេរៀបធ្វើជារូបបេះដូង សម្រាប់លម្អទីធ្លា នៅក្នុងរមណីដ្ឋាន ដោយមានតងសម្រាប់គេង៥បានរៀបជាជួរនៅមុខឪទឹនដែលមានរូបបេះដូងនោះ។ រូបថត៖ លោក ឃឿន ម៉ានី
លោក ម៉ានី បានអះអាងថា វត្ថុបុរាណខ្លះ ត្រូវបានបន្សល់ទុកពី៣ទៅ៤ជំនាន់ ដោយអ្នកភូមិខ្លះ មានត្រឹមតែ១ ឬ២ប៉ុណ្ណោះនៅក្នុងផ្ទះ ហើយឪទឹនបុរាណទាំងនោះ ភាគច្រើនធ្លាប់ត្រូវបានប្រើសម្រាប់ដាក់ទឹក, ដាក់ថ្នាំជក់, ផ្អក-ប្រហុកជាដើម។ បច្ចុប្បន្ន មរណីដ្ឋានបក្សីមេគង្គនៅតែប្រមូលទិញឪទឹន និងវត្ថុបុរាណខ្មែរគ្រប់ប្រភេទទៀត។
ក្រោយការត្រួតពិនិត្យ វាយតម្លៃ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង បានចុះបញ្ជីឪទឹន ដែលជាវត្ថុបុរាណប្រចាំរមណីដ្ឋានបក្សីមេគង្គ ចូលជាសម្បត្តិវប្បធម៌-ទេសចរណ៍។ លោកម៉ានី អះអាងថា៖«វត្ថុបុរាណខ្មែរ ដែលខាងយើងប្រមូលទិញបាន...គឺយើងមិនលក់វិញទេ។ មានបងប្អូនយើងមួយចំនួនដែលចូលមកទស្សនាវត្ថុបុរាណខ្មែរទាំងនោះចង់ទិញពីខាងខ្ញុំក្នុងតម្លៃទ្វេដងតែខាងខ្ញុំក៏មិនលក់ជូនឡើយ»។
រូបឯកសារ ដែលបង្ហាញអំពីនារីវ័យក្មេងមួយរូប កំពុងឈរដងទឹកពីឪទឹនងូត។ រូបថត៖ លោក ឃឿន ម៉ានី
ThmeyThmey មិនទទួលបានការឆ្លើយតបពីមន្ត្រីមន្ទីរវប្បធម៌ខេត្តឡើយ ប៉ុន្តែលោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានវាយតម្លៃខ្ពស់ចំពោះសកម្មភាព របស់ម្ចាស់រមណីដ្ឋានបក្សីមេគង្គ។ «ការចេះកែច្នែ និងស្វែងរកវត្ថុបុរាណខ្មែរនានា គឺបានរួមចំណែកអភិរក្ស និងលើកតម្កើងសម្បត្តិដូនតា ហើយថែមនាំឲ្យរមណីយដ្ឋានមានភាពសម្បូរបែបផ្នែកវប្បធម៌ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ មកទស្សនា ស្វែងរក និងសិក្សាពីវិស័យទេសចរណ៍នៅក្នុងខេត្តស្ទឹងត្រែង បានកាន់តែស៊ីជម្រៅ»។
លោកបានរៀបរាប់ថា ស្ទឹងត្រែងគឺជាខេត្តដែលមានសក្កានុពលទេសចរណ៍ខ្លាំង ផ្នែកអេកូទេសចរណ៍ ដោយពោរពេញទៅដោយសម្បត្តិធម្មជាតិជាច្រើនដែលមានភាពទាក់ទាញ។ តំបន់ទេសចរណ៍ក្នុងខេត្តស្ទឹងត្រែងនោះមាន រមណីយដ្ឋានកោះហាន រមណីយដ្ឋានទឹកជ្រោះសុភមិត្រឬទឹកធ្លាក់ព្រះនិមិត្ត រមណីយដ្ឋានឆ្នេរខ្សាច់សេកុង រមណីយដ្ឋានកោះខេ រមណីយដ្ឋានអន្លង់ផ្សោតឈើទាល រមណីយដ្ឋានបុប្ផាភ្លុក រមណីយដ្ឋានអូរច្រឡង់ និងរមណីយដ្ឋានបែបអេកូផ្សេងៗទៀត។
ក្រៅពីតំបន់អេកូទេសចរណ៍ ខេត្តស្ទឹងត្រែង ក៏មានតំបន់បែបវប្បធម៌-ប្រពៃណីផងដែរ នោះគឺការសិក្សានិងស្វែងយល់ពីរបៀបរស់នៅរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅក្នុងស្រុកសៀមបូ និងសៀមប៉ាង ជាដើម៕
ឪទឹនបុរាណខ្មែរមួយត្រូវបានគេយកមករៀបដាក់នៅលើតុទទួលទានអាហារ ក្បែរកង់រទះគោបុរាណមួយ ក្នុងអាហារដ្ឋានមួយកន្លែងនៅរមណីដ្ឋានបក្សីមេគង្គ។ រូបថត៖ លោក ឃឿន ម៉ានី
មានកង់រទះគោបុរាណ១ ត្រូវបានគេយកធ្វើជាក្បាលគ្រែសម្រាប់អង្គុយ និងមានកង់រទះ៣ទៀត កំពុងតាំងនៅចំហៀងផ្ទះនៅចន្លោះកន្ទេលកកនីមួយៗ។ រូបថត៖ លោក ឃឿន ម៉ានី
ស្ត្រីបុរាណមួយរូបស្លៀកបំពាក់បែបប្រពៃណី ដែលកំពុងឈរនៅពីមុខឪទឹនជាច្រើន ត្រូវបានគេថត ដោយគ្របដណ្តប់ដោយដើមឈើតូចៗ ពោរពេញដោយស្លឹកបៃតង។រូបថត៖ លោក ឃឿន ម៉ានី
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com