ក្រសួងបរិស្ថាន នឹង​យក​សាកសព​សត្វ​ប្រើស ទៅធ្វើជា​រូបសំណាក​

30/11/-0001 12:00 am ព្រះវិហារ

ភ្នំពេញ​៖ ក្រសួងបរិស្ថាន នឹង​យក​សាកសព​សត្វ​ប្រើស ទម្ងន់​២០០​គីឡូក្រាម ទៅធ្វើជា​រូបសំណាក ដើម្បី​ទុកឱ្យ​សាធារណជន​ទស្សនា​។ សាកសព​សត្វ​ប្រើស​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​បុស្ស​ធំ ខេត្តព្រះវិហារ ប្រទះឃើញ កាលពី​ថ្ងៃទី​១៦ តុលា​។ សត្វ​ប្រើស​នោះ ត្រូវបាន​ព្រានព្រៃ​បាញ់សម្លាប់​ត្រ​ង់ក ដោយ​គ្រាប់កាំភ្លើង​កែច្នៃ​។
 
​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា ក្រោយពី​ពលរដ្ឋ​ប្រារព្ធ​ពិធី​ធ្វើបុណ្យ​តាមបែប​សាសនា ឲ្យ​សត្វ​ប្រើស​នោះ​រួចមក មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ក៏បាន​ដឹកយក​សាកសព​សត្វ​ប្រើស​នោះ មក​ខេត្តសៀមរាប ដើម្បី​ឲ្យ​អ្នកជំនាញ​រៀបចំ​ធ្វើជា​រូបសំណាក សម្រាប់​ទុក​បម្រើ​ផលប្រយោជន៍ ក្នុងការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​អំពី​ជីវៈចម្រុះ និង​ប្រភេទ​សត្វ​ប្រើស ។ 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក នេត្រ ភក្ត្រា បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ប្រឡេះ​តែ​ស្បែក និង​យក​ឆ្នឹង​របស់​វា​(​សត្វ​ប្រើ​សងាប់​)​តែប៉ុណ្ណោះ ក្រៅពី​ហ្នឹង​យើង​យកទៅ​ទុក​នៅ​ទីពិសោធន៍​។ យើង​ធ្វើ​រូបសំណាក​នេះ យើង​មាន​អ្នកជំនាញ​ធ្វើ​យ៉ាងម៉េច កុំ​ឲ្យ​ធុំក្លិន និង​ដាក់​សារធាតុ​មួយចំនួន ដើម្បី​កុំ​ឲ្យ​វា​រលួយ​។ បន្ទាប់មក​គេ​ដេរ​ឡើងវិញ និង​ញាត់​សំឡី​នៅ​ពី​ក្នុង ដើម្បី​ឲ្យ​ចេញ​ជា​រូបសំណាក​សត្វ​ប្រើស​នេះ​។ រូបសំណាក​នេះ សម្រាប់​ដាក់តាំង​បង្ហាញ​ឲ្យ​សាធារណជន​ទស្សនា​ក្នុង​កម្មវិធី​តាំងពិព័រណ៍​នានា​។ 
 
​ដើម្បី​ទប់ស្កាត់​នឹង​ការបាត់បង់​សត្វព្រៃ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ជំរុញ​ឲ្យ​សមត្ថកិច្ច​យកចិត្តទុកដាក់​លើ​ការអនុវត្ត​ច្បាប់​ប្រឆាំងនឹង​ជនល្មើស និង​អ្នកប្រើប្រាស់​អាវុធ​កែច្នៃ​ខុសច្បាប់​។ «​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ជនល្មើស​បរបាញ់​សត្វព្រៃ ឬ​លក់​សាច់​សត្វព្រៃ សូម​រាយការណ៍​ជាបន្ទាន់​ទៅកាន់​មន្ត្រី​បរិស្ថាន ឬ​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ នេះ​បើតាម​លោក នេ​ត ភក្ត្រា ដែល​បាន​បន្ថែមថា ការបំផ្លិចបំផ្លាញ​សត្វព្រៃ​ត្រូវ​ប្រឈមមុខ​ច្បាប់​។​
 
​អ្នកនាំពាក្យ​រូបនេះ បាន​សង្កត់ធ្ងន់ថា បើ​ពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ នៅតែ​បន្តកាន់កាប់​អាវុធ​កែច្នៃ​ខុសច្បាប់ និង​លួច​ចូល​ព្រៃ​បរបាញ់​សត្វ និង​ដាក់​អន្ទាក់​ចាប់​សត្វ​ខុសច្បាប់ នឹងត្រូវ​ប្រឈមមុខ​ច្បាប់ ប្រសិនបើ​សមត្ថកិច្ច​បង្ក្រាបបាន​។ «​ចំនួន​នៃ​បទល្មើស​មានការ​ថយចុះ​ដោយសារតែ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ប្រឆាំងនឹង​ក្រុម​ជនល្មើស ការទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស និង​ការដក​អន្ទាក់​ពី​ក្នុងព្រៃ ការចុះ​ផ្សព្វផ្សាយ​អប់រំ ណែនាំ ការចុះ​បិទ​ខិត្តប័ណ្ណ រាយការណ៍​ពីបទ​ល្មើស​សត្វព្រៃ​ផ្សេងៗ​»​។ នេះ​ជាការ​អះអាង​របស់​រដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន ដែល​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​បាញ់សម្លាប់​សត្វព្រៃ​ខុសច្បាប់ និង​កុំ​បរិភោគ​សាច់សត្វ​ព្រៃ ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​។​
 
​បើតាម​លោក នេ​ត ភក្ត្រា ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយនេះ មាន​សត្វ​ប្រើស​ចំនួន​៣​ក្បាល​ហើយ​ដែល​ត្រូវបាន​ងាប់​ដោយសារ​ព្រានព្រៃ​បាញ់ និង​រថយន្តបុក​ស្លាប់​។ សូមបញ្ជាក់ថា តំបន់​ធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ​ក្នុង​ទំហំ​ប្រមាណ​៧,៥​លាន​ហិកតា នៅ​កម្ពុជា ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​១២២០​នាក់ ដែលមាន​តួនាទី​ដើរល្បាត ការពារ និង​អភិរក្ស​ជីវៈចម្រុះ​។ បើតាម​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន សត្វព្រៃ​ជាច្រើន មាន​ចំនួន​កើនឡើង​ក្នុង​តំបន់ការពារធម្មជាតិ ដូចជា​ប្រភេទ​សត្វ​ជ្រូកព្រៃ ប្រើស ខ្លាឃ្មុំ ស្វា​ក្រវ៉ាត់ មាន់ព្រៃ សំពោច​ភ្នំ ឈ្លូស​និង​សត្វ​ជាច្រើន​ប្រភេទ​ទៀត ក្នុងនោះ​មាន​ទាំង​សត្វ​កម្រ​ផង ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា​៕
 
 
 

ព័ត៌មានទាក់ទង