ជា​អ្នករស់នៅ​ភ្នំពេញ តែ យ៉ិ​ន រាសី ចូលចិត្ត​ដើរ​ផ្សងព្រេង​តាម​ព្រៃភ្នំ បំបាត់​ភាពស្មុគស្មាញ​

30/11/-0001 12:00 am កំពង់ស្ពឺ

​ភ្នំពេញ​៖«​ពេលខ្លះ​មនុស្ស​យើង​គិតថា មនុស្ស​ស្រី​ខ្សោយ ប៉ុន្តែ ការដើរ​ព្រៃ​ផ្តល់​ភាពក្លាហាន​ដល់​យើង​។ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រស់ស្រាយ​, ផ្តល់​ភាព​រីករាយ​ដល់​ខ្ញុំ​, វា​ជា​ចំណូលចិត្ត​របស់ខ្ញុំ ហើយ​វា​ក៏​ជួយ​ដល់​សុខភាព​របស់ខ្ញុំ​ដែរ ពីព្រោះ​ដូចជា​ការហាត់​ប្រាណ​មួយ​អីចឹង​»​។ នេះ​ជាស​ម្តី​របស់​យុវតី​វ័យ​២៥​ឆ្នាំ យ៉ិ​ន រាសី ដែល​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​តាម​ព្រៃភ្នំ​នៅក្នុង​ប្រទេស​កម្ពុជា ដូចជា​ព្រៃ​គិរី​រម្យ​, ភ្នំ​ចំបក់​, ភ្នំ​ថ្ម​ក្រាល​, ភ្នំ​ស្រង់ និង​ភ្នំ​ឱ​រ៉ា​ល់​ជាដើម​។​
 
​ជីវិត​ដែល​ពោរពេញ​ទៅដោយ​សេចក្តីសុខ​ផ្លូវចិត្ត​របស់ រាសី ដែល​កើត​និង​ធំ​ដឹងក្តី​នៅ​រាជធានី​ភ្នំពេញ គឺជា​ជីវិត​រស់នៅ​បែប​ធម្មជាតិ​ស្ងប់ស្ងាត់​តាម​ព្រៃភ្នំ ជាជាង​ការរស់នៅ​ក្នុង​ទីក្រុង​ដោយ រាសី យល់ឃើញ​យ៉ាង​ដូច្នេះ​៖«​ឲ្យ​តែ​ពេល​បាន​ដើរទៅ​ដល់​ព្រៃ គឺជា​ក្តី​សុខ​មួយ​ដែល​ពិបាក​រៀបរាប់​ពី​សេចក្តីសុខ​ហ្នឹង​ណាស់ ចង់ទៅ​រស់នៅ​ក្នុងព្រៃ​ជាង​។ ខ្ញុំ​គិតថា រស់នៅ​ភ្នំពេញ គឺ​ធុញថប់ ផ្លូវ​ស្ទះ​រាល់ថ្ងៃ​ត្រូវ​ជួបនឹង​ផ្សែង​យានយន្ត ជួបនឹង​សំឡេង​មនុស្ស​អ៊ូអរ ថ្លង់ និយាយ​ទៅ​វា​តប់ប្រមល់​ខ្លាំង​ពេល​នៅក្នុង​ទីក្រុង​។ បើ​យើង​នៅក្នុង​ព្រៃ​វិញ ស្ងប់ស្ងាត់ ឮ​តែ​សំឡេង​សត្វ​យំ ឮ​សំឡេង​ទឹកជ្រោះ មាន​អារម្មណ៍​ថា មាន​ក្តី​សុខ​មែនទែន​»​។​

សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​កញ្ញា យ៉ិ​ន រាសី ដែល​ចូលចិត្ត​ធ្វើដំណើរ​កំសាន្ត​ដើរ​ព្រៃ​ដូចតទៅ​៖
 

 
​ដំណើរ​ផ្សងព្រេង​ក្នុងព្រៃ​ភ្នំ​បាន​បង្រៀន​ជីវិត​កូនស្រី​អ្នក​ភ្នំពេញ យ៉ិ​ន រាសី កាន់តែរឹងប៉ឹង ក្លាហាន និង​ចេះ​រៀន​រស់​ជា​ក្រុម​។ រឹងប៉ឹង គឺ​បើ​ទោះ​ខ្លួន​ជា​មនុស្ស​ស្រី​មាន​កម្លាំង​ខ្សោយ ជំហាន​ជើង​ខ្លី ដើរ​មិនទាន់​បុរស​ក៏ពិតមែន តែ រាសី នៅតែ​ប្រឹងប្រែង​ដើ​រហូតដល់​គោលដៅ​។ អារម្មណ៍​ខ្លាច​សត្វ​មាន​ពិស ខ្លាច​ខ្មោច និង​ពេលខ្លះ​គេង​មិន​លក់ ដោយសារ​មេឃ​ត្រជាក់​ខ្លាំងពេក ឬ​ពេល​មេឃ​ភ្លៀង​អីចឹង ពិបាក​គេង​បន្តិច តែ​ជំរុញ​ឲ្យ​កញ្ញា រាសី មាន​ភាពក្លាហាន​ជម្នះ​នឹង​ផល​លំបាក​ទាំងអស់នេះ​។​
 
​លើសពីនេះទៅទៀត យុវ​ត្តី​វ័យ​២៥​ឆ្នាំ យ៉ិ​ន រាសី បាន​រៀបរាប់​ពី​ការដើរ​ព្រៃ​ជា​ក្រុម ដែល​អាច​រៀន​រស់​ជាមួយគ្នា​និង​ចេះ​សហការគ្នា​ដូច្នេះ​ថា ការដើរ​ព្រៃ​លក្ខណៈ​ជា​ក្រុម​អីចឹង​មានការ​ចែករំលែក​គ្នា យើង​អត់​ខ្វល់​ថា​មានអី​ញាំ​ទេ គឺ​យើង​ញាំ​ទាំងអស់​។ ហើយ​អ្វីដែល​ពិសេស​មួយទៀត យើង​មិនបាច់​ទិញ​គេ​ទេ គឺ​យើង​អាច​ស្វែងរក​(​ក្នុងព្រៃ​)​ខ្លួនឯង ដូចជា ប្រភេទ​ផ្សិតព្រៃ ឫ​ផ្លែឈើព្រៃ ឫ​វល្លិ​ព្រៃ ដែល​អាច​យកមក​ស្ល​បាន អីចឹង​ហើយ​យើង​ញាំ​បែប​ធម្មជាតិៗ​។​
 
​ក្រៅពី​ចំណង់​ចំណូលចិត្ត​ដើរ​កម្សាន្ត​បែប​ផ្សងព្រេង​តាម​ព្រៃភ្នំ​ជាច្រើន​នៅ​កម្ពុជា យុវ​ត្តី​ដែល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ភ្នំពេញ យ៉ិ​ន រាសី ក៏​ប៉ង​ផ្សងព្រេង​ឡើង​ភ្នំ Everest ដែល​ខ្ពស់ជាង​លើ​ពិភពលោក​ជាមួយនឹង​ក្រុម​ដើរ​ព្រៃរបស់​កញ្ញា​ផងដែរ​៕

ព័ត៌មានទាក់ទង