ឡាន​អគ្គ​ស្នងការរង ត្រូវ​ប៉ូលិស​ចរាចរណ៍ ចាប់​ផាក​៤​ម៉ឺន​រៀល ដោយសារ​បើក​លើស​ល្បឿន​

30/11/-0001 12:00 am ស្ទឹងត្រែង

​រថយន្ត​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ ត្រូវបាន​នគរ​បាលច​រាច​រណ៍ ឃាត់​និង​ផាកពិន័យ​អស់​៤​ម៉ឺន​រៀល នៅលើ​ផ្លូវជាតិ​លេខ​៧៨ ក្នុង​ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ ដោយសារតែ​អ្នកបើកបរ​របស់លោក​ឈ្មោះ នៅ ពិសី បើក​លើស​ល្បឿន​កំណត់​។



​អនុសេនីយ៍ឯក ប្រាក់ ភិរម្យ ដែលជា​អ្នក​ចាប់​ផាក​រថយន្ត​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ក្នុង​ច្បាប់​ចរាចរណ៍ អ្នកបើកបរ អាច​បើក​ក្នុង​ល្បឿន​ត្រឹម​៦០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ក្នុង​១​ម៉ោង ប៉ុន្តែ​អ្នកបើកបរ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បើក​ដល់​ទៅ​៨៧​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។

យ៉ាងណា លោក​អនុសេនីយ៍ឯក បាន​សរសើរ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ដែល​ស្ម័គ្រចិត្ត​ទទួលយក​ការផាកពិន័យ ដោយ​មិន​ប្រកែក​ឬ​ជំទាស់​អ្វី​ទាំងអស់​។ ​នគរបាល​ចរាចរណ៍​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​គាត់​ល្អ​ណាស់ ខ្ញុំ សូម​សរសើរ​គាត់ គាត់​អត់​មាន​អាង​អំណាច​អី​ដូច​គេ​ទេ គាត់​ចូលរួម​គោរ​ពច្បាប់​»​។

​ក្រោយ​រង​ការផាកពិន័យ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​បង្ហោះ​បង្កាន់ដៃ ដែល​នគរបាល​ចរាច​រណ៍​ផាកពិន័យ លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក (Someth Kheng) ដោយ​អម​ជាមួយនឹង​សំណេរ​បែបនេះ​ថា​៖«​កុំ​ចេះតែ​ហ៊ាន នៅ ពិសី មានទោស​ដូចគ្នា ឲ្យ​តែ​ខុសច្បាប់​...»៕

ព័ត៌មានទាក់ទង