លោក ប៊ូ ថង សមាជិកអចិន្ត្រៃយ៍ CPP ទទួលមរណភាពក្នុងអាយុ៨២ឆ្នាំ
លោក ប៊ូ ថង ទីប្រឹក្សាសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួលមរណភាព កាលពីម៉ោង១ និង២០នាទី យប់ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងអាយុ៨២ឆ្នាំ។ នេះបើតាមការអះអាងរបស់លោកទេសរដ្ឋមន្ត្រី លី ធុជ តាមរយៈហ្វេសប៊ុករបស់ខ្លួន ហើយលោក ថង សាវុន អភិបាលខេត្តរតនគិរី ដែលជាកូនប្រុសបង្កើត បានសរសេរថា «ខ្ញុំកាន់ទុក្ខ» រួមទាំងបង្ហោះរូបថតអនុស្សាវរីយ៍ជាមួយឪពុករបស់ខ្លួនផងដែរ។
លោក ប៊ូ ថង កើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៣៩ នៅភូមិកាចូន ឃុំកាចូន ស្រុកវ៉ឺនសៃ ខេត្តរតនគិរី។ លោកជាព្រឹទ្ធាចារ្យម្នាក់នៅក្នុងគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងចលនារំដោះប្រទេសចេញពីរបបខ្មែរក្រហម។ លោកជាអតីតកងកម្លាំងខ្មែរឥស្សរៈ ហើយកាន់តួនាទីជាប្រធានយោធាតំបន់១ ខេត្តរតនគិរី និងជំនួយការយោធានយោបាយភូមិភាគឦសាន។
លោកបានក៏បានទៅសិក្សានៅវៀតណាមផងដែរ។ នៅឆ្នាំ១៩៧៣ លោក ប៊ូ ថង បានរៀបការជាមួយលោកស្រី ខាំ ភៀន នៅ ដោយមានកូនស្រី២នាក់ និងកូនប្រុស១នាក់ ពោលគឺលោក ថង សាវុន អភិបាលខេត្តរតនគិរី នាពេលបច្ចុប្បន្ន។
នៅឆ្នាំ១៩៧៤ លោក ប៊ូ ថង បានរត់ភៀសខ្លួនទៅវៀតណាម ហើយបន្ទាប់មកបានចូលរួមក្នុងចលនារណសិរ្សសង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះប្រទេសចេញពីរបបខ្មែរក្រហម។ ក្រោយមកលោកក្លាយជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស ហើយក្លាយសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជារហូតមក។
លោកជាអតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ចន្លោះពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៦ ដោយមានឋានន្តរសក្តិជាឧត្តមសេនីយ៍ផ្កាយមាស៤។ លោកមានតំណែងជាឧបនាយករដ្ឋមន្ត្រីដល់ឆ្នាំ១៩៩១ ហើយធ្លាប់ធ្វើជាតំណាងរាស្ត្រខេត្តព្រះវិហារផងដែរ។
ក្រោយការបោះឆ្នោតអណត្តិទី១ លោក ប៊ូ ថង ក្លាយជាតំណាងរាស្ត្រខេត្តរតនគិរី ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១២ ហើយបន្ទាប់មក ជាប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ មុនពេលសុំចូលនិវត្តន៍ ហើយទទួលបានតួនាទីជាទីប្រឹក្សាសម្តេច សាយ ឈុំ ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០១៦មក។

លោក ប៊ូ ថង ត្រូវបានចាត់ទុកជាវីរបុរសម្នាក់របស់ពលរដ្ឋនៅភូមិភាគឦសាន ជាពិសេសខេត្តរតនគិរី ដឹកដីកំណើតរបស់ខ្លួនផ្ទាល់។ សពរបស់លោកនឹងតម្កល់ធ្វើបុណ្យនៅគេហដ្ឋានរបស់ព្រឹទ្ធាចារ្យ ក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕
(ប្រភពរូបថត៖ ហ្វេសប៊ុក អភិបាលខេត្តរតនគិរី)

-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com