ពលរដ្ឋជាង២០០០គ្រួសារ នៅស្រុកទាំង៦ក្នុងខេត្តស្ទឹងត្រែង ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយសាររងការជនលិចពីការកើនឡើងនៃកម្ពស់ទឹកទន្លេមេគង្គ។
ទឹកទន្លេមេគង្គបន្តកើនឡើង ធ្វើឲ្យស្រុកទាំង៦នៅទូទាំងខេត្តស្ទឹងត្រែងមានការជន់លិចតាមតំបន់ ហើយស្រុកបុរីអូរស្វាយសែនជ័យរងការជន់លិចខ្លាំង។ នេះបើតាមលោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅថ្ងៃទី៧កញ្ញា ឆ្នាំ២០១៩។
លោក ម៉ែន គុង បានអះអាងថា៖ «ពលរដ្ឋជាង៦ពាន់គ្រួសាររងការជន់លិច ហើយក្នុងនោះមានជាង២ពាន់គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទទួលសុវត្ថិភាព ដោយឡែកគ្រួសារដែរនៅសល់គឺរងការជន់លិចតិចតួចមិនទាន់ប្រឈមមានការប្រឈមគ្រោះថ្នាក់អ្វីឡើយ»។
ចំពោះការអន្តរាគមន៍ជួយពលរដ្ឋ មានការចូលរួមពីមន្ត្រីកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចុះសហការគ្នាជួយពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជន់លិច។ នេះជាការលើកឡើងបន្ថែមរបស់អ្នកនាំពាក្យខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា ទន្លេមេគង្គ - ស្ទឹងត្រែង មានកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្នត្រឹម ១០.៧០ ម៉ែត្រ ។ រីឯ ទន្លេមេគង្គ - ក្រចេះ មានកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្នត្រឹម ២០ ម៉ែត្រ ។
បើតាមការព្យាករណ៍កម្ពស់ទឹកតាមស្ថានីយជលផលរបស់ ក្រសួងធនធានទឹក នៅ ថ្ងៃទី ៨-១០ កញ្ញា ឆ្នាំ ២០១៩ ទន្លេមេគង្គ - ស្ទឹងត្រែង និង ក្រចេះ នឹងចុះស្រកវិញជាបន្តបន្ទាប់ ។ រីឯ ទន្លេបាសាក់ - កោះ ខែល នឹងមានកម្ពស់ទឹកឡើងជាបន្តបន្ទាប់ វិញ ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com