ជន់លិច៖ ពលរដ្ឋជាង៣០០គ្រួសារនៅស្ទឹងត្រែង ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព

30/11/-0001 12:00 am ស្ទឹងត្រែង

ពលរដ្ឋជាង៣០០គ្រួសារ នៅស្រុកបុរីអូរស្វាយសែនជ័យ ស្រុកសៀមបូក ស្រុកសេសាន និង ក្រុងស្ទឹងត្រែង ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយសាររងការជនលិចពីការកើនឡើងនៃកម្ពស់ទឹកទន្លេមេគង្គ។



ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ លោក ម៉ែន គុង អ្នកនាំពាក្យខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖«ក្នុងចំណោមពលរដ្ឋ៣០០គ្រួសារដែលត្រូវជម្លៀស មានស្រុកបុរីអូរស្វាយសែនជ័យទទួលរងការជន់លិចនិងជម្លៀសច្រើនជាងគេ។ អាជ្ញាធរបានជម្លៀសពលរដ្ឋជាង៣០០ទៅកាន់ទីទួល តាមតំបន់ដូចជាវត្តអារាម សាលារៀន និងទីស្នាក់ការរបស់រដ្ឋជាដើម»។

ដោយសារទឹកទន្លេមេគង្គកើនឡើងយ៉ាងគំហុក ធ្វើឲ្យតំបន់ទាំង៤ខាងលើ រងការជន់លិចខ្លាំង ស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន។ ដោយឡែក ស្រុកពីរទៀត គឺស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមប៉ាង មិនទាន់ទទួលបានដំណឹងអំពីស្ថានភាពនៅឡើយទេ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ម៉ែន គុង ពីស្ថានភាពទឹកជំនន់នៅខេត្តស្ទឹងត្រែងនៅព្រឹកម៉ោង១១ថ្ងៃទី៥កញ្ញា ឆ្នាំ២០១៩។

ទឹកទន្លេមេគង្គ ក្នុង ខេត្តស្ទឹងត្រែង មានកម្ពស់ រហូតដល់ ១១.៥៩ ម៉ែត្រ នាថ្ងៃទី៥ កញ្ញានេះ ។ យោងតាមព្រឹត្តិបត្រព័ត៌មាន និង ការព្យាករណ៍កម្ពស់ទឹករបស់ក្រសួងធនធានទឹក កម្ពស់នេះ គឺ លើសពីកម្រិតប្រុងប្រយ័ត្ន ក្នុងកម្ពស់ ត្រឹម ១០.៧០ ម៉ែត្រ៕

ព័ត៌មានទាក់ទង