ជើងភ្នំ​ឱ​រ៉ា​ល់​នា​ខេត្តកំពង់ឆ្នាំង មាន​កសិដ្ឋាន​ចិញ្ចឹម​ចៀម​ជិត​១០០​ក្បាល

30/11/-0001 12:00 am កំពង់ឆ្នាំង

​ភ្នំពេញ​៖  លោក ប៊ុន ចាន់​វីរៈ បាន​បង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ​ចៀម នៅជាប់​ជើងភ្នំ​ឱ​រ៉ា​ល់ ក្នុងភូមិ​ខ្វិត​ទួល​ឃ្លាំង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ បច្ចុប្បន្ន កសិដ្ឋាន​នេះ មាន​ចៀម​សរុប​៧៧​ក្បាល នឹង​បង្កើន​រហូតដល់​ចំនួន​២​ពាន់​ក្បាល នាពេលខាងមុខ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។  ម្ចាស់​កសិដ្ឋាន​រូបនេះ បាន​អះអាងថា បច្ចេកទេស​នៃ​ការចិញ្ចឹម​សត្វ​ចៀម​នេះ គឺ​បានមក​ការសិក្សា​ស្រាវជ្រាវ និង​រៀនសូត្រ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​(Internet)​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ThmeyThmey​តាម​ទូរ​សព្ទ សត្វ​ចៀម​ដែល​លោក​ចាន់​វីរៈ​ចិញ្ចឹម​នេះ គឺជា​ប្រភេទ​ចៀម​ចិញ្ចឹម​យក​សាច់ ដែល​សាក​សម​នឹង​ជាមួយ​អាកាសធាតុ​កម្ពុជា​។ លោក​បាន​បន្ត​សត្វ​ចៀម មាន​បី​ប្រភេទ គឺ​ចៀម​ចិញ្ចឹម​យក​រោម ចិញ្ចឹម​យក​ទឹកដោះ និង​ចិញ្ចឹម​យក​សាច់​។ បើតាម​ម្ចាស់​កសិដ្ឋាន​វ័យ​២៤​ឆ្នាំ​រូបនេះ មុន​លោក​នឹង​សម្រេចចិត្ត​ចិញ្ចឹម​ចៀម​ដោយ​ទទួលបាន​ជោគជ័យ​នេះ  គឺ​លោក​បាន​ចិញ្ចឹមសត្វ​ពពែ ប៉ុន្តែ​ដោយសារ​ពពែ​ជា​សត្វ​មិន​ធន់​នឹង​អាកាសធាតុ ឈឺ​ច្រើន ទើប​លោក​សម្រេចចិត្ត​មក​ចិញ្ចឹមសត្វ​ចៀម​វិញ​រហូតដល់​សព្វថ្ងៃនេះ​។ 

 
 
​លោក ប៊ុន ចាន់​វីរៈ​បាន​និយាយ​ដូច្នេះ​៖«​មកដល់​បច្ចុប្បន្ននេះ ខ្ញុំ​ចិញ្ចឹមសត្វ​ចៀម​បាន​រយៈពេល​២​ឆ្នាំ​មកហើយ សត្វ​ចៀម​ទាំងនេះ គឺ​មិនដែល​ឈឺ​ម្តង​ឡើយ​។ សត្វ​ចៀម​នេះ វា​ធន់​នឹង​អាកាសធាតុ ហើយ​វា​ស្រួល​ចិញ្ចឹម ជាង​សត្វ​ពពែ គោ មាន់ ទា ជ្រូក ទៅទៀត ព្រោះ​វា​ស៊ី​តែ​ស្មៅ ដែលមាន​ស្រាប់​នៅ​លើដី​របស់ខ្ញុំ​ជាង​១០០​ហិកតា​។  សត្វ​ចៀម​នេះ គឺ​ខ្ញុំ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​»​។ 
 
​លោក​បាន​បន្ថែមថា ចៀម​មួយ​ក្បាលមាន​ទម្ងន់​៣០​គីឡូក្រាម តម្លៃ​លក់​លើ​ទីផ្សារ​ពី​១៥០-១៨០​ដុល្លារ ហើយ​ជាទូទៅ​សត្វ​ចៀម​អាច​ពពោះ​២​ដង​ក្នុង​មួយឆ្នាំ​។ ការ​ពពោះ​ម្តង​អាច​បានកូន​១​ឬ​២​ក្បាល​។​


 
​ក្រៅពី​ចិញ្ចឹម​ចៀម​ដើម្បី​លក់ ម្ចាស់​កសិដ្ឋាន​មាន​ដើមកំណើត​ពី​រាជធានី​ភ្នំពេញ ក៏​គ្រោង​ចិញ្ចឹម​ចៀម​ទាំងនេះ​សម្រាប់​ទស្សនា និង​លេង​កម្សាន្ត នៅ​បរិវេណ​រមណីយដ្ឋាន​ធម្មជាតិ​របស់ខ្លួន​ក្នុង​ទំហំ​ដី​ជាង​១០០​ហិកតា​នៅក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង​នេះ ដើម្បី​ក្លាយជា​កន្លែង​បោះជំរំ សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​ង​អន្តរជាតិ​ចំនួន​៥០០០​នាក់​ក្នុង​មួយ​ថៃ្ង មក​សម្រាក​លំហែកាយ​ជាមួយ​ធម្មជាតិ​ពិតប្រាកដ​។ បើតាម​លោក ប៊ុន ចាន់​វីរៈ  លោក​ក្រៅពី​ចិញ្ចឹម​ចៀម​នេះ ក៏មាន​ចិញ្ចឹម​ឃ្មុំ  ជន្លេន និង​រុយ ដើម្បី​ធ្វើជា​ចំណី​សត្វ និង​ជីធម្មជាតិ​ផងដែរ​។ នៅលើ​ផ្ទៃដី​របស់លោក ក៏មាន​ដាំ​បន្លែ​ធម្មជាតិ ផ្លែឈើ​ហូប​ផ្លែ​ច្រើន​ប្រភេទ ដែល​ស្ថិតនៅក្នុង​គម្រោង​កសិដ្ឋាន​កូន​ចៀម​ធម្មជាតិ​(Organic Sheep Farm)  របស់​យុវជន​វ័យក្មេង​រូបនេះ​។​
 
«​ខ្ញុំ​បានបញ្ចប់​ការសិក្សា​នៅត្រឹម​ថ្នាក់​ទី​១២ ហើយ​ខ្ញុំ​មិនដែល​មានគំនិត​ចាប់អារម្មណ៍​លើ​វិស័យ​កសិកម្ម​អ្វី​ឡើយ​។ ក្រោយពី​ដឹង​ឪពុកម្តាយ​ខ្ញុំ​ទិញ​ដី​នៅ​ខេត្តកំពង់ឆ្នាំង​នេះ ក៏​ខ្ញុំ​មានគំនិត​បង្កើត​រមណី​ដ្ឋា​ន​ធម្មជាតិ ដែលមាន​កសិដ្ឋាន​ចិញ្ចឹមសត្វ​ចៀម​នេះ មាន​ចម្ការ​បន្លែ ផ្លែឈើ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ដែល​រៀន បច្ចេកទេស​ចិញ្ចឹមសត្វ ដាំ​បន្លែ​-​ផ្លែឈើ​ផ្សេងៗ​នៅតាម​ប្រព័ន្ធ Internet ទាំងអស់​។ ពេលនេះ​ខ្ញុំ​ចូលចិត្ត​និង​ស្រលាញ់​វិស័យ​កសិកម្ម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៊ុន ចាន់​វីរៈ​៕ 












ព័ត៌មានទាក់ទង