ក្រៅពីភ្នំពេញ កម្ពុជានឹងមានសាលាឧទ្ធរណ៍ប្រចាំតំបន់ដែលស្ថិតនៅខេត្តត្បូងឃ្មុំ បាត់ដំបង និងព្រះសីហនុ

ព្រះករុណា ព្រះមហាក្សត្រ កាលពីថ្ងៃទី១៧ ខែសីហា ទ្រង់បានចេញព្រះរាជក្រឹត្យបួនផ្សេងគ្នា ស្តីពីប្រកាសដាក់ឲ្យដំណើរការសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងតំបន់បីទៀត គឺ ត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ។ លើកលែងសាលាឧទ្ធរណ៍ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញមានដែលទីតាំងស្រាប់ សាលាឧទ្ធរណ៍បីតំបន់បីទៀត នឹងត្រូវដំណើរការជាផ្លូវការ និងពេញលក្ខណៈ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ តទៅ។

ព្រះរាជក្រឹត្យ បានបញ្ជាក់ឲ្យដឹងថា សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្តោបសំណុំរឿងក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និង សំណុំរឿងដែលតុលាការកំពូល ទម្លាក់មកឲ្យវិញ។ ក្នុងករណីសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ មិនទាន់អាចដំណើរការទៅបាននោះ បណ្តឹងនានា ត្រូវស្ថិតក្នុងសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។
ដោយឡែក សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍នៅបីតំបន់ ត្បូងឃ្មុំ បាត់ដំបង និងព្រះសីហនុ ដែលនឹងដំណើរការចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នោះ ក៏ត្រូវទទួលបន្ទុកលើសំណុំរឿងដែលតុលាការកំពូលបង្វិលមកវិញផងដែរ ក្រៅពីសំណុំរឿងដែលកើតឡើងនៅតំបន់ខ្លួន។
សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ ទទួលបន្ទុកលើសំណុំរឿង ដែលកើតនៅបណ្តាខេត្តចំនួន១០ រួមមានខេត្តត្បូងឃ្មុំផ្ទាល់ ខេត្តកំពង់ចាម កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រៃវែង និងស្វាយរៀង។
សំណុំរឿង ដែលអាចបញ្ជូនបន្តទៅសាលាឧទ្ធរណ៍តំបន់បាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់បាត់ដំបង គឺជាសំណុំរឿង ដែលកើតនៅ៧ខេត្ត គឺខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប។
ដោយឡែក សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ ទទួលខុសត្រូវលើសំណុំរឿង ដែលកើតនៅ៥ខេត្ត គឺខេត្តព្រះសីហនុ តាកែវ កំពត កំពង់ស្ពឺ និងកោះកុង។
សូមបញ្ជាក់ថា កន្លងមក កម្ពុជា មានសាលាឧទ្ធរណ៍តែមួយប៉ុណ្ណោះ គឺសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ ហើយត្រូវក្តោបសំណុំរឿងគ្រប់ខេត្ត ដែលត្រូវបញ្ជូនឡើងទៅសាលាឧទ្ធរណ៍។ យ៉ាងណា បច្ចុប្បន្ន កម្ពុជា ត្រូវដំណើរសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញសិន មុននឹងសាលាឧទ្ធរណ៍តំបន់ទាំងបី ចាប់ផ្តើមដំណើរការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

