សម្ដេច ហ៊ុន សែន​៖ កំណើនសេដ្ឋកិច្ច​កម្ពុជា អាច​មិន​ដល់​៧​ភាគរយ​ទេ បើសិន​អភិបាលកិច្ច​ស្មោកគ្រោក​

30/11/-0001 12:00 am កណ្តាល

​ភ្នំពេញ​៖ កំណើនសេដ្ឋកិច្ច​កម្ពុជា នឹងមិន​រក្សា​លំនឹង​បាន​៧​ភាគរយ​ទេ បើសិនជា​អភិបាលកិច្ច​ស្មោកគ្រោក​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នាយ​នគរបាល​បន្តវេន និង​សិក្ខាកាម​ជ័យលាភី​ជាង​១​ពាន់​នាក់ នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា នា​ខេត្តកណ្ដាល​។​
 
​ថ្លែង​ចំពោះមុខ​ថ្នាក់ដឹកនាំ​នគរបាល​គ្រប់​ជាន់ថ្នាក់ សម្ដេច ហ៊ុន សែន ដែល​អាន​របាយការណ៍​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) នៃ​ការ​ព្យាករ​សេដ្ឋកិច្ចកម្ពុជា បាន​និយាយថា វិស័យសេដ្ឋកិច្ច មិនអាច​ចម្រើន​បានទេ បើសិនជា​គ្មាន​ការ​អភិបាលកិច្ច​ល្អ​នោះ ដូច្នេះ​សម្ដេច ទាមទារ​ឲ្យ​មន្ត្រី​ទាំងអស់​ចេះ​សហការ​ដោះស្រាយ​រាល់​បញ្ហា​រួមគ្នា​។​
 
​កន្លងមក​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច ធ្លាប់បាន​និយាយថា សេដ្ឋកិច្ចកម្ពុជា នឹង​ធ្លាក់ចុះ​នៅ​ឆ្នាំ​២០២០​ខាងមុខ ដែល​បណ្ដាលមកពី​កត្តា​ខាងក្នុង និង​ខាងក្រៅ​។ ដ្បិត​មិន​និយាយ​ចំៗ​ក្តី ប៉ុន្តែ​លោក វ​ង្សី វិស្សុត បាន​អះអាងថា កត្តា​ខាង​ក្នុងនោះ គឺ​មកពី​កង្វះ​ការយកចិត្តទុកដាក់​កំណែទម្រង់​ឲ្យ​ដល់​កម្រិត ទើប​នាំ​ឲ្យ​កម្ពុជា​ប្រឈមមុខ​នឹង​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ ចំណែក​កត្តា​ខាងក្រៅ ដែល​លោក វិស្សុត យល់ឃើញ​វិញ​នោះ គឺ​មកពី​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច និង​ការប្រកួតប្រជែង​ផលិតផល​ស្ដង់ដារ​នៅក្នុង​ទីផ្សារ​ជាដើម​។​
 
​ចំពោះ​កត្តា​ខាងក្នុង​នេះ​លោក វ​ង្សី វិស្សុត បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើកំណែទម្រង់​ជាក់លាក់ និង​មាន​ប្រសិទ្ធភាព​រយៈពេល​វែង ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា ដែល​កម្ពុជា​នឹង​ជួបប្រទះ​នាពេល​ខាងមុខនេះ​។ បើតាម​លោក វិស្សុត បើសិន​រដ្ឋាភិបាល​មាន​វិធានការ​ច្បាស់លាស់​នោះ កម្ពុជា​អាច​រក្សា​សេដ្ឋកិច្ច​បាន​ក្នុងរ​ង្វ​ង ៦,៥ ភាគរយ នៅ​ឆ្នាំ​២០២០​ខាងមុខ ប៉ុន្តែ​បើ​ការអនុវត្ត​គ្មាន​ប្រសិទ្ធភាព​ទេ សេដ្ឋកិច្ចកម្ពុជា អាច​នឹង​ទាប​ជាង​នេះ​។ 
 
​ដោយ​មើលឃើញ​ពី​បញ្ហា​ទាំងនេះ ទើប​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​បើ​ដឹងថា​ខ្លួន​ឈឺ​ហើយ​មិន​ខំ​ព្យាបាល នឹង​ជួប​គ្រោះថ្នាក់​រយៈពេល​វែង ហើយ​(​អ្នក​)​ទាំងអស់គ្នា​គ្មាន​នរណា​គេច​រួច​ទេ​»​។​
 
​របាយការណ៍​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បាន​ព្យាករ​កាលពី​ខែមេសា​កន្លងមក​ថា សេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំណើន​ប្រមាណ ៧ ភាគរយ​ក្នុង​ឆ្នាំ ២០១៩​នេះ និង ៦,៨ ភាគរយ​នៅ​ឆ្នាំ​២០២០​។ ប៉ុ​ន្ថែ​បញ្ហា​ប្រឈម​ក៏មាន​ច្រើន​ផងដែរ ហើយ​បញ្ហា​ប្រឈម​ដែល​សំខាន​ជាងគេ ដែល​រាជ​រដ្ឋា​ភិ​បាន​ត្រូវ​យកចិត្តទុកដាក់​គឺ  ដោះស្រាយ​បញ្ហា​គម្លាត​ជំនាញ ដែល​កើតឡើង​ដោយ​ភាពមិន​ស៊ីគ្នា​រវាង​ជំនាញ​ដែល​ពឹង​លើ​កម្លាំង​ពលកម្ម និង​ជំនាញ​ដែល​និយោជក​ត្រូវការ​។​
 
​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ព្យាករ​ថា ក្នុង​ឆ្នាំ​២០១៩​នេះ វិស័យ​ឧស្សាហកម្ម​, ទេសចរណ៍ និង​វិស័យ​កសិកម្ម របស់​កម្ពុជា នឹង​ថយចុះ​ជាង​ឆ្នាំមុន​។ «​កំណើន​ទិន្នផល​ឧស្សាហកម្ម ទំនង​ថយចុះ​ពី​ប្រមាណ ១០,៨ ភាគរយ ក្នុង​ឆ្នាំ​២០១៨ មក​នៅត្រឹម​១០,១ ភាគរយ ក្នុង​ឆ្នាំ​២០១៩​។ កំណើន​នៃ​វិស័យ​សេវាកម្ម​នឹងមាន​ការ​ថមថយ​បន្តិច​ពី​៦,៩​ភាគរយ​មក​៦,៨​ភាគរយ ក្នុង​ឆ្នាំ​២០១៩​។ វិស័យ​កសិកម្ម​ត្រូវបាន​ព្យាករណ៍​ថា មាន​កំណើន​ប្រមាណ​១,៧​ភាគរយ ពោលគឺ​ថយចុះ​បន្តិច​ពី​១,៨​ភាគរយ កាលពី​ឆ្នាំមុន​។ ឱនភាព​សារពើពន្ធ​ត្រូវបាន​គ្រោងទុក​ក្នុង​កម្រិត ៤,៥​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប នៅ​ឆ្នាំ​២០១៩ បៀ​ប​ធៀប​នឹង​៥,១​ភាគរយ ដែល​បាន​គ្រោងទុក កាលពី​ឆ្នាំ​២០១៨»​។ នេះ​បើ​យោងតាម​របាយការណ៍​ទ​ស្សន​វិស័យ​អភិវឌ្ឍន៍អាស៊ី​របស់ ADB៕

ព័ត៌មានទាក់ទង