Thmey Thmey 25
អ្នកស្រី កែវ ណា​រុំ​៖«​ខ្ញុំ​សរសេរ​សៀវភៅ​ពី​សិល្បៈ​វប្បធម៌ ដើម្បី​ទុកជា​ឯកសារ​ឲ្យ​ក្មេងជំនាន់ក្រោយ​»
22/05/2020 15:03:00 ភ្នំពេញ

 
តទៅ​នេះ​សូម​ស្ដាប់​ជីវ​ព័ត៌មាន រួមទាំង​ដំណើរ​ស្រាវជ្រាវ​របស់​អ្នកស្រី កែវ ណា​រុំ ដែល​រៀបចំ​ដោយ កញ្ញា ប៉ុ សា​គុន ដូចតទៅ​៖

«​ធម្មតា​ទេ​អ្វីដែល​បាន​បាត់បង់ គឺ​វា​ហួស​ទៅហើយ ប៉ុន្តែ​អ្វីដែល​មិនទាន់​បាត់បង់ តែ​វា​ចង់​បាត់បង់​ទៅនោះ យើង​ត្រូវតែ​សរសេរ​ទុក ដើម្បី​ជា​គំរូ​និង​ប្រវត្តិ​របស់​រឿង​នីមួយៗ​។ បើសិនជា​បាត់បង់​ហើយ តែ​យើង​មិនបាន​សរសេរ នោះ​មិនមាន​អ្នកដឹង​ទេ​»​។ នេះ​គឺជា​ការយល់ឃើញ​របស់​អ្នកស្រី កែវ ណា​រុំ បណ្ឌិត​ទស្សនវិជ្ជា​វិទ្យាសាស្ត្រ​សិល្បៈ និង​ជា​អ្នកស្រាវជ្រាវ​មួយរូប​ផង​នោះ​។​


 
​អង្គុយ​លើ​កៅអី​ផ្ដៅ​ក្នុងផ្ទះ ក្បែរ​ទូ​សៀវភៅ​គ្រប​ដោយ​កៅស៊ូ​ការពារ​ធូលី​ដី នៅ​ខាង​ក្រោយខ្នង អ្នកស្រី កែវ ណា​រុំ ដែលមាន​ឪពុក​ជា​ស្នងការ​នគរបាល និង​មាន​ម្ដាយ​ជា​ស្ត្រី​មេផ្ទះ​នោះ មាន​ឧបនិស្ស័យ​ខាង​ស្រាវជ្រាវ ពី​សិល្បៈ​វប្បធម៌ និង​ទំនៀមទម្លាប់​ខ្មែរ​។ អ្នកស្រី កែវ ណា​រុំ ខំ​រៀបរាប់​ពី​ចំណងជើង​សៀវភៅ ដែល​គាត់​បាន​សរសេរ​ទាំង​លំបាក ព្រោះតែ​មិនអាច​គ្រប់គ្រង​អណ្ដាត ដែល​តែងតែ​គ្រលៀស​មិន​ឈប់ បណ្ដាល​ពី​ជំងឺ​រលាក​ប្រព័ន្ធ​សរសៃប្រសាទ​នោះ​។ អ្នកស្រី រៀបរាប់​ដូច្នេះ​៖«​ខ្ញុំ​សរសេរ​ពីអ្វី​ដែល​ទាក់ទង​នឹង​ប្រពៃណី​ទំនៀមទម្លាប់ ដូចជា​កម្រង​វប្បធម៌​ខ្មែរ ឧបនិស្ស័យ​ខ្មែរ រឿងព្រេង​ខ្មែរលើ ហើយ​និង​ឧបករណ៍​ភ្លេងខ្មែរ​។ ជាពិសេស​ខ្ញុំ​ក៏មាន​សរសេរ​រឿង​សម្រាប់​កុមា​រដែរ​»​។ 
 
​ទីប្រឹក្សា​រាជបណ្ឌិតសភា​កម្ពុជា​រូបនេះ ផ្ដើម​ស្រាវជ្រាវ​ដំបូង ពី​តន្ត្រី​នៅក្នុង​ជីវិត​ប្រជាជន​ខ្មែរ ដែល​អ្នកស្រី​ថា ខ្មែរ​បាន​ផ្សារភ្ជាប់​ជីវិត​ខ្លួន ទៅនឹង​តន្ត្រី តាំងពី​ពេលដែល​កូន​នៅក្នុង​ផ្ទៃ​ម្ល៉េះ​។ អ្នកនិពន្ធ​រូបនេះ​បន្ថែមថា​៖«​ដំបូងបង្អស់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់អារម្មណ៍ គឺ​ខ្ញុំ​សរសេរ​ពី​តន្ត្រី និង​ជីវិត​ខ្មែរ​។ តន្ត្រី​និង​ជីវិត​ខ្មែរ​ហ្នឹង គឺ​ចង់​និយាយថា មនុស្ស​ខ្មែរ​ទាំងអស់ តាំងពី​កកើត​ក្នុង​ពោះ​រហូតដល់​ថ្ងៃ​ស្លាប់ មាន​ប្រពៃណី​រៀបចំ​ក្នុង​ជីវិត​គឺ​លេងភ្លេង​រហូត​»​។​
 
​អ្នកស្រី​បន្ថែម​៖«​ដូចជា​ពេលដែល​កូន​នៅក្នុង​ពោះ មាន​រៀប​ពិធី​ចងសំរោង​។ មកដល់​វ័យ​កុមារ​ម្ដាយ​តែង​ច្រៀង​ឲ្យ​កូន​ស្ដាប់ រហូតដល់​ជិត​ពេញវ័យ​ក៏មាន​រៀប​ពិធី​ដែរ គឺ​កូនប្រុស​ទៅ​បួស ហើយ​កូនស្រី​ចូល​ម្លប់​។ បន្ត​មកទៀត​គឺ​រៀប​ពិធីមង្គលការ ដែលមាន​ភ្លេង​ធំ​សម្បើម​ណាស់ រហូតមកដល់​ថ្ងៃ​ស្លាប់ យើង​មាន​ភ្លេង​កំដរ​សព និង​យកទៅ​បូជា​ទៀត​»​។​


 
​ចាប់ផ្ដើម​កិច្ចការ​ស្រាវជ្រាវ នៅ​អាយុ​ជាង​៣០​ឆ្នាំ មន្ត្រី​ចូល​និ​វ​ត្តិ​រូបនេះ បាន​ស្រាវជ្រាវ​ពី​ឧបករណ៍​ភ្លេងខ្មែរ ដែល​មាននៅ​គ្រប់ទិសទី ក្នុងប្រទេស​កម្ពុជា​។ «​ឧបករណ៍​ភ្លេងខ្មែរ​ដែល​ខ្ញុំ​ស្រាវជ្រាវ​រកឃើញ មាន​១៥០​ឧបករណ៍​។ មិនអាច​ថា​ចំនួន​ឧបករណ៍​ប៉ុណ្ណេះ​អស់​ទេ ប៉ុន្តែ​ដែលថា​អាច​អស់​បាន គឺ​អស់​ដោយសារ​មាន​ឧបករណ៍​ខ្លះ បាន​បាត់បង់ ហើយ​មិនមាន​អ្នកណា​លេង​បន្តទៀត​។ ជាពិសេស​ឧបករណ៍​គែន ដែល​ឥឡូវ​ទៅជា​អត្តសញ្ញាណ​របស់​ជនជាតិ​ឡាវ​។ តាមពិត​ឧបករណ៍​គែន​នេះ ជា​របស់​ខ្មែរ ដែល​កើតឡើង​តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ​។ តែឡាវ គេ​យកទៅ​លេង​ហើយ​ថែរក្សា ក៏​ទៅជា​អត្តសញ្ញាណ​តំណាង​ឲ្យ​ជនជាតិ​ឡាវ​»​។ នេះ​ការរៀបរាប់​របស់​អ្នកស្រី កែវ ណា​រុំ​។​
 
​ជាការ​ពិត ដំណើរ​ស្រាវជ្រាវ​ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​តំបន់​សំខាន់ៗ និង​ដាច់ស្រយាល​ផង​នោះ គឺជា​រឿង​លំបាក​មួយ ព្រោះ​ផ្លូវ​គមនាគមន៍​ក្នុង​ឆ្នាំ​២០០០ នៅ​មិនទាន់​ប្រសើរ​នៅឡើយ​។ ទន្ទឹមនឹងនេះ ការស្វែងរក​តន្ត្រីករ ក៏​ជា​រឿង​លំបាក​ផងដែរ​។ អង្គុយ​ក្នុង​ឥរិយាបថ​សុភាព អ្នកស្រី ណា​រុំ បញ្ជាក់ថា​៖«​កាលសម័យ​ដែល​ខ្ញុំ​ស្រាវជ្រាវ​ហ្នឹង ផ្លូវ​គមនាគមន៍ និង​ការទំនាក់ទំនង​មានការ​លំបាក ហើយ​អ្នកលេង​សុទ្ធតែ​ចាស់ៗ​។ ជំនាន់​ហ្នឹង​(​ឆ្នាំ​២០០០) សុខភាព​ខ្ញុំ​នៅ​ល្អ​ប៉ុន្តែ​អ្នក​ដែល​ខ្ញុំ​ទៅ​សម្ភាសន៍​ហ្នឹង គាត់​មាន​វ័យចាស់​ហើយ​។ ឥឡូវ​គាត់​បាន​បាត់បង់​ជីវិត​អស់ហើយ​។ អាច​ក្នុង​ឯកសារ គ្រាន់តែ​ជា​ឯកសារ ប៉ុន្តែ​មិនមាន​អ្នកលេង​ទេ​»​។​
 
​ទៅ​ជួប​តន្ត្រីករ​ផ្ទា​ល់ហើយ នៅ​មិនទាន់​គ្រប់គ្រាន់​ឡើយ​សម្រាប់​អ្នកស្រាវជ្រាវ ដែលមាន​បងប្អូន​៩​នាក់ នឹង​ជា​កូន​ទី​៣​រូបនេះ អ្នកស្រី​ថែមទាំង​ទៅ​ស្រាវជ្រាវ លើ​សិលាចារឹក និង​ចម្លាក់​តាម​ជញ្ជាំង​ប្រាសាទ​នានា​ផងដែរ​។ អ្នកស្រី ណា​រុំ បញ្ជាក់​ដូច្នេះ​៖ «​ទាល់តែ​ទៅ​ច្រើនដង បើ​គ្រាន់តែ​ទៅ​តែម្ដង មើល​ហើយ​ចោលៗ គឺ​មិន​អាចយ​ល់ពី​ផ្ទាំង​ថ្ម​នោះទេ​។ យើង​ត្រូវ​ដើរ​ពិនិត្យមើល​រឿងហេតុ​ផ្សេងៗ នោះ​ឲ្យ​បាន​ហ្មត់ចត់​។ ដូច​ពាក្យ​គេ​ច្រើន​និយាយថា មើល​ថ្ម​ឲ្យ​ថ្ម​ចេះ​និយាយប្រាប់​យើង​វិញ​។ យើង​មើល​ហើយ យើង​ពិចារណា​ផង​»​។​


 
​ទោះជា​យ៉ាងណា ការសិក្សា​ស្រាវជ្រាវ​នេះ មិនអាច​ផ្ដល់​ផល​ជា​ប្រាក់ ឬ​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ឲ្យ​អ្នកស្រី​ឡើយ ប៉ុន្តែ​ជាការ​ងារ ដែល​អ្នកស្រី​ត្រូវ​ចាយប្រាក់​ផ្ទាល់ខ្លួន​ទៅវិញ​។ «​ខ្ញុំ​បានដឹងថា​កាលណា​សរសេរ​ហើយ និង​បោះពុម្ព​ទៅ ទាញ​ប្រាក់​មកវិញ គឺ​តិចតួចស្ដួចស្ដើង​ណាស់​។ បើ​គិត​ជា​របរ​រកស៊ី មិនអាច​ចិញ្ចឹមជីវិត​បានទេ​។ តែ​នេះ​ដោយសារ​បំណង​របស់ខ្ញុំ ដែល​ចង់​ឲ្យ​គេ​ដឹង និង​ទុកជា​ឯកសារ ទើប​ខ្ញុំ​ចេះតែ​ប្រឹង​ធ្វើទៅ​»​។ 
 
​ហេតុ​មួយ​ដែល​ជំរុញ​ឲ្យ​ស្ត្រី​ព្រាត់កូន​៤​នាក់ ក្នុងសម័យ​ខ្មែរក្រហម​រូបនេះ ប្រឹងប្រែង​សរសេរ​សៀវភៅ ស្ដីពី​ទំនៀមទម្លាប់​ខ្មែរ គឺ​ដោយសារ​ការសង្កេតឃើញថា សីលធម៌​សង្គម​ធ្លាក់ចុះ​នោះឯង​។ «​ឥឡូវនេះ ការអប់រំ​មិនសូវ​បាន​ដិតដល់ ដូច្នេះ​កូន​ខ្មែរ​ជំនាន់​ក្រោយ អាច​មិនដឹង​មិន​យល់ ហើយ​ចេះតែ​ប្រព្រឹត្តទៅ​ខុស ដែល​នាំ​ឲ្យ​បាត់​តម្លៃ​វប្បធម៌​របស់​យើង​។ ដូច្នេះ ខ្ញុំ​នឹកឃើញ ហើយ​ខ្ញុំ​ស្ដាប់ឮ​គេ​និយាយ​ពាក្យ​គ្រោតគ្រាត អាមឹង ខ្ញុំ​ដូចជា​ទើសចិត្ត​ណាស់​។ ខ្ញុំ​ក៏​ខំប្រឹង​ស្រាវជ្រាវ​សរសេរ ដើម្បី​ឲ្យ​គេ​មើល​ដឹងថា​អ្វីដែល​ល្អ អ្វីដែល​មិនល្អ​»​។​
 
​បណ្ឌិត​ទស្សនវិជ្ជា​វិទ្យាសាស្ត្រ​សិល្បៈ ដែល​នៅមាន​តួនាទី​ក្នុង​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ រូបនេះ ថា​ថ្នាក់ដឹកនាំ ឬ​មាតាបិតា ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​កូនៗ និង​អ្នក​នៅក្រោម​បង្គាប់​។ «​គ្រូ និង​អ្នកដឹកនាំ​ខ្លះ នាពេល​ឥឡូវ គាត់​មិន​ទទួលបាន​ការអប់រំ​ពីមុនមក​។ ដូច្នេះ​មានការ​ឆកល្វែង​ចំពោះ​សង្គម ក៏​គាត់​មិនដឹង​។ ដូចជា​ពាក្យ​ខ្ញុំ និយាយ​អ៊ីចឹង ការអប់រំ យើង​មិនមែន​ប្រើពាក្យ គ្រោតគ្រាត ឬ​អាមឹង​នោះទេ គឺ​យើង​ត្រូវ​ប្រើពាក្យ​ទន់ភ្លន់ ឲ្យ​គេ​ទទួលយក ត្រូវ​ធ្វើជា​គំរូ​ល្អ​។ បើសិនជា​អ្នកធំ និយាយ​ពាក្យ​អាមឹង អ្នក​នៅ​ខាងក្រោម ក៏​និយាយ​ពាក្យ​នោះដែរ​។ នេះហើយ​ដែលជា​សីលធម៌​មិនល្អ​»​។​


 
​ស្ថិតក្នុង​វ័យ​៧៣​ឆ្នាំនេះ​អ្នកស្រី កែវ ណា​រុំ នៅតែ​ប្រឹងប្រែង​ទាំង​មាន​ជំងឺ​ប្រចាំកាយ ដើម្បី​សរសេរ​អត្ថបទ​ស្រាវជ្រាវ​របស់ខ្លួន​បញ្ច​ប់ ដែល​នៅសល់​ច្រើន​ទៀត​នោះ​។ មាន​សក់ស​រលោង ដ៏​មាន​របៀប ស្ត្រី​ដែល​រស់នៅ​ជាមួយ​ប្អូនស្រី​តែ​ម្នាក់​របស់ខ្លួន បាន​ត្អូញត្អែរ​ពី​សុខភាព​ដូច្នេះ​ថា ៖«​កិច្ចការ​ស្រាវជ្រាវ​នេះ ខ្ញុំ​ចេះតែធ្វើ​តិចតួច​ទៅ បើតាម​កម្លាំង និង​ថាមពល​នៅក្នុង​ខ្លួន វា​ស្ទើរតែ​អស់​ទៅហើយ​។ ខ្ញុំ​ត្រូវ​ប្រឹង​សរសេរ​បញ្ចប់​សៀវភៅ ដែល​និយាយ​ពី​របាំ​បុរាណ​ខ្មែរ ព្រោះ​វា​នៅសល់​ច្រើន​ដែរ​។ មិនមែន​ថា​អ្នក​ក្រោយ​គេ​មិនចេះ​សរសេរ​នោះទេ ប៉ុន្តែ​វា​ជា​បំណង​របស់ខ្ញុំ ដែល​ខ្ញុំ​ត្រូវតែ​សរសេរ​»​។ 
 
​អ្នកស្រាវជ្រាវ​ដែលមាន​ស្រុកកំណើត​នៅ​ទីក្រុង​ភ្នំពេញ​រូបនេះ បាន​សង្កេតឃើញថា កិច្ចការ​ស្រាវជ្រាវ លើ​ផ្នែក​សិល្បៈ​វប្បធម៌ និង​ប្រពៃណី មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ចងក្រង​ជា​ឯកសារ​ទុក​ប៉ុន្មាន​ឡើយ​។ «​ពី​ដើម​យូរហើយ ការងារ​ស្រាវជ្រាវ​ពី​សិល្បៈ ពី​វប្បធម៌ មិនសូវមាន​ទេ​។ ភាគច្រើន​គេ​ច្រើនតែ​សរសេរ​ពី​ប្រលោមលោក​។ ដោយសារតែ​ខ្ញុំ​មាន​ឯកទេស​ខាង​សិល្បៈ ហើយពី​ដើមឡើយ​ខ្ញុំ​រៀន​ភ្លេង ក្រោយមក ខ្ញុំ​ចេះតែ​ស្វែងយល់​ពីរ​បាំ ទើប​ខ្ញុំ​អាច​សរសេរ​ពីរ​បាំ​បាន​»​។​
 
​ក្ដី​បំណង​ដ៏​ធំ​បំផុត​សម្រាប់​អ្នកស្រី កែវ ណា​រុំ បណ្ឌិត​ទស្សនវិជ្ជា វិទ្យាសាស្ត្រ​សិល្បៈ គឺ​ចង់​ឲ្យ​ខ្មែរ យកចិត្តទុកដាក់​លើ​សីលធម៌​សង្គម​ឡើងវិញ​។ «​ពាក្យ​ដែល​យើង​ជួបគ្នា​ក្នុង​សេចក្ដីថ្លៃថ្នូរ គឺ​បង្ហាញ​ពី​អត្តចរិត និង​សីលធម៌​របស់​ពូជ​អម្បូរ​មួយ​ដែរ​។ ត​ម្លែ​ទាំងនេះ មិនមែន​ថា​គេ​មិន​ចង់បាន​នោះទេ គឺ​គេ​ក៏​ចង់​បានដែរ ប៉ុន្តែ​គេ​មិនដឹង ព្រោះថា​នៅពេល​បច្ចុប្បន្ននេះ មនុស្ស​ភាគច្រើន ក្លាយជា​ទាសករ​សម្ភារ​ហើយ គឺ​អ្វីៗ​សម្ភារ​ជាធំ​។ ប៉ុន្តែ​យូរ​ទៅ​សម្ភារ​ជាធំ​នោះ ក៏​បាត់បង់​ទៅវិញ​ដែរ​»៕


 
ដោយ៖ 124 © រក្សាសិទ្ធិដោយ thmeythmey.com