អ្នកនាំពាក្យ៖ ឆ្នាំ២០២០ នឹងមានសាលាឧទ្ធរណ៍ នៅត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ

30/11/-0001 12:00 am ត្បូងឃ្មុំ

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា នៅឆ្នាំ២០២០ កម្ពុជា នឹងមានសាលាឧទ្ធរណ៍បីបន្ថែមទៀត គឺនៅខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និង ខេត្តព្រះសីហនុ។ បច្ចុប្បន្ន​ សាលាឧទ្ធរណ៍ មានតែមួយប៉ុណ្ណោះ គឺនៅរាជធានីភ្នំពេញ។



ក្នុងសន្និសីទស្តីពីសមិទ្ធផលមួយឆ្នាំក្រោយការបោះឆ្នោត ដែលរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី​ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ លោក ជិន ម៉ាលីន ថ្លែងថា សាលាឧទ្ធរណ៍ថ្មីនៅក្នុងខេត្តទាំងបីនេះ ត្រូវបានសាងសង់បានប្រមាណ៨០ភាគរយហើយ។ លោក បញ្ជាក់ដូច្នេះថា៖«បើអ្វីៗ ប្រព្រឹត្តទៅតាមការគ្រោងទុក ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស យើង នឹងដាក់ឲ្យដំណើរនៅឆ្នាំក្រោយ»។

លើសពីនេះ រដ្ឋាភិបាល ក៏បានបង្កើតតុលាការថ្មីមួយទៀត នៅខេត្តកែបផងដែរ។ នេះបើតាមអ្នកនាំពាក្យដដែល ដោយលោក បន្ថែមថា សំណុំរឿងនៅខេត្តកែប ត្រូវបានដោះស្រាយនៅតុលាការខេត្តកំពត ព្រោះបច្ចុប្បន្ន ខេត្តកែប មិនទាន់មានតុលាការនៅឡើយទេ។ លោក លើកឡើងថា តុលាការខេត្តកែបនេះ ក៏នឹងត្រូវដាក់ឲ្យដំណើរការនៅឆ្នាំក្រោយផងដែរ។ 

ខេត្តកែប គឺជាខេត្តតូចបំផុតនៅកម្ពុជា ដែលត្រូវបានបំបែកចេញពីខេត្តកំពត កាលពីឆ្នាំ២០០៨៕ 

ព័ត៌មានទាក់ទង