រដ្ឋមន្ត្រី​សាធារណការ ៖ បើ​ក្រុមហ៊ុន​សាងសង់​ផ្លូវ លួច​កេងប្រវ័ញ្ច​ថវិកា​គម្រោង នឹងត្រូវ​ដាក់ចូល​បញ្ជី​ខ្មៅ​

30/11/-0001 12:00 am ត្បូងឃ្មុំ

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល រំឭក​ក្រុមហ៊ុន​សាងសង់​ផ្លូវ ឲ្យ​អនុវត្តតាម​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការរិះគន់ និង​កុំ​ឲ្យ​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​កម្ពុជា​។ ប្រមុខ​ក្រសួង​សាធារណការ បាន​ដឹកនាំ​ក្រុមការងារ​ជិះ​កង់​ត្រួតពិនិត្យ​គុណភាព​ផ្លូវជាតិ​លេខ​៧ ចាប់ពី​ចំណុច​បង្គោល គីឡូម៉ែត្រ​លេខ​១៧៦-១៦៦ នៅ​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​២៤ កក្កដា​។​
 
​តាមរយៈ​ការ​ជិះ​កង់​ជា​ក្បួន ដែលមាន​ចម្ងាយ​១០​គីឡូម៉ែត្រ​នេះ លោក ស៊ុន ចាន់ថុល បាន​ពិនិត្យឃើញថា ផ្លូវថ្នល់​កៅស៊ូ​ប្រភេទ AC ដែល​ក្រុមហ៊ុន​ចិន​មួយ ទទួលបាន​គម្រោង​សាងសង់​កន្លងមក​នោះ មាន​ស្នាម​ប្រេះ និង​បែក​ក្រហូង មុន​កាលបរិច្ឆេទ​កំណត់ ។ មូលហេតុ​ដែល​នាំឲ្យ​ថ្នល់​កៅស៊ូ​ប្រភេទ​AC មាន​បញ្ហា​បែបនេះ ត្រូវបាន​លោក ស៊ុន ចាន់ថុល កត់សម្គាល់​ឃើញថា វា​កើតចេញពី​ការសាងសង់​មិនបាន​ត្រឹមត្រូវ​តាមបច្ចេកទេស នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​។​
 
​ថ្លែង​ចំពោះ​មុខតំណាងក្រុមហ៊ុន​ចិន ទទួល​ការសាងសង់ និង​ក្រុមហ៊ុន​កូរ៉េ ដែល​ត្រួតពិនិត្យ​លើ​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៧​នេះ រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​និយាយ​ចំៗ​ថា ការសាងសង់​ផ្លូវ​គ្មាន​គុណភាព​នេះ បណ្ដាលមកពី​ការ​លាយ​ប៉េ​តុង និង​កៅស៊ូ AC មិន​ត្រឹមត្រូវ​តាម​ស្ដង់ដារ ហើយ​ការ​អ៊ុត​កៅស៊ូ ប្រើ​កំដៅ​ក្រោម​១៦០​អង្សារ ដែល​ធ្វើ​ឲ្យ​កំដៅ​មិន​គ្រប់គ្រាន់ នាំ​ឲ្យ​កៅស៊ូ​មិនអាច​ជាប់​ប្រើប្រាស់​បាន​រយៈពេល​៥​ឆ្នាំ​យ៉ាងតិច​។ ជាពិសេស​កន្លែង​ខ្លះ ដែលត្រូវ​ប្រើប្រាស់​ទឹក​សម្រាប់​អ៊ុត​កៅស៊ូ ប៉ុន្តែ​បែ​ជា​ក្រុមហ៊ុន​ប្រើប្រាស់​ប្រេង​ជំនួស​ទៅវិញ​។ ភាគី​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​កូរ៉េ ដែល​ទទួល​ការខុសត្រូវ​លើ​ការសាងសង់​ផ្លូវជាតិ​លេខ​៧​នេះ យល់​ស្របតាម​ការលើក​ឡើង​របស់លោក ស៊ុន ចាន់ថុល ។​
 
​នៅពេល​អ្នកកាសែត​សួរថា បើសិនជា​ក្រុមហ៊ុន​ដែល​តែងតែ​ទទួលបាន​ការសាងសង់​ផ្លូវ​នៅ​កម្ពុជា​ហើយ ចេះតែមាន​បញ្ហា​ខូច​ផ្លូវ​បែបនេះ តើ​ក្រសួង​អាច​នឹង​ចាត់វិធានការ​ណាមួយ ដែល​លែង​ឲ្យ​ក្រុមហ៊ុន​មាន​សិទ្ធិ​ដេញថ្លៃ​គម្រោង​សាងសង់​ផ្លូវ​នៅ​កម្ពុជា​ដែរ​ទេ​? លោក ស៊ុន ចាន់ថុល ឆ្លើយតប​វិញ​ថា ក្រសួងនឹង​ពិនិត្យមើល​លើ​ករណី​សាងសង់​ផ្លូវ​សិន ដើម្បី​ចង់ដឹងថា វា​ជា​កំហុស​បច្ចេកទេស ឬ​កំហុស​កេងប្រវ័ញ្ច មុននឹង​សម្រេច​ដាក់​ចូលក្នុង​បញ្ជីខ្មៅ​។​
 
«​ទី​១ យើង​ពិនិត្យ​សិន​ថា តើ​គាត់​(​ក្រុមហ៊ុន​សង់​ផ្លូវ​) ខុស​លក្ខណៈ​បច្ចេកទេស ឬ​គាត់​កេងប្រវ័ញ្ច ដោយ​យើង​ត្រូវ​បែងចែក​កំហុស​នោះ​ឲ្យច្បាស់ ឧទាហរណ៍ បើ​បេតុង​ត្រូវ​ចាក់​៥​ហ៊ុន ប៉ុន្តែ​គាត់​ចាក់​៤​ហ៊ុន អាហ្នឹង​(​វា​ស្ថិតនៅ​) ជាការ​លួច​ហើយ ដែល​អាចឈាន​ទៅដល់​ការដាក់​ក្នុង​បញ្ជីខ្មៅ មិន​ឲ្យ​ដេញថ្លៃ បើសិន​ជាមាន​ចេតនា​លួច​គុណភាព​(​ផ្លូវថ្នល់​)​។ ប៉ុន្តែ​បើ​ខូច​ក្នុង​លក្ខណៈ​បច្ចេកទេស​អ៊ីចឹង យើង​អាច​ពិភាក្សាគ្នា​បាន ហើយ​យើង​នឹង​ពិនិត្យ​ទៀត បើសិនជា​គាត់​(​សាងសង់​ផ្លូវ​) ចេះតែ​ខូច ហើយ​ខុស​(​បច្ចេកទេស​)​ម្ដង​ហើយ ខុស​ទៀត អាហ្នឹង​យើង​គួរ​ពិចារណា គឺ​នៅពេល​ដេញថ្លៃ​យើង​ប្រាប់​ធនាគារពិភពលោក ព្រោះ​គម្រោង​នេះ​ជា​លុយ​ធនាគារពិភពលោក ថា​កុំ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ដេញថ្លៃ​តទៅទៀត កុំ​ឲ្យ​ចូលមក​សាងសង់​ផ្លូវ​របស់​យើង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ុន ចាន់ថុល ដែល​ផ្ដាំ​ទៅ​ក្រុមហ៊ុន​ទទួល​ការសាងសង់​ផ្លូវ​ទាំងអស់ ត្រូវ​កសាង​ផ្លូវ​ឲ្យ​មាន​គុណភាព ដើម្បី​កុំ​ឲ្យ​ខូច​ឈ្មោះ​ក្រុមហ៊ុន​។​
 
Relate 
​បន្ថែម​ពីនេះ​រដ្ឋមន្ត្រីក្រសួង​សាធារណការ ប្រកាសថា លោក​លែង​ចង់​ឮ​ពាក្យរិះគន់​របស់​ពលរ​ដ្ឋ​លើ​បញ្ហា​ផ្លូវ​ខូច​នេះ​ទៀតហើយ ដោយ​លោក​នឹងធ្វើ​យុទ្ធនាការ​ជិះ​កង់​ត្រួតពិនិត្យ​ផ្លូវ​ទាំងអស់ ដើម្បី​រៀបចំ និង​ស្ថាបនា​ផ្លូវ​ឡើងវិញ​។ ជាមួយគ្នានេះ​លោក ស៊ុន ចាន់ថុល បាន​ប្រាប់​ឲ្យ​មន្ត្រី​ខ្លួន ចុះ​តាមដាន​រាល់​ការសាងសង់​ផ្លូវ​របស់​ក្រុមហ៊ុន ដែល​ទទួលបាន​គម្រោង​អភិវឌ្ឍន៍​ពី​រដ្ឋាភិបាល ដើម្បី​បញ្ឈប់​ការរិះគន់​ពី​ពលរដ្ឋ​ថា​«​ចាក់​ស្ដើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្ដើង​» ដែល​មានន័យ​បង្អាប់​លើ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ​កន្លងមក​។​
 
​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ចំណាយ​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ សម្រាប់​ជួសជុល​ផ្លូវ​ខូច​ក្នុង​មួយឆ្នាំៗ​៕

ព័ត៌មានទាក់ទង