ក្រសួង​ដែនដី ថា​ពលរដ្ឋ​៣​ភូមិ​នៅ​ត្បូងឃ្មុំ លក់​ដី​ឲ្យ​ក្រុមហ៊ុន​ចិន តែ​ពលរដ្ឋ​ច្រានចោល​

30/11/-0001 12:00 am ត្បូងឃ្មុំ

​ភ្នំពេញ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចោទថា ពលរដ្ឋ​៣​ភូមិ និង​អាជ្ញាធរ​មូល​ដ្នា​ន នៅក្នុង​ឃុំ​ត្រពាំង​ព្រឹង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ចិន ខណៈ​ពលរដ្ឋ​បាន​អះអាងថា ពួកគេ​មិនបាន​លក់​ដី​សហគមន៍​ទៅ​ឲ្យ​ក្រុមហ៊ុន ដូច​ការចោទប្រកាន់រ​បស់​ក្រសួង​នោះទេ​។
 
​ក្រសួង​ដែនដី​បាន​បញ្ជាក់ថា ពលរដ្ឋ និង​មេភូមិ មេឃុំ ក្នុងភូមិ​ជី​ទ្រុង ភូមិ​បុស្ស​ស្នោរ និង ភូមិ​ស្រែប្រាំង ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​ព្រឹង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ហា​មី​នី​វី​ង​អី​ន​វេស​មេន ខូ​អិ​ល​ធី​ឌី តាំងពី​ឆ្នាំ​២០១១ ហើយ​ក្រសួង​ក៏បាន​ចុះបញ្ជី​ឲ្យ​ក្រុមហ៊ុន​រួចរាល់​ដែរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី ដែល​ចេញ​កាលពី​ថ្ងៃ​២២ ខែកក្កដា ឆ្នាំ​២០១៩​។ 
 
​លោក សែម សាង ពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ក្នុងភូមិ ស្រែប្រាំង បាន​អះអាងថា​ពលរដ្ឋ​ទាំង​៣​ភូមិ​ខាងលើ មិនបាន​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ទេ​។ លោក​បានដាក់​ការសង្ស័យថា មានតែ​អាជ្ញាធរ​ទេ​ដែលមាន​សិទ្ធិ​លក់​ដី​ទាំងនោះ ខណៈ​ប្រជាពលរដ្ឋ​តែងតែ​រង​ការគំរាមកំហែង​ពី​អាជ្ញាធរ និង​តុលាការ​។ លោក​បាន​ឲ្យ​ដឹង​បន្ថែមថា​ដី​ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន​នោះ​ស្ថិតនៅ​ក្នុងភូមិ ជី​ទ្រុង ភូមិ​បុស្ស​ស្នោរ និង ភូមិ​ស្រែប្រាំង ដែលជា​ដី​សហគមន៍​មាន​ទំហំ​ប្រមាណ​២០០០ ហិកតា​។ 
 
​លោក​បាន​និយាយថា​៖«​បើ​ក្រសួង​ប្រកាស​អ៊ីចឹង មានតែ​ក្រសួង និង​មេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ជា​អ្នកលក់​។ ប្រជាពលរដ្ឋ មិនបាន​លក់​ទេ​។ បើ​ក្រសួង​ថា​ពលរដ្ឋ​ជា​អ្នកលក់ តើ​ក្រសួង​មាន​ឯកសារ​អ្វី​ជាក់លាក់​ឲ្យ​ប្រជាពលរដ្ឋ​មើល​?»​ 
 
​លោក​បន្តថា ប្រជាពលរដ្ឋ​នឹង​រៀបចំ​ឯកសារ​ប្ដឹង​ជំទាស់​នឹង​ការលើកឡើង​របស់​ក្រសួង​ដែនដី និង​គ្រោង​ជួប​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​សួររក​ឯក​បញ្ជាក់ថា ពលរដ្ឋ​ទាំង​៣​ភូមិ​បាន​លក់​ដី​ឲ្យ​ក្រុមហ៊ុន​។ លោក​បាន​ឲ្យ​ដឹង​ប​ន្តែ​ម​ថា លោក​បានទទួល​ព័ត៌មាន​ថា​ក្រុមហ៊ុន​មាន​គម្រោង​វិនិយោគ​លើ​ដំណាំ​ថ្នាំជក់ ប៉ុន្តែ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​លោក​មិនឃើញ​ក្រុមហ៊ុន​ដាំ​ដំណាំ​អ្វី​នោះទេ​។ លោក​បន្តថា ប្រជាពលរដ្ឋ​ក្នុងភូមិ​ផ្សេងៗ​ទៀត​ក្នុងស្រុក​តំបែរ ក៏មាន​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា​ផងដែរ​។ 
 
​ប្រជាពលរដ្ឋ​៦៧៦​គ្រួសារ ដែល​មកពី​៧​ភូមិ រួមមាន ត្រពាំង​ព្រីង កំ​ប្រើស ស្រែប្រាំង បុស្ស​ស្នោរ ទួលសំបូរ ចំបក់ និង ជី​ទ្រុង ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​ព្រឹង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បានដាក់​ពាក្យ​ប្ដឹងទៅ​ក្រសួង​ដែនដី ដោយបាន​ទាមទារ​ដីព្រៃ​សហគមន៍​សរុប​៣៧១៨​ហិកតា កាលពី​ថ្ងៃទី ២២ ខែកក្កដា​។ ជាការ​ឆ្លើយតប​ក្រសួង​ដែនដី បានស្នើ​ឲ្យ​អាជ្ញាធរ​ស្រាវជ្រាវ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ លើ​មេក្លោង​ដែល​ញុះញង់​បោកប្រាស់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុង​ចលនា​ទាមទារ​នេះ​ផងដែរ​។ ហើយ​ក្រសួង​ក៏​ពុំ​ដោះស្រាយ​ឲ្យ​នោះទេ ព្រោះ​បាន​ដី​ទាំង​នោះបាន​ដោះស្រាយ​រួចរាល់​ហើយ​។ 
 
​ក្រសួង​សរសេរថា​៖«​ទី​១ ទីតាំង​ដី​ក្នុងភូមិ ជី​ទ្រុង ភូមិ​ស្នោរ និង​ភូមិ​ស្រែប្រាំង ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងភូមិ រួមទាំង​មេភូមិ និង​មេឃុំ​បាន​ព្រមព្រៀង​លក់​ឲ្យ​ក្រុមហ៊ុន​ចិន ហា​មី​នី​វី​ង​អី​ន​វេស​មេន ខូ​អិ​ល​ធី​ឌី តាំងពី​ឆ្នាំ​២០១១​មក និង​បាន​ចុះបញ្ជី​ជូន​ក្រុមហ៊ុន​រួច​។ ទី​២ ទីតាំង​ដី​ក្នុងភូមិ​ទួលសំបូរ និង ភូមិ​កំ​ប្រឹង ត្រូវបាន​ចុះបញ្ជី​តាម​បទបញ្ជា​លេខ​១ បប ជូន​ប្រជាពលរដ្ឋ​ជា​កម្មសិទ្ធិឯកជន​អស់ហើយ​។ ទី​៣ ទីតាំង​ដី​ក្នុងភូមិ​ត្រពាំង​ព្រីង និង​ភូម​ចំបក់ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចូលទៅ​កាន់កាប់​ជា​លក្ខណៈ​ឯកជន​តាម​គ្រួសារ​នីមួយ​អស់ហើយ មិនមាន​ចំណែក​ជា​ដី​រួម​ភូមិ​ទៀត​ទេ​»​។ 
 
​ជុំវិញ​បញ្ហា​នេះ​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បន្ថែម​ពី លោក សេង ឡូត បានទេ ព្រោះ​ទូរស័ព្ទ​របស់លោក​មិនអាច​ទាក់​ទង់​បាន នា​ថ្ងៃទី ២២ ខែកក្កដា នេះ​។ 
 
​លោក មុំ សា​ប៊ុន មេឃុំ​ត្រពាំង​ព្រឹង បាន​អៈ​អាង​ថា ប្រជាពលរដ្ឋ​ពិតជា​បាន​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ចិន​កាលពី​ឆ្នាំ​២០១០ ដែលមាន​ទំហំ​ប្រមាណ ១០០០ ហិកតា ហើយ​ចំពោះ​ឯកសារ​លក់​ដី​ទាំងនោះ​លោក​បាន​បញ្ជូនទៅ​ថ្នាក់លើ​អស់ហើយ​។ លោក​អៈ​អាង​ថា​ដី​ដែលមាន​ជម្លោះ​នោះ​មាន​ទំហំ​ជាង ៣០០​ហិកតា​។ លោក​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​វិនិយោគ​លើ​វិស័យ​កសិកម្ម ដាំ​ដំណាំ​ដូចជា ថ្នាំជក់ ពោត សណ្ដែកដី ត្រសក់​ជាដើម​។ 
 
​មេឃុំ​រូបនោះ​បន្តថា​៖«​ ខ្ញុំអត់​បាន​លក់​ទេ។ មាន​ឯកសារ​ផ្ដិតមេដៃ អ្នកយក​លុយ​បាន​ផ្ដិត​អស់រលីង​ហើយ មានតែ​(​ពលរដ្ឋ​)​ម្នាក់​ទេ​ដែល​ខ្លួន​ទៅធ្វើ​ការ​នៅ​ថៃ ហើយ​ឪពុកម្ដាយ​នៅ​ភូមិ​ឯនេះ​លក់​ដី ដល់ពេល​ពួកគាត់​ស្លាប់​អស់​ទៅ ម្នាក់​នឹង​មកពី​ថៃ​វិញ​គាត់​ថា គាត់​មិនដឹង ដើរ​បំផុស​ដល់​ពលរដ្ឋ​ដ៏​ទៃ បាន​រាប់រយ​នាក់​»​។ 
 
​លោក ញ៉ិល ភាព មន្ត្រី​សម្របសម្រួល​សហគមន៍ CCFC បាន​ឲ្យ​ដឹងថា ករណី​ជម្លោះដីធ្លី​នៅតែ​បន្ត​កើតមាន និង​គ្មាន​ដំណោះស្រាយ​ជា​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ  ព្រោះ​ការរំលោភ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ (​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន ដល់​ថ្នាក់ជាតិ​)​។ លោក​បន្តថា ភាគច្រើន​នៃ​គណៈកម្មាធិការ​ដោះស្រាយ​វិវាធ​ដីធ្លី​របស់​រដ្ឋាភិបាល គឺមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​ដី​របស់​ប្រជា​ពលរ​ដ្ឋ​ដែរ​។ លើសពី​គណៈកម្មាធិការ​ដោះស្រាយ​វិវាធ​ដីធ្លី​មានអំណាច​តូច​ជាង អ្នក​ដែល​រំលោភ​ដី​របស់​ប្រជាពលរដ្ឋ​។ 
 
​លោក​បាន​និយាយថា​៖« គោលនយោបាយ​ដោះស្រាយ​ដីធ្លី​របស់​រដ្ឋាភិបាល ដែល​បាន​បង្កើត​គណៈកម្មាធិកា​រ​តាំងពី​ថ្នាក់​ខេត្ត​ដល់​ថ្នាក់ជាតិ​ហ្នឹង គណៈកម្មាធិការ​ភាគច្រើន គាត់​ពាក់ព័ន្ធ​ជាមួយនឹង​ការរំលោភ​ដី​របស់​ប្រជាពលរដ្ឋ​។ ពេលខ្លះ​គណៈកម្មាធិការ​ដោះស្រាយ ត្រឹម​ថ្នាក់ខេត្ត មាន​អភិបាលរង​ខេត្ត អភិបាលខេត្ត ដែល​អ្នក​ដោះ​ហ្នឹង​មាន​ឋានៈ​តូច​ជា​អ្នក​ដែល​រំលោភ ខណៈ​អ្នក​ទៅយក​ដី​ជា​ឧបនាយករដ្ឋមន្ត្រី​, ទេសរដ្ឋមន្ត្រី ឬក៏​ជា​នាយទាហានជាន់ខ្ពស់​ជាដើម​។ ដូច្នេះ​វា​មាន​ភាពស្មុគស្មាញ​ដែល​មិនអាច​ដោះ​កើត ការរំលោភ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​»​។ 
 
​លោក​បានស្នើ​ដល់​រដ្ឋាភិបាល​ជាពិសេស សម្តេច ហ៊ុន សែន ជួយ​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​វិវាធ​ដីធ្លី ដោយ​តម្លាភាព និង​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​។ 
 
​គួររម្លឹកថា កាល​ថ្ងៃទី ២២ ខែកក្កដា ម្សិលមិញ​ក៏មាន​ប្រជាពលរដ្ឋ​ប្រមាណ ៩៨០ នាក់ ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​បញ្ហាដីធ្លី​ចំនួន ៧៦១៥ គ្រួសារ លើ​ទំហំ​ដីធ្លី​សរុប​ចំនួន ១៦២៧៩.៦៤ ហិកតា មក​ខេត្ត​ព្រះសីហនុ​, កំពង់ស្ពឺ​, ស្វាយរៀង​, ព្រៃវែង​, ត្បូងឃ្មុំ​, និង​ខេត្តកណ្ដាល បាននាំគ្នា​មក​តវ៉ា និង​ដាក់​ញ​តិ្ត​រក​អន្តរាគមន៍​ពី ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​, ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, និង​ក្រសួងយុត្តិធម៌​ជាដើម​៕

ព័ត៌មានទាក់ទង