បាក់​ឌុប​៖ សិស្ស​ពូកែ​រូបវិទ្យា កុ​ច តុលា ខំប្រឹង​គ្រប់មុខ​វិជ្ជា ដែល​ត្រូវ​ប្រឡង ព្រោះ​ចង់បាន​និទ្ទេស A

30/11/-0001 12:00 am ព្រៃវែង

​ដោយ៖​​ សុវណ្ណ ស្រី​ពេជ្រ​

​កុ​ច តុលា ជា​សិស្ស​ពូកែ​លេខ​១​ទូទាំងប្រទេស​លើ​មុខវិជ្ជា​រូបវិទ្យា​នៅ​ឆ្នាំ​២០១៩​នេះ ហើយក៏​ស្ថិត​ក្នុងចំណោម​បេក្ខជន​ជាង​១១​ម៉ឺន​នាក់ ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នាពេលខាងមុខ​ផងដែរ​។ យុវតី​ដែល​រៀន​នៅ​វិទ្យាល័យ​មេសាង ខេត្តព្រៃវែង​រូបនេះ ដឹង​ច្បាស់​ថា ខ្លាំង​តែ​រូបវិទ្យា​មួយ​មុខ មិនអាច​នាំ​ឲ្យ​នាង​សម្រេច​ក្តី​សុបិន​ទទួលបាន «​និទ្ទេស A» នោះឡើយ ដោយ​បច្ចុប្បន្ន តុលា ខំប្រឹងប្រែង​យ៉ាងខ្លាំង​លើ​មុខវិជ្ជា​ផ្សេងទៀត​។​
relate 
«​អ្នកចេះ​គឺជា​ប់​»​។ ពាក្យស្លោក​ដែល​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន បានលើកឡើង​ចាប់តាំងពី​លោក​ផ្តួចផ្តើម​កែទម្រង់​ការប្រឡង​ពី​ឆ្នាំ​២០១៤​មក​នោះ បាន​លើកទឹកចិត្ត កុ​ច តុលា យ៉ាងខ្លាំង​។ ខណៈ​សម័យ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប ១៩ សីហា ២០១៩ កាន់តែ​កៀក​នោះ សិស្ស​ពូកែ​រូបនេះ តាំងចិត្ត​យក​និទ្ទេស A ឲ្យ​បាន តាមរយៈ​ការប្រឹងប្រែង​លើ​មុខវិជ្ជា​ទាំងអស់​។​
 
​កន្លងមក មាន​ករណី​សិស្ស​ពូកែ​មុខវិជ្ជា​ជំនាញ​មួយចំនួន មិន​ទទួលបាន​និទ្ទេស​ខ្ពស់​នោះឡើយ​ពី​ការប្រឡង​។ «​យើង​មានមុខ​វិជ្ជា​ដល់​ទៅ​៧​ឯណោះ​ដែល​ត្រូវ​ប្រឡង ដូច្នេះ​ក្នុងការ​រៀនសូត្រ ទោះបី​ខ្ញុំ​ជា​សិស្ស​ពូកែ​រូបវិទ្យា​ក៏ពិតមែន ប៉ុន្តែ​ខ្ញុំ​មិនអាច​ផ្តោត​តែ​លើ​មុខវិជ្ជា​នេះ មួយ​មុខ​នោះឡើយ​។ ខ្ញុំ​ត្រូវ​ប្រឹងរៀន​គ្រប់មុខ​វិជ្ជា​ទៅតាម​កាលវិភាគ​ដែល​បានរៀបចំ​»​។ កញ្ញា តុលា បាន​ឆ្លៀត​បញ្ជាក់ប្រាប់​សារព័ត៌មាន ThmeyThmey ទោះបីជា​នាង​មិនសូវមាន​ពេលទំនេរ​ធ្វើ​អ្វី​ផ្សេង ក្រៅពី​ការ​ប្រឹងរៀន​សូត្រ​ក៏ដោយ​។​
 
​តុលា វ័យ​១៨​ឆ្នាំ ដែលជា​សិស្ស​ថ្នាក់​ទី​១២ C នៅ​វិទ្យាល័យ​មេសាង ខេត្តព្រៃវែង ត្រៀមខ្លួន​បាន​៩០​ភាគរយ​ហើយ ទាំង​ការសិក្សា​រៀនសូត្រ​ផ្ទាល់​ជាមួយ​គ្រូ និង​ស្វ័យ​សិក្សា​នៅផ្ទះ ជាពិសេស​ការហាត់​ធ្វើ​កំណែ​វិញ្ញាសា​ចាស់ៗ​ឡើងវិញ និង​វិញ្ញាសា​ថ្មីៗ​ជាច្រើន​ទៀត​។​
 
​មុខវិជ្ជា​ដែល​តុលា​មាន​ជំនឿ​ច្បាស់​លើ​ខ្លួនឯង​នោះ គឺ រូបវិទ្យា គណិតវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រ​ខ្មែរ និង​ប្រវត្តិវិទ្យា ដែលជា​មុខវិជ្ជា​ចាប់ឆ្នោត​។ សិស្ស​មេដាយមាស​រូបវិទ្យា​ទូទាំងប្រទេស​រូបនេះ ទទួលស្គាល់ថា មុខវិជ្ជា​ភាសា​អង់គ្លេស​របស់ខ្លួន​នៅមានកម្រិត ប៉ុន្តែ​នាង​តែងតែ​រៀន​ធ្វើ​លំ​ហាត់​វេយ្យាករណ៍ រៀន​អាន និង​សរសេរ​។​
 
​តុលា បាន​បញ្ជាក់ថា ការសិក្សា​រៀនសូត្រ​ជាមួយ​គ្រូ និង​ស្វ័យ​សិក្សា សុទ្ធតែ​ល្អ​ទាំងអស់​។ «​រៀនសូត្រ​ជាមួយ​គ្រូ យើង​មានឱកាស​សួរ និង​សុំ​ជំនួយ​បាន​ភ្លាមៗ នៅពេលដែល​យើង​មិនសូវ​យល់ រីឯ​ស្វ័យ​សិក្សា ត្រូវការ​សមត្ថភាព​ស្រាវជ្រាវ​ខ្ពស់​។ ទាក់ទង​នឹង​ការធ្វើ​លំ​ហាត់​ខ្លួនឯង ខ្ញុំ​ក៏បាន​ស្រាវជ្រាវ​យក​លំ​ហាត់​ពី​សៀវភៅ​ខាងក្រៅ និង​មេរៀន​ផ្សេងៗ ដែលមាន​ការចែករំលែក​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​»​។ នេះ​ជាការ​អះអាង​របស់​តុលា​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ពេលវេលា​របស់​តុលា ក៏​មិនបាន​បរិច្ចាគ​១០០​ភាគរយ​ទៅលើ​ការរៀនសូត្រ​នោះដែរ​។ តុលា​យល់ដឹង​ច្បាស់​ណាស់​ថា រៀន​ច្រើន ចេះ​ច្រើន ប៉ុន្តែ​បើ​រៀន​រហូតដល់​ភ្លេច​បាយ ភ្លេច​ទឹក នោះ នឹង​បណ្តាល​ឲ្យ​នាង​មាន​បញ្ហា​សុខភាព ហើយ​ខ្លាច​បំផុត​នោះ គឺ​ឈឺ​ចំ​ថ្ងៃ​ប្រឡង​។​
 
«​និទ្ទេស A» គឺជា​គោលដៅ​ដែល កុ​ច តុលា ប្រឹង​យក​ឲ្យ​បាន ដូច្នេះ សិស្ស​ពី​ខេត្តព្រៃវែង​រូបនេះ ត្រូវ​ត្រៀមខ្លួន​គ្រប់បែបយ៉ាង ទាំង​ការប្រឹងប្រែង​រៀនសូត្រ និង​ការយកចិត្ត​ទុក​លើ​សុខភាព​របស់ខ្លួន​។ បើ​បាន​និទ្ទេស A មែន​នោះ តុលា នឹង​បន្ត​ចាប់យក​សុបិន​ដ៏​ធំ​មួយកម្រិត​ទៀត គឺ​ការបន្ត​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​) និង​បន្ត​ប្រជែង​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​លើ​មុខជំនាញ​នេះ​៕
 

ព័ត៌មានទាក់ទង