អភិបាលខេត្តព្រះវិហារ បញ្ជាឲ្យទប់ស្កាត់បទល្មើសព្រៃឈើ ក្រោយរកឃើញថានៅតែកើតមាន
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានចេញវិធានការមួយ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការទប់ស្កាត់ និងការបង្ក្រាបបទល្មើសព្រៃឈើក្នុងដែនដីរបស់ខ្លួន។ លោក ប្រាក់ សុវណ្ណ លើកឡើងថា ការលួចប្រព្រឹត្តបទល្មើសព្រៃឈើ នៅតែបន្តកើតមានជាបន្តបន្ទាប់ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព។
លោកអភិបាលខេត្ត បានបញ្ជាទៅមន្ត្រីពាក់ព័ន្ធទាំងអស់ ឲ្យអនុវត្តវិធានការនេះ និងអនុវត្តច្បាប់ឲ្យបានតឹងរឹងចំពោះបុគ្គល ឬក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការប្រព្រឹត្តល្មើសធនធានធម្មជាតិ ហើយមធ្យោបាយផ្សេងៗ ត្រូវបានប្រើប្រាសក្នុងការកាប់និងដឹកឈើ ត្រូវស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង។
គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញផ្សាយវិធានការថ្មីមួយ ដោយប្រកាសថា នឹងបំផ្លាញចោលគ្រប់មធ្យោបាយ ដូចជា រថយន្ត គោយន្ត និងម៉ូតូ ជាដើម ដែលប្រើក្នុងបទល្មើសព្រៃឈើ។
ជាក់ស្តែង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បានកម្ទេចរថយន្តដឹកឈើខុសច្បាប់៤គ្រឿង ដែលរឹបអូសបានក្រុមឈ្មួញរបស់លោកឧកញ៉ា ស៊ឹង សំអុល នៅខេត្តមណ្ឌគិរី។ នៅរថយន្តជាង៤០គ្រឿងទៀត ដែលសមត្ថកិច្ច នឹងកម្ទេចចោលតាមក្រោយ។ ចំណែក ឧកញ៉ា ស៊ឹង សំអុល និង គ្នីគ្នា៣នាក់ទៀត ត្រូវឃាត់ខ្លួន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានសរសេរលិខិតមួយ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ផ្ញើទៅគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដើម្បីសុំអន្តរាគមន៍ទប់ស្កាត់បទល្មើសព្រៃឈើតាមច្រកព្រំដែនអន្តរជាតិដាក់ដាំ ខេត្តមណ្ឌលគិរី ខណៈដែលមន្ត្រីជំនាញរកឃើញថា មានរថយន្តសាំយ៉ុងរាប់រាប់រយគ្រឿងដឹកជញ្ជូនឈើឆ្លងដែន ទៅលក់នៅប្រទេសវៀតណាម។
ជុំវិញវិធានការខាងលើ សកម្មជនការពារបរិស្ថាន លោក ហេង ស្រស់ នៅតែមានជំនឿតិចតួច ដោយសារតែកន្លងមក អជ្ញាធរតែងតែមានវិធានការថ្មីរហូត ប៉ុន្តែការការកាប់បំផ្លាញព្រៃឈើនៅតែបន្តមានជាហូរហែ។ លោកប្រាប់សារព័ត៌មានថ្មីៗថា ក្រុមការងាររបស់លោកនឹងបន្តតាមដានលើវិធានការការពារធនធានធម្មជាតិថ្មីនេះ ថាជាចំណាត់ការលើក្រដាស ឬក៏អាជ្ញាធរ អនុវត្តពិប្រាកដមែន។
សកម្មជបរិស្ថានរូបនេះ និយាយដូច្នេះថា៖«ពីមុនៗមក ទាំងក្រសួង ឬ រដ្ឋាភិបាល សុទ្ធតែបានចេញវិធានការ លើការកាប់បំផ្លាញព្រៃឈើ ប៉ុន្តែលទ្ធផលចុងក្រោយ មិនឃើញមានចំណាត់ការណាមួយទទួលបានលទ្ធផលជាដុំកំភួន ក្នុងការការពារព្រៃឈើនោះទេ»។
របាយការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់ បានបង្ហាញថា បទល្មើសព្រៃឈើនៅតែបន្តកើនឡើង។ ប៉ុន្តែ កន្លងមក មន្ត្រីបរិស្ថាន អះអាងថា ថយចុះម្រមាណ២០ភាគរយ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com