
តុល្យការចុងក្រោយដោយគិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ បានបង្ហាញថា មហន្តរាយដោយសារតែការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានបណ្តាលឲ្យជ្រូក៣៣៧ក្បាល ងាប់ក្នុងចំណោមជ្រូកជាង៩០០០ក្បាលដែលចិញ្ចឹមក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមរបាយការណ៍ពីអាជ្ញាធរខេត្តត្បូងឃ្មុំ។
របាយការណ៍បានបង្ហាញថា ស្ថានភាពនៃការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្លាយជាក្តីបារម្ភកាន់តែខ្លាំងដោយជ្រូកងាប់បានរីករាលដាលចេញពីឃុំមៀនដែលមានជ្រូកងាប់ចំនួន ១៨៣ ក្បាល ដល់ឃុំអំពិលតាពក ដែលមានជ្រូកងាប់ចំនួន ៥៨ ក្បាល ឃុំព្រះធាតុមានជ្រូកងាប់ចំនួន ៦២ក្បាល។ ចំណែកឃុំ ៤ ទៀតរបស់ស្រុកនេះក៏មានជ្រូកងាប់ផងដែរ។
ពលរដ្ឋនៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលរងនូវការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានអំពាវនាវដល់មន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏សាហាវនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពសាធារណៈផង និងអាចធ្វើឱ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយសារតែអាចធ្វើឱ្យមុខរបរចិញ្ចឹមជ្រូករបស់ពលរដ្ឋប្រឈមមុខ នឹងការខាតបង់ដើមទុនកាន់តែខ្លាំង។
ក្រុមការងារចុះជួយស្រុកអូររាំងឪ ដឹកនាំដោយលោក អ៊ាង សុផល្លែត រួមជាមួយមន្ត្រីជំនាញកសិកម្ម បានចុះអប់រំប្រជាពលរដ្ឋ និងណែនាំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ក្នុងគោលបំណងលុបបំបាត់មេរោគក្នុងតំបន់ ដើម្បីដំណើរការអាជីវកម្មឡើងវិញ។
លោក អ៊ាង សុផល្លែត ដែលជារដ្ឋលេខាធិការក្រសួងបរិស្ថានបានសំណូមពរឱ្យមានកិច្ចសហការល្អប្រសើរក្នុងការចាត់វិធានបសុពេទ្យក្នុងការរំងាប់មេរោគទូទាំងឃុំ និងចូលរួមអនុវត្តនូវវិធានការនានាតាមការណែនាំរបស់ជំនាញ ព្រមទាំងរាយការណ៍ជាបន្ទាន់ពីករណីសត្វឈឺ និងស្លាប់ ដើម្បីធ្វើយ៉ាងណាឱ្យឲ្យតំបន់នេះ ឆាប់បានប្រកាសរំសាយពីជំងឺនេះ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

