មុខរបរតាំងពីជំនាន់ជីដូន! កញ្ញា គឹម​ឡាង ធ្វើណែមលក់ដាច់ខ្លាំងនៅបាត់ដំបង

30/11/-0001 12:00 am បាត់ដំបង

​បាត់ដំបង​៖ «​ណែម​ត្រី​» អាច​និយាយបានថា ជា​ចំណីអាហារ​មួយ​ប្រភេទ​ប្រចាំខេត្ត​បាត់ដំបង​។ កញ្ញា ទី គឹម​ឡាង ជា​អ្នកធ្វើ​ណែម​លក់​ក្នុងចំណោម​អ្នកធ្វើ​ណែម​ជាច្រើន​នាក់​ទៀត​ក្នុង​ខេត្ត​នេះ ។ គឹម ឡាង បាន​បន្តវេន​មុខរបរ​នេះ ពី​ឪពុក​របស់ខ្លួន ដែល​ប្រក​បរបរ​នេះ​រយៈពេល​៣១​ឆ្នាំ​មកហើយ​។ បើតាម គឹម​ឡាង ក្នុង​មួយថ្ងៃ នាង​លក់​ណែម​អស់​ចន្លោះ​ពី​៤០០០-៥០០០​គ្រាប់ ដែលគិតជាទឹក​ប្រាក់គឺ​ជាង​១​លាន​រៀល​។
 
​ណែម​ត្រី​ដែល​កញ្ញា​វ័យ​២២​ឆ្នាំនេះ លក់​មាន​ពីរ​ប្រភេទ គឺ​ណែម​គ្រាប់​តូច​មានតម្លៃ​២០,០០០​រៀល ក្នុង​មួយ​ចង្កោម​(១០០​គ្រាប់​) និង​គ្រាប់​ធំ​មានតម្លៃ​៤០,០០០​រៀល ក្នុង​មួយ​ចង្កោម​(១០០​គ្រាប់​)​។ ទីតាំង​លក់​ណែម​ត្រី​របស់ កញ្ញា ទី គឹម​ឡាង ស្ថិតនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​-​ខេត្តបាត់ដំបង​។ ជាទូទៅ គឹម​ឡាង លក់​ណែម​គ្រាប់​ធំ​បាន​ចំនួន​២០០០​គ្រាប់ និង​គ្រាប់​តូច​២០០០​គ្រាប់ ឬ​លើសពីនេះ ក្នុង​មួយថ្ងៃ ដែលមាន​អតិថិជន​នៅតាម​បណ្តា​ខេត្ត​នានា​បាន​ចូល​ទិញ​ដោយផ្ទាល់​។ 


 
«​ខ្ញុំ​ធ្វើ​ណែម​ពី​ត្រី​ឆ្តោ​សុទ្ធ​ដែល​ខ្មែរ​យើង​ចិញ្ចឹម ខ្ញុំ​មិន​ធ្វើ​ណែម​ពី​ត្រី​ដែល​ចិញ្ចឹម​នៅ​ថៃ​ទេ​។ ក្នុង​មួយថ្ងៃ​ខ្ញុំ​ធ្វើ​ណែម​អស់​ត្រី​៣០​គីឡូ​ក្រោម ក្នុងតម្លៃ​៤២០,០០០​រៀល ចំណាយ​លើ​ថ្លៃ​ឈ្មួ​ល​២​នាក់ ក្នុង​មួយ​ព្រឹក​៤០,០០០​រៀល និង​ចំណាយ​លើ​ការទិញ​ម្ទេស គ្រឿងទេស​ស្ករ ប៊ិ​ចេង ជាដើម​។ ថ្វី​ដ្បិត​ការងារ​នេះ វារ​វល់​តាំងពីព្រឹក​ទល់​ព្រលប់​ក៏ពិតមែន ប៉ុន្តែ​វា​ក៏បាន​ផ្តល់នូវ​ប្រាក់ចំណេញ​សមរម្យ​ដល់​គ្រួសារ​ខ្ញុំ ហើយ​ក៏បាន​ផ្តល់ឱកាស​ការងារ​មួយចំនួន​តូច​ដល់​បងប្អូន​នៅ​ក្នុងភូមិ​ ដោយ​ពុំ​បាច់​ចំណាកស្រុក ឬ​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ជាដើម​»​។ នេះ​ជាការ​អះអាង​របស់​កញ្ញា ទី គឹម​ឡាង ដែល​បាន​ប្រកប​របរ​ធ្វើ​ណែម​លក់ បន្ត​ពី​ឪពុក​ខ្លួន​។ 


 
​លោក អ៊ឹង ទី  ដែលជា​ឪពុក​របស់ កញ្ញា ទី គឹម​ឡាង បាន​និយាយប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា មុខរបរ​ធ្វើ​ណែម​របស់​គ្រួសារ​លោក​នេះ គឺមាន​អាយុកាល​៣​ទសវត្ស៍​មកហើយ ពោលគឺ​ចាប់តាំងពី​ជំនាន់​ម្ដាយ​លោក ដែល​បាន​បង្កើត​មុខរបរ​នេះ​ឡើង កាលពី​អំឡុង​ឆ្នាំ​១៩៨៨​មកម្ល៉េះ​។ បើតាម​លោក អ៊ឹង ទី ជាប្រចាំ​ថ្ងៃ​គ្រួសារ​លោក​ធ្វើ​ណែម​តែ​៣០​គីឡូ​ក្រោម​ទេ ប៉ុន្តែ​ក៏មាន​ថ្ងៃ​ខ្លះ​អស់​ត្រី​៦០​និង​៩០​គីឡូ​ក្រោម​ផងដែរ ប្រសិនបើ​មាន​អតិថិជន​បញ្ជា​ទិញ​ច្រើន​​នៅ​កន្លែង​លក់​ផ្ទាល់ និង​នៅតាម​ខេត្ត​នានា​។ លោក ទី បាន​អះអាងថា ណែម​ដែល​ធ្វើ​ពីសា​ច់​ត្រី​ឆ្ដោ​មាន​រសជាតិ​ឆ្ងាញ់ និង​ស្វិត​ជាង​ត្រី​ផ្សេងៗ ហើយ​ណែម​ត្រី ក្រោយ​វេច​ខ្ចប់​រួច ក្នុង​រយៈពេល​៣​ថ្ងៃ​គឺអាច​យកមក​បរិភោគបាន​ហើយ​។ 


 
​លោក អ៊ឹង ទី  បាន​និយាយ​ដូច្នេះ​៖ «​មុខរបរ​ធ្វើ​ណែម​លក់​នេះ ថ្វី​ដ្បិត​វា​នឿយហត់​បន្តិច​មែន ប៉ុន្តែ​វា​បាន​ជួយ​គ្រួសារ​ខ្ញុំ​ឱ្យមាន​ជីវភាព​រស់នៅក្នុង​កម្រិត​ល្អប្រសើរ​មួយ និង​បាន​ផ្គត់ផ្គង់​កូនៗ​ឱ្យបាន​រៀន​ចប់​ចុង​ចប់​ដើម​ផងដែរ​។ ខ្ញុំ​មានកូន​ស្រី​៤​នាក់ ក្នុងនោះ​កូនស្រី​បង​ពីរ​នាក់​រៀន​ថ្នាក់​បរិ​ញ្ញ​ប​ត្រ មានការ​ងារ​ធ្វើ​អស់ហើយ  និង​កូនស្រី​ពៅ កំពុង​សិក្សា​។  រីឯ គឹម​ឡាង ជា​កូនស្រី​ទី​៣ របស់ខ្ញុំ គាត់​រៀន​មិន​ពូកែ ហើយ​គាត់​ក៏​សម្រេច​ឈប់រៀន មក​ធ្វើ​ណែម​លក់ ដើម្បី​បន្តវេន​មុខរបរ​នេះ​ពី​ខ្ញុំ​»៕








ព័ត៌មានទាក់ទង