លោក យន្ត មីន ផ្តាំ​មន្ត្រីខេត្ត​ព្រះសីហនុ​ឲ្យ​ខិតខំ​បម្រើ​ពលរដ្ឋ និង​យក​ច្បាប់​ជា​គោល​

30/11/-0001 12:00 am ព្រះសីហនុ

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែមិថុនា​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ខែកក្កដា លោក យន្ត មីន បាន​ជួប​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ចុងក្រោយ​ក្នុងតួនាទី​លោក​ជា​អភិបាលខេត្ត ដោយនៅ​ថ្ងៃទី​២៨ ខែមិថុនា តំណែង​នេះ​នឹងត្រូវ​ផ្ទេរ​ជា​ផ្លូវការ​ទៅ​លោក គួច ចំរើន​។​
 
​លោក យន្ត មីន ដែល​ទើប​ទទួលបាន​ការតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​នាយ​ឧ​ត្ត​ម​សេនីយ៍​ក្នុង​កងយោធពល​ខេមរភូមិន្ទ បាន​រំលឹក​ពី​ការសម្រេចចិត្ត​សុំលាលែង​ពី​តំណែង និង​ការសោកស្តាយ​ចំពោះ​ឧប្បទ្ទវហេតុ​នៃ​ការបាក់​អគារ​កម្ពស់​៧​ជាន់​ដែល​បណ្តាល​ឲ្យ​មនុស្ស​២៨​នាក់​ស្លាប់ និង​២៦​នាក់​រងរបួស​។​
 
​តាម​ការផ្សាយ​របស់រ​ដ្ឋ​បាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ដែល​បាន​គ្រប់គ្រង​ខេត្ត​ព្រះសីហនុ អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំកន្លងមក​នោះ បានលើកឡើង​ពី​ការសោកស្តាយ​របស់លោក ដែលមាន​អាច​គ្រប់គ្រង​ដឹកនាំ​មន្ត្រី​ឲ្យ​បំពេញការងារ​បានល្អ​ដែល​នាំ​ឲ្យ​មានរឿង​អកុសល​កើតឡើង​។​
 
«​លោក យន្ត មីន បាន​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រី​តាម​មន្ទីរ​អង្គភាព​ទាំងឡាយ​ដែល​បាន​ខិតខំ​ធ្វើអោយ​ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍ ជីវភាព​ប្រជាជន​បាន​ធូ​ធារ និង​បាន​ផ្តាំផ្ញើ​មន្ត្រី​ទាំងឡាយ​ត្រូវខិតខំ​បំរើប្រជាជន​ដោយស្មោះ​ត្រង់​និង​យក​ច្បាប់​ជា​គោល​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋបាលខេត្ត​។​
 
​ការតែងតាំង លោក យន្ត មីន ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​នាយ​ឧ​ត្ត​ម​សេនីយ៍​យោធា ក៏​ទទួលរង​នូវ​រិះគន់​ពី​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​ផងដែរ ដោយ​អ្នកខ្លះ បាន​លើកឡើងថា អភិបាលខេត្ត​រូបនេះ គួរតែ​ទទួលរង​ការពិន័យ​ពីបទ​ធ្វេសប្រហែស​ដែល​បណ្តាល​ឲ្យ​មាន​ករណី​អគារ​រលំ​។ 
 
​អ្នកខ្លះ​បានលើកឡើង​ពី​បញ្ហា​ពុករលួយ ទាក់ទង​នឹង​ការសាងសង់​សំណង់​ខុសច្បាប់​នៅក្នុង​ខេត្ត​តំបន់​សមុទ្រ​មួយ​នេះ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មើលឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក យន្ត មីន ទាក់ទង​នឹង​ប្រតិបត្តិ​ការសង្គ្រោះ និង​រុករក​ជនរងគ្រោះ ហើយ​សម្តេច​ថែមទាំង​បញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ផងដែរ​ថា​៖ «​សម្រាប់​កម្លាំង​ចូលរួម​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​ក្រោម​ការបញ្ជា​ផ្ទាល់​នៅ​ហ្នឹង​កន្លែង​ពី​សំណាក់​ឯកឧត្តម​យន្ត មីន​ត្រូវបាន​វាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​ពី​គ្រប់ទិសទី​ដែល​ខ្ញុំ​សូម​ថ្លែងអំណរគុណ​និង​ផ្តល់នូវ​មេដាយមាស​មួយគ្រឿង​ម្នាក់​»៕

ព័ត៌មានទាក់ទង