មន្ត្រី​ជំនាញ កំពុង​តាមដាន​ករណី​ជ្រូក​ងាប់​នៅ​ខេត្ត​ត្បូងឃ្មុំ

30/11/-0001 12:00 am ត្បូងឃ្មុំ

​មន្ត្រី​ជំនាញ​ផ្នែក​សុខភាព​សត្វ​នៃ​ក្រសួងកសិកម្ម កំពុង​តាមដាន​លើ​ករណី​ជ្រូក​ងាប់​នៅ​ខេត្ត​ត្បូងឃ្មុំ ក្រោយ​មានការ​សង្ស័យថា​អាចជា​កា​រីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។
 
​លោក តាន់ ផាន់​ណា​រ៉ា មន្ត្រី​ជំនាញ​ផ្នែក​សុខភាព​សត្វ​នៃ​ក្រសួងកសិកម្ម​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ និង​វិភាគ​សំណាក​ជ្រូក​ងាប់​ទាំ​នោះ​សិន​។ លោក​បន្តថា លោក មិនទាន់​បានទទួល​ទិន្នន័យ​ច្បាស់លាស់​នៅឡើយ​ទេ ថា​ករណី​ជ្រូក​ងាប់​នៅ​ខេត្ត​ត្បូងឃ្មុំ​បណ្ដាលមកពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ឬ​យ៉ាងណា​នោះទេ​។ 
 
​គួររម្លឹកថា កាលពីដើមឆ្នាំ​២០១៩​នេះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះឡើង​នៅ​ខេត្តរតនគិរី ដែល​បណ្ដាល​ឲ្យ​ងាប់​ជ្រូក​ជាច្រើន​ក្បាល ខណៈ​មន្ត្រី​ជំនាញ​បាន​ទិញ​ជ្រូក​ដែលមាន​ជំងឺ​ពី​ប្រជាពលរដ្ឋ​ទៅ​ដុត​កម្ទេចចោល​ផងដែរ​។ លើសពីនេះ ក្រសួងកសិកម្ម​ក៏បាន​បិទ​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​។  
 
​ក្នុង​ឆ្នាំ ២០១៨ កម្ពុ​ជាមាន​តម្រូវការ​សាច់ជ្រូក​១៥០​ពាន់​តោន ដោយ​ក្នុងនោះ​សត្វ​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​មាន​២,៧​លាន​ក្បាល ដែល​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​ជិត​១០០​ពាន់​តោន និង​៥០​ពាន់​តោន​ទៀត ត្រូវបាន​នាំចូល​ពី​ប្រទេសជិតខាង​។ នេះ​បើ​យោងតាម​លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម ប្រាប់​សារព័ត៌មាន​Thmey Thmey នាពេល​គន្លង​មក​។​
 
​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះឡើង​លើកដំបូង​នៅ​ឆ្នាំ​១៩០៧ នៅ​ប្រទេស​កេ​ន​ញ៉ា ហើយ​វា​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​ទៅតាម​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក និង​ចុងក្រោយ ជំងឺ​នេះ​បាន​ផ្ទុះឡើង​នៅ​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ក្នុង​ឆ្នាំ​២០១៨ រួច​បន្ត​ឆ្លង​ចូលក្នុង​ប្រទេស​ចិន​។ បច្ចុប្បន្ន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ កំពុង​បន្ត​រាលដាល​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​ប៉ែក​ខាងជើង និង​កណ្តាល​នៃ​ប្រទេស​វៀតណាម​៕
 

ព័ត៌មានទាក់ទង