សាលា​គុន​នៅ​កំពង់ឆ្នាំង រំពឹង​បណ្ដុះ​កីឡាករ​ទៅ​ប្រកួត​កម្រិត​ជាតិ និង​អន្តរជាតិ​ឆាប់ៗ​

30/11/-0001 12:00 am កំពង់ឆ្នាំង

 អត្ថបទ​៖ ស៊ី​ធី  

«​សាលា​គុន​ល្បុក្កតោ​លោកតា​ដំបង​ដែក​ខេត្តកំពង់ឆ្នាំង​» បានដាក់​គោលដៅ​បណ្ដុះបណ្ដាល​សិស្ស​គុន​ក្នុងន័យ​អភិរក្ស​ក្បាច់គុន​ខ្មែរ​ជាពិសេស​ល្បុក្កតោ​។ ក្លិប​ក៏​ជំរុញ​ឲ្យ​ពួកគេ​មាន​ភាព​ក្លាយជា​កីឡាករ​អាជីព​ក្នុងការ​ឈោ​ន​ទៅ​ប្រកួត​កម្រិត​អាជីព​នៅ​សង្វៀន​ជាតិ និង​អន្តរជាតិ​នាពេលខាងមុខ​ដ៏​ខ្លី​។ នេះ​ជាការ​បញ្ជាក់​របស់លោក​គ្រូ អំ យ៉ុម ដែលជា​ប្រធាន​ក្លិប​នៅ​ខេត្តកំពង់ឆ្នាំង​នេះ​។
 
​គ្រូបង្វឹក​គុន​ល្បុក្កតោ​វ័យ​៥៣​ឆ្នាំ​គូសបញ្ជាក់ថា ៖«​បច្ចុប្បន្ន​ខ្ញុំ​មើលឃើញ​កូនសិស្ស ៥ នាក់​ក្នុងចំណោម​ជាង ២០ នាក់​ពេល​ហាត់​រាល់ថ្ងៃ​ដែលមាន​សមត្ថ​ភាពល្អ​។ ៥​នាក់​នោះ​មាន​សមត្ថ​ភាពល្អ ព្រោះ​គេ​មក​ហ្វឹកហាត់​ជាប្រចាំ មានការ​តាំងចិត្ត​ខ្ពស់ ហើយ អ្នកផ្សេង​ទៀត​ហាត់​ដែរ តែ​គេ​ជាប់រវល់​រៀន ឬ ជួយ​ក្រុមគ្រួសារ​ជាដើម​។ ទាំង ៥ នាក់​នោះ​មាន​ប្រភេទ​គីឡូ ៤៥, ៤៨ និង ៥១ គីឡូក្រាម​។ ខ្ញុំ​ជឿជាក់​ពួកគេ​អាច​នឹងមាន​ឈ្មោះ​ទៅ​ប្រកួត​អាជីព ឬ ថ្នាក់ជាតិ​នាពេលខាងមុខ​មុន​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​»​។ ដ្បិត​នៅ​ខេត្ត​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ប៉ុន្តែ លោក អំ យ៉ុម បាន​ខិតខំ​ប្រែង​ជាខ្លាំង​ដើម្បី​គុន​ល្បុក្កតោ​ខ្មែរ ពោល​លោក​បាន​ជួយ​ផ្សព្វផ្សាយ​ទាំង​ក្នុងស្រុក និង ផ្សព្វផ្សាយ​ដល់​ជនបរទេស​ទៀតផង​។ ទន្ទឹមនឹង​សាលា​គុន​ល្បុក្កតោ​នៅ​ខេត្ត​កំពង់​ឆ្នាំ លោក​បាន​បង្កើត សាលា​គុន​មួយទៀត​ឈ្មោះថា «​សាលា​គុន​ល្បុក្កតោ​បារាយណ៍​អណ្ដែត​ខេត្តព្រៃវែង​» និង កំពុង​រៀបចំ​បង្កើត​នៅ​ខេត្ត​កំពង់​ចាំ​មួយទៀត​ក្នុង​គោលបំណង​ថែរក្សា​ក្បាច់គុន​កេរ​ដូនតា​មួយ​នេះ​។ 


 
​គ្រូ​គុន​ល្បុក្កតោ​សង្កត់ធ្ងន់​បែបនេះ ៖«​ខ្ញុំ​ចង់ឃើញ​គ្រប់​ខេត្ត​មាន​សាលា​គុន​ល្បុក្កតោ ដូច្នេះ​ខ្ញុំ​ខិតខំ​ធ្វើ​បណ្ដើរៗ​។ យើង​មិនមាន​អ្នក​ជួយឧបត្ថម្ភ​ច្រើន​ទេ ព្រោះ​យើង​មិនមាន​អ្វី​ផ្ដល់​ផលចំណេញ​ដល់​គេ ឬ ជំនួញ​របស់គេ​។ ខ្ញុំ​យល់​អំពី​រឿងនេះ​។ ប៉ុន្តែ ខាង​ខ្ញុំ​ទទួលបាន​ការចូលរួម​ពី​សហគមន៍ និង យុវជន​ស្ម័គ្រចិត្ត​ដែល​ខ្នះខ្នែង​រៃអង្គាស​ថវិកា​ខ្លះ​ដើម្បី​ធ្វើ​ការងារ​មួយចំនួន និង​ការងាររដ្ឋបាល​ខ្លះៗ​»​។  
 
​ពេល​សួរថា តើ​ធ្វើយ៉ាងណា​ទើប​អាចមាន​កីឡាករ​ទៅ​ប្រកួត​លើស​ង្វៀន​នៅ​ភ្នំពេញ ឬ សង្វៀន ONE Championship បើ​បង្ហាត់​តែ​ល្បុក្កតោ​? លោក​ឆ្លើយថា ៖«​តាមពិត​ក្បាច់គុន​មិន​ខុសគ្នា​ប៉ុន្មាន​ទេ​។ ពេល​ទៅ​វ៉ៃ ឬ ប្រកួត​ទីណា​យើង​គោរព​តាម​គោលការណ៍ ឬ ច្បាប់​របស់​សង្វៀន​នោះ​។ បើ​យើង​ទៅ​វ៉ៃ MMA នៅ​សង្វៀន ONE យើង​ក៏ត្រូវ​ប្រកួត​តាម​ក្បាច់​របស់គេ វ៉ៃ​សេរី ឃ្លេ គាប និង កាច់​តាម​ហ្នឹង​ទៅ​។ យើង​មាន​គ្រប់​ក្បាច់​ដែល​ត្រូវ​រៀន​»​។ 


 
«​សាលា​គុន​ល្បុក្កតោ​លោកតា​ដំបង​ដែក​ខេត្តកំពង់ឆ្នាំង​» គឺជា​សមាជិក​មួយ​ក្នុងចំណោម​សមាជិក​ផ្លូវការ​ទាំងឡាយ​នៃ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​។ គ្រូបង្វឹក អំ យ៉ុម បានធ្វើការ​យ៉ាង​ជិតដិត​ជាមួយ​សហព័ន្ធ​នាពេល​កន្លងមក ជាពិសេស​ការផ្លាស់ប្ដូរ​បទពិសោធន៍​ការងារ​បង្វឹក​ជាច្រើន​ឆ្នាំ​ជាមួយ​គ្រូបង្វឹក​គុន​ចម្រុះ ហ៊ុន ច័ន្ទ​រាជ្យ​។ តាមរយៈ​ការចុះឈ្មោះ​ជា​ផ្លូវការ​ថ្មីៗ​នេះ សាលា​គុន​នៅ​ក្រុង​កំពង់​ឆ្នាំ​នឹង​ទទួល​បានការ​ជ្រោមជ្រែង​ទាំង​បច្ចេកទេស​ហ្វឹកហាត់ និង ជំនួយ​ជា​សម្ភារ​ហ្វឹកហាត់​នាពេលខាងមុខ​។ 
 
​គួររំលឹកថា «​សាលា​គុន​ល្បុក្កតោ​លោកតា​ដំបង​ដែក​ខេត្តកំពង់ឆ្នាំង​» ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវ​អំឡុង​ឆ្នាំ ២០១៣ ប៉ុន្តែ​សាលា​គុន​មួយ​នេះ​បាន​បង្ហាត់​សិស្ស​ជា​យូរយារ​ណាស់​មកហើយ​។ កូនសិស្ស​លោកគ្រូ អំ យ៉ុម តែងតែ​ចូលរួម​កម្មវិធី​សម្ដែង​ធំៗ​ថ្នាក់ជាតិ​ដើម្បី​បង្ហាញ​អំពី​ក្បាច់គុន​ល្បុក្កតោ និង ចូលរួម​ក្នុងការ​ប្រកួត​ថ្នាក់ជាតិ ឬ កីឡា​ជាតិ​ជា​ហូរហែ​តាំងពីដើម​រហូតដល់​ប​ច្ចុ​ប្បន្ន​។ សាលា​គុន​មួយ​នេះ​ស្ថិតនៅ​ភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​៕ 


 

ព័ត៌មានទាក់ទង