គ្រឿងក្នុង​ជ្រូក​ជាង​៥០០​គីឡូ បម្រុង​នាំមក​ភ្នំពេញ តែ​ត្រូវ​អាជ្ញាធរ​ចាប់បាន​នៅ​បន្ទាយមានជ័យ​

30/11/-0001 12:00 am បន្ទាយមានជ័យ

​ភ្នំពេញ​៖ សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​បង្ក្រាប​ករណី​នាំចូល​គ្រឿងក្នុង​ជ្រូក​គ្មាន​ច្បាប់​អនុញ្ញាត ជាង​កន្លះ​តោន​ពី​ប្រទេស​ថៃ ដែល​បម្រុង​នាំមក​ភ្នំពេញ​។
 
​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី​២០​ខែមិថុនា បាន​ឃាត់​អ្នកបើកបរ​រថយន្ត​ម្នាក់ ដែល​ដឹកជញ្ជូន​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​ចំនួន​១២​កេស ស្មើ ៥៧២​គីឡូក្រាម នៅ​ទីតាំង​ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ ករណី​បង្ក្រាប​ការ​ចរាចរ​ផលិតផល​ខូចគុណភាព​នេះ គឺធ្វើឡើង​ក្រោយពី​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​។​
 
​ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក ចាប សុ​ផា​ឫទ្ធិ ត្រូវបាន​ស្រង់​សំដី​នៅលើ​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ថា ការ​នាំចូល​គ្រឿងក្នុង​ជ្រូក​នេះ​គ្មាន​លិខិតអនុញ្ញាត និង​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​នោះឡើយ​។ លោក​បន្តថា គ្រឿងក្នុង​ជ្រូក​៥៧២​គីឡូក្រាម​នោះ ពោះជ្រូក ២០០​គីឡូក្រាម ត្រចៀកជ្រូក ១៨០​គីឡូក្រាម បេះដូង ១៥០​គីឡូក្រាម ឆ្អឹងជំនី​២២​គីឡូក្រាម និង​ពោះវៀនធំ​២០​គីឡូក្រាម​។​
 
​បើតាម​ចម្លើយសារភាព​ពី​អ្នកបើកបរ​រថយន្ត​នោះ រូបគេ​ប្រកប​របរ​រត់​រថយន្ត​ឈ្នួល ហើយ​ទើបតែ​ស៊ីឈ្នួល​ដឹក​គ្រឿងក្នុង​ជ្រូក​លើក​ទី​១​ឲ្យ​ថៅកែ​នៅ​ភ្នំពេញ​។​
 
​លោក​ស្នងការរង បាន​បញ្ជាក់ថា គ្រឿងក្នុង​ជ្រូក​ជាង​កន្លះ​តោន​នេះ ត្រូវ​រក្សាទុក​រង់ចាំ​ឲ្យ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ចុះមក​ពិនិត្យ ក្រែង​មាន​សារធាតុ​គីមី និង​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា ដើម្បី​យកទៅ​ដុត​កម្ទេចចោល​៕
 

ព័ត៌មានទាក់ទង