ដង្កូវ Fall Armyworm បំផ្លាញដំណាំពោតជាង១ម៉ឺនហិកតាតាមបណ្តាខេត្ត
ដង្កូវប្រភេទថ្មីឈ្មោះ Fall Armyworm បានបំផ្លាញដំណាំពោតប្រជាពលរដ្ឋនៅខេត្តប៉ៃលិន បន្ទាយមានជ័យ និងត្បូងឃ្មុំ អស់ជាង១ម៉ឺនហិកតា គិតត្រឹមថ្ងៃទី១១មិថុនា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤មិថុនា។
ក្រសួងកសិកម្ម បានបញ្ជាក់ថា ដង្កូវប្រភេទថ្មីនេះ មានដើមកំណើតនៅតំបន់អាមេរិកខាងត្បូង ដែលអាចបំផ្លាញលើដំណាំនិងរុក្ខជាតិជាង៨០ប្រភេទ ក្នុងនោះដំណាំពោតជាប្រភេទដែលដង្កូវនេះចូលចិត្តស៊ីជាងគេ។
នៅឆ្នាំ២០១៦ ដង្កូវនេះបានរាលដាលទៅអាហ្រិ្វកកណ្ដាល អាហ្រិ្វកភាគខាងលិច អាហ្រិ្វកភាគខាងត្បូង ហើយនៅឆ្នាំ២០១៨បានរាតត្បាត និងបំផ្លាញដំណាំពោតស្ទើរគ្រប់ទីកន្លែងនៅទ្វីបអាហ្រិ្វក។ បន្ទាប់មកឆ្លងរាលដាលដល់ប្រទេសឥណ្ឌា ចិន ស្រីលង្កា បង់ក្លាដេស ថៃ មីយ៉ាន់ម៉ា និងប្រទេសឡាវ។
ថ្មីៗនេះមន្រី្តកសិកម្ម បានចុះពិនិត្យនិងតាមដានឃើញថាវត្តមានដង្កូវប្រភេទថ្មីនេះ បានគំរាមកំហែងដ៍ធ្ងន់ធ្ងរដល់ដំណាំពោតនៅកម្ពុជា។ ក្រសួងកសិកម្មបានអះអាងថា ដង្កូវនេះ បានរាតត្បាតបំផ្លាញដំណាំលឿនបំផុត ហើយស្របពេលកម្ពុជាទទួលរងនូវបាតុភូតអាកាសធាតុអែលនីណូ មានលក្ខខណ្ឌកាន់តែសមស្របជាមួយដង្កូវប្រភេទថ្មីនេះ មានលទ្ធភាពបង្កើនការរាលដាលនិងបំផ្លាញដំណាំពោតកាន់តែលឿន។
ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១១មិថុនានេះ ដង្កូវប្រភេទថ្មីខាងលើ បានបំផ្លាញដំណាំពោតជាង១ម៉ឺនហិកតា។ ក្នុងនោះមានខេត្តចំនួន៤ គឺខេត្តប៉ៃលិនជាង២៥០០ហិកតា ខេត្តបាត់ដំបងជាង៣០០០ហិកតា ខេត្តបន្ទាយមានជ័យជាង៤០០០ហិកតា និងខេត្តត្បូងឃ្មុំជាង៨០០ហិកតា។
ដើម្បីទប់ស្កាត់ការរាតត្បាត និងបំផ្លាញពីដង្កូវប្រភេទថ្មីខាងលើនេះ ក្រសួងកសិកម្មបានអំពាវនាវឲ្យអាជ្ញាធរនិងប្រជាពលរដ្ឋ អនុវត្តវិធានការមួយចំនួនរួមមាន៖ អគ្គនាយកដ្ឋានកសិកម្ម ត្រូវរៀបចំផែនការទប់ស្កាត់ និងកម្ចាត់ដង្កូវប្រភេទថ្មីនេះ ដើម្បីធានាបានប្រសិទ្ធភាពចំពោះដំណាំពោតនៅកម្ពុជា។
អគ្គនាយកដ្ឋានកសិកម្ម ត្រូវស្រាវជ្រាវ និងអង្កេតព្យាករណ៍ពីកម្រិតបំផ្លាញរបស់ដង្កូវ។ អគ្គនាយកដ្ឋានកសិកម្ម ត្រូវអនុវត្តវិធានការចម្រុះគ្រប់គ្រង់ដំណាំ តាមបែបជីវសាស្ត្រ រូបសាស្ត្រ និងវិធានការគីមីជាជម្រើសចុងក្រោយ។ មន្ទីរកសិកម្មរាជធានីខេត្តត្រូវសហការជាមួយ អគ្គនាយកដ្ឋានកសិកម្ម រួមទាំងប្រជាពលរដ្ឋ ត្រូវរាយការណ៍ពីទីតាំងដែលសង្ស័យថា មានដង្កូវប្រភេទថ្មីនេះកំពុងបំផ្លាញដំណាំ ដើម្បីចាត់វិធានការទប់ស្កាត់បានទាន់ពេល៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com