ការចិញ្ចឹម​គោ​យក​ទឹកដោះ អាចបំពេញ​តម្រូវការ​ក្នុងស្រុក និង​ចែករំលែក​បច្ចេកទេស​ដ​ល់​កសិករ​

30/11/-0001 12:00 am ព្រះវិហារ

​ការចិញ្ចឹម​គោ​យក​ទឹកដោះ​របស់​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា នៅ​ឧទ្យាន​ឫស្សី​ត្រឹប ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ គឺមាន​បំណង​ស្រាវជ្រាវ​បច្ចេកទេស​ចិញ្ចឹម​គោ​សម្រាប់​ពលរដ្ឋ​កម្ពុជា និង​បំពេញតម្រូវការ​ក្នុងស្រុក ជាពិសេស គឺអាច​លើ​ស្ទួយ​ជីវភាព​ប្រជាកសិករ​។​
 
​គោ​ផើម​ពូជ​ហូ​ឡង់​១០០​ក្បាល បាន​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រកទ្វារ​អន្តរជាតិ​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​២៥​ឧសភា ឆ្នាំ​២០១៩ ទៅកាន់ «​ឧទ្យាន​រាជបណ្ឌិត្យ​សភាព​កម្ពុជា តេ​ជោ សែន ឫស្សី​ត្រឹប​» ហើយ​ប្រមាណ​ពីរ​ខែក្រោយ​នឹង​កើតកូន ដែល​អាច​ផលិត​ទឹកដោះ​បាន​។ គោមួយ​ក្បាល​តម្លៃ​២​ពាន់​ដុល្លារ​។ ប៉ុន្តែ មេគោ​មួយ​ក្បាល​ក្នុងចំណោម​១០០​ក្បាល ដែល​ដឹក​មក​ត្រូវបាន​រលូត​កូន ដោយសារ​ការដឹក​តាម​ឡាន បូ​ករូម​និង​បញ្ហារ​ផ្លូវ​។ 
 
​ជា​លើកដំបូង​សម្រាប់​កម្ពុជា ដែល​បាន​នាំចូល​គោ​ចិញ្ចឹម​យក​ទឹកដោះ​។ ហើយ​បច្ចេកទេស​នៃ​ការរៀបចំ​ថែទាំ​តាមរបៀប​គោ​អឺរ៉ុប មាន​ចំណីអាហារ ទឹក​ផឹក និង​កន្លែងដេក​។ ទាំងនេះ គឺ​ដើម្បី​ស្រាវជ្រាវ រួម​ចែករំលែក​ដល់​កសិករ​នៅពេល​ខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​។​


 
​លោក សុខ ទូច ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​២៧​ឧសភា​នេះ​ថា «​សម្រាប់​បច្ចេកទេស​ចិញ្ចឹម​គោ ចង់​កែប្រែ​ការចិញ្ចឹម​គោ​តាម​យថាកម្ម ដែល​លែង​ពី​ព្រឹក​ដល់​ល្ងាច ឲ្យ​ទៅជា​ការចិញ្ចឹម​ថែទាំ​ផ្ដល់​ការស្រលាញ់​ដល់​សត្វ​។ ការ​ចងក្រង​ឯកសារ​រាជបណ្ឌិតសភា នឹងសិក្សា​ស្រាវជ្រាវ​ជា​លទ្ធផល​ជាក់ស្ដែង​ទុក​ឲ្យ​ប្រជាពលរដ្ឋ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​។ បង្កើត​ផ​លិ​ផល​ក្នុងស្រុក ជាទូទៅ​មនុស្ស​គ្រប់គ្នា​ត្រូវការ​ទឹកដោះគោ​សម្រាប់​ទទួលទាន ដូច្នេះ​កម្ពុជា​គួរតែ​ផលិត​ជាជាង​នាំចូល​។ ផ្នែក​ហិរញ្ញវត្ថុ ពលរដ្ឋ​កម្ពុជា​មិនទាន់មាន​ជំនាញ​នៅឡើយ​ក្នុងការ​ចិញ្ចឹម​គោ ហើយ​ខណៈ​ពេលនេះ​រាជបណ្ឌិត្យសភាកម្ពុជា​នឹងសិក្សា​ទុក​ឲ្យ​ប្រជាពលរដ្ឋ ដើម្បី​មិន​ឲ្យ​មានការ​ខាតបង់​។ ប្រជាជន​ក្រីក្រ អាចមាន​លទ្ធភាព​ទទួល​ទាន​ទឹកដោះគោ​បាន នេះ​ជា​កត្តា​ធ្វើ​ឲ្យ​ធនធានមនុស្ស​លូតលាស់​បានល្អ​»​។​
 
​ប្រធាន​រាជបណ្ឌិត្យសភា​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា រោង​គោ​បាន​សាងសង់​អស់​១៥​ម៉ឺន​ដុល្លារ ហើយ​នៅសល់​បី​ដំណាក់ គឺ​រោង​ស្មៅ រោង​រឹត​យក​ទឹកដោះគោ និង​រោង​វិច​ខ្ចប់​។ ចំពោះ​រោង​ស្មៅ គោមួយ​ក្បាល​ត្រូវការ​ស៊ី​៤០​គីឡូ​ក្នុង​មួយថ្ងៃ​។ កសិដ្ឋាន​បាន​ដាំ​ស្មៅ​១៥​ហិកតា រួច​នឹង​ឈាន​ដាំ​ដល់​២០០​ហិកតា​។ រីឯ​រោង​រឹត និង​រោង​វិច​ខ្ចប់់ ដែល​គម្រោង​នឹង​សាងសង​ចំណាយ​អស់​ជាង​៦០​ម៉ឺន​ដុល្លារ​។ 


 
​តាម​ការបញ្ជាក់​របស់​លោក ក្នុង​ខែកក្កដា​ខាងមុខនេះ គោ​២០​ក្បាលដំបូល​នឹង​ប្រមូល​ទឹកដោះ​៣០០​លី​ត ដែលជា​ផលិតផល​សម្រេច​លើ​ទីផ្សារ​ក្នុង​១​លី​ត​១​ដុល្លារ​។ បី​ខែ​បន្ទាប់ គោ​៦០​ក្បាល​ទៀត​នឹងត្រូវ​ប្រមូល​ផល​បន្ត ដែល​គោមួយ​ក្បាល​អាចមាន​ទឹកដោះ​១៥​លី​ត​។ 
 
​សម្រាប់​បច្ចេកទេស​នៃ​ការមើល​ថែ​គោ លោក សុខ ទូច បាន​ឲ្យ​ដឹងថា លោក​បាន​បញ្ជូន​មនុស្ស​ពី​កម្ពុជា​ទៅ​រៀន​បច្ចេកទេស​នៅ​ថៃ​។ ឥឡូវ​អ្នកបច្ចេកទេស​ថៃ ក៏​បានមក​បង្រៀន​ជួយ​មើលថែ​ផងដែរ​។ កន្លែង​ចិញ្ចឹម​គោ​សព្វថ្ងៃ​មាន​យុវជន​កម្ពុជា​អ្នកជំនាញ​ខាង​ចំណី ពេទ្យសត្វ និង​ដាំ​ស្មៅ កំពុង​មើលថែ​និង​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​ផងដែរ​។ 
 
​ក្រៅពី​ការចិញ្ចឹម​គោ​យក​ទឹកដោះ តំបន់​ឧទ្យាន​រាជបណ្ឌិត្យ​សភាព​កម្ពុជា តេ​ជោ សែន ឫស្សី​ត្រឹប នឹង​ក្លាយជា​តំបន់ អភិរក្ស​សត្វព្រៃ ដាំ​ដើមឈើ​និង​ជីក​ស្រះ​ស្ដុក​ទឹក​។ អភិរក្ស​វប្បធម៌​ដែលជា​តំបន់​ផលិត​ដែក​នា​សម័យអង្គរ​សតវត្ស​ទី​១១​ដល់​១៣ និង​ប្រែក្លាយជា​តំបន់​ប្រមូល​ផល​និរន្តរភាព​។ ដើម្បី​ឲ្យ​ប្រជាជន​ឈប់​បរបាញ់​សត្វព្រៃ​និង​កាប់​ឈើ ដោយ​ផ្អែកលើ ភ្ញៀវទេសចរ ដែល​អាច​ឲ្យ​ប្រជាជនមាន​មុខរបរ​ជា​អ្នក​នាំ​ភ្ញៀវ​ដើរ​ទស្សនា រួម​ជាមួយនឹង​ការដាំ​ដំណាំ​ដោយ​គ្មាន​ប្រើ​ជាតិគីមី​។ 
 
​គួរ​បញ្ជាក់ថា ក្នុង​តំបន់ «​ឧទ្យាន​រាជបណ្ឌិត្យ​សភាព​កម្ពុជា តេ​ជោ សែន ឫស្សី​ត្រឹប​» មាន​ទំហំ​ប្រមាណ​១​ម៉ឺន​ហិកតា ហើយ​ត្រូវ​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​នៅ​ឆ្នាំ​២០១៤​។ រាជបណ្ឌិត្យ​សភាព​កម្ពុ​ជា និង​ក្រុមហ៊ុន​ជប៉ុន​មួយ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ថ្ងៃទី​២៨​កក្កដា ឆ្នាំ​២០១៨ ដើម្បី​នាំយក​សត្វ​កម្រ​នានា ដូចជា​ត្រី​ដូ​ហ្វី​ន ឬ​ត្រី​ផ្សោត​ទឹកសាប​ដែល​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ទៅ​ចិញ្ចឹម​នៅក្នុង​ឧទ្យាន​នេះ ព្រោះ​នៅ​ទីនោះ មាន​អូរ​មួយ​ឈ្មោះ អូរ​ដា​លាស់ ដែលជា​អូរ​ពី​បុរាណកាល​។ 
 
​កាលពីពេល​ថ្មីៗ​នេះ លោក សុខ ទូច បញ្ជាក់ថា កំពុង​ស្វែងរក​ជំនួយ​ពី​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ស្ដារ​អូរ​បុរាណ​នេះ សម្រាប់​អភិរក្ស​សត្វព្រៃ និង​សត្វ​កម្រ ព្រមទាំង​សម្រាប់​កសិកម្ម​របស់​ក​សិ​ករ​នៅ​តំបន់​ក្បែរ​ឧទ្យាន​នោះ​៕ 


 

ព័ត៌មានទាក់ទង