សម្ដេច ស ខេង បញ្ជា​ឲ្យ​សមត្ថកិច្ចបង្ក្រាប​គ្រឿងញៀន​ តាមកន្លែ​ង​កម្សាន្ត​ឱ្យអស់ នៅត្រឹម​ឆ្នាំ​២០១៩

30/11/-0001 12:00 am បន្ទាយមានជ័យ

​ភ្នំពេញ​៖ ពី​ពិធី​ប្រកាស​ផ្ទេរ និង​តែងតាំង​អភិបាលខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​១០ ឧសភា​នេះ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដាក់ចេញ​បញ្ជា​ឲ្យ​មន្ត្រី និង​កងកម្លាំង​ទាំងអស់ ចុះបង្ក្រាប​ករណី​គ្រឿងញៀន​នៅតាម​បណ្ដា​ក្លិប និង​ទីតាំង​កម្សាន្ត​នានា​ឲ្យ​អស់ នៅត្រឹម​ឆ្នាំ​២០១៩​នេះ​។​

 
​ថ្លែង​ចំពោះមុខ​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​ក្រសួងមហាផ្ទៃ​នោះ សម្ដេច ស ខេង បាន​សង្កត់ធ្ងន់ថា ករណី​គ្រឿងញៀន​នៅតាម​រង្គសាល​នានា ត្រូវ​លុបបំបាត់​ឲ្យ​អស់ ដើម្បី​ទប់ស្កាត់​ការរីក​រាល​បញ្ហា​គ្រឿងញៀន ដែល​នាំ​ឲ្យ​បំផ្លាញ​សង្គម​នេះ​។ បើតាម​សម្ដេច ស ខេង ទីតាំង​កន្លែង​កម្សាន្ត​ដែល​លួចលាក់​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នេះ គឺជា​កន្លែង​ដែល​បំពុល និង​ពង្វក់ស្មារតី​យុវជន​ឲ្យ​ដើរ​ផ្លូវខុស ហើយ​បំផ្លាញ​អនាគត​ពួកគេ ។ 
 
​ត្រង់ចំណុច​នេះ​ប្រមុខ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​ព្រមាន​ថា បិទ ឬ​រឹបអូស ទីតាំង​ក្លិប និង​ទីកន្លែង​កម្សាន្ត​ណា ដែល​នៅ​បន្ត​លួចលាក់​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ ក្នុងករណី​សមត្ថកិច្ច​បង្ក្រាប​ម្ដង​ជា​ពីរដង​ហើយ​នៅតែ​មិន​រាងចាល​។ ការបង្ក្រាប​នេះ គឺ​អនុវត្ត​ទៅលើ​ទីកន្លែង​កម្សាន្ត​ទូទាំងប្រទេស​។​
 
​កាលពីពេល​ថ្មីៗ​នេះ សមត្ថកិច្ច បាន​បង្ក្រាប​ក្លិប​កម្សាន្ត​រ៉ក និង​ក្លិប ម៉ៃ អា​មី ជាដើម ដោយបាន​ឃាត់ខ្លួន​មនុស្ស​រាប់រយ​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន​នេះ​។​
 
​មក​ដល់ពេល​សមត្ថកិច្ច បាន​បង្ក្រាប និង​រឹបអូស បាន​គ្រឿងញៀន​ជាង​៦០០​គីឡូក្រាម​ហើយ ក្នុង​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​របស់​រដ្ឋាភិបាល រយៈពេល​ជាង​២​ឆ្នាំនេះ​។ នេះ​ជាការ​បញ្ជាក់​របសរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​៕

ព័ត៌មានទាក់ទង