មនុស្ស២នាក់ស្លាប់ និងផ្ទះ៨១ខ្នងរងការខូចខាត ដោយសារខ្យល់កន្ត្រាក់ នៅខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖មនុស្ស២នាក់ស្លាប់ និងផ្ទះ៨១ខ្នង ខូតខាតជាដំណំ ដោយសារបាតុភូតធម្មជាតិ នៅស្រុកចំនួន៤ ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែមេសា។ ស្រុកចំនួន៤ដែលរងការខូតខាតនោះ មានដូចជា ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក និងក្រុងសិរីសោភណ្ឌ។ នេះបើតាមអគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដែលអគ្គស្នងការនគរបាលជាតិទទួលបានពីស្រុកចំនួន៤ក្នុងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា មនុស្ស២នាក់ស្លាប់នេះ ដោយសាររន្ទះបាញ់នៅពេលពួកគេជិះម៉ូតូ គ្រាមានខ្យល់កន្ត្រាក់ និងផ្គររន្ទះ។ ចំណែកមនុស្ស២នាក់ទៀត រងរបួសដោយសាររលំផ្ទះលើ ។ រីឯគោ៥ក្បាលទៀត បានងាប់ដោយសារបាតុភូតធម្មជាតិនេះដែរ។
បើតាមអគ្គស្នងការនគរបាលជាតិដដែល ផ្ទះប្រជាពលរដ្ឋ៨១ខ្នង រួមទាំងរោងម៉ាស៊ីនកិនស្រូវ២ខ្នង, ឃ្លាំង១ខ្នង និងសាលាឆទាន១ខ្នងរងខូចខាតទៀតផង។
បើគិតចាប់ពីថ្ងៃទី០១ មករា ដល់ថ្ងៃទី២២ ខែមេសា មានបាតុភូតខ្យល់កន្ត្រាក់ កើតឡើងចំនួន៨៣ករណី នៅ២៣រាជធានី-ខេត្ត លើកលែងតែខេត្ត កំពត និងត្បូងឃ្មុំ។ បាតុភូតនេះបានបំផ្លាញផ្ទះពលរដ្ឋប្រមាណ២៣០០ខ្នង និងមានមនុស្សរងរបួស និងស្លាប់ជិត៤០នាក់។ នេះបើតាមលោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕
relate
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com