ខេត្តកំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង​… ជា​គោលដៅ​លើកកម្ពស់​ទីផ្សារ​កសិករ​ខ្នាតតូច

30/11/-0001 12:00 am កំពង់ឆ្នាំង

​ភ្នំពេញ​៖ ខេត្ត​ចំនួន​១១ នឹង​ក្លាយជា​គោលដៅ​អភិវឌ្ឍ​វិស័យ​កសិកម្ម តាមរយៈ​គម្រោង​លើកកម្ពស់​ទីផ្សារ​របស់​កសិករ​ខ្នាតតូច​។ អង្គការ​ហេ​ហ្វឺ​កម្ពុជា កំពុង​បន្ត​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើ​គម្រោង​លើកកម្ពស់​ទីផ្សារ​សម្រាប់​កសិករ​ខ្នាតតូច​នៅ​កម្ពុជា​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម​។​
 
​លោកស្រី កែវ គៀង ប្រធាន​អង្គការ​ហេ​ហ្វឺ​កម្ពុជា ដែល​បាន​ជួបពិភាក្សា​អំពី​វឌ្ឍនភាព​គម្រោង​ជាមួយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម​នោះ បាន​និយាយថា គោលបំណង​របស់​គម្រោង​នេះ គឺ​សម្រាប់​ជួយ​គាំទ្រ​ដល់​កសិករ​ក្រីក្រ និង​ក្រុម​ងាយ​រងគ្រោះ​ប្រមាណ​៣៥​ពាន់​គ្រួសារ និង​សហគមន៍​កសិកម្ម​ចំនួន​៦៤​ទៀត​។ តាមរយៈ​គម្រោង​នេះ អង្គការ​បាន​អនុវត្ត​៥​ចំណុច ដោយបាន​រៀបចំ​ទីផ្សារ​កសិផល ,​ធានា​និង​ផ្គត់ផ្គង់​អាហារូបត្ថម្ភ ,​ផ្សព្វផ្សាយ​អំពី​អនាម័យ​ក្នុង​ការរស់នៅ​និង​ប្រើប្រាស់​ទឹកស្អាត ,​លើ​កម្ពស់​យេនឌ័រ និង​ការអភិវឌ្ឍ​សហគមន៍​កសិកម្ម​ប្រកបដោយ​សមធម៌​។ បើតាម​លោកស្រី កែវ គៀង គម្រោង​នេះ អាចជួយ​ឲ្យ​កសិករ​រកចំណូលបាន​ជា​មធ្យម​ជាង​៥​ពាន់​ដុល្លារ​ក្នុង​មួយឆ្នាំ​។​


រូបភាព ក្រសួងកសិកម្ម
 
​គម្រោង​លើកកម្ពស់​ទីផ្សារ​សម្រាប់​កសិករ​ខ្នាតតូច​នេះ នឹង​ផ្ដោតលើ​ខេត្ត​គោលដៅ​ចំនួន​១១ គឺ​ខេត្តកំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​កំពង់ធំ​។​
 
​ជុំវិញ​បញ្ហា​កសិកម្ម​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន ជំរុញ​អង្គការ​ហេ​ហ្វឺ​កម្ពុជា និង​អង្គ​ផ្សេងៗ ដែល​កំពុង​អនុវត្ត​គម្រោង​ទាក់ទង​នឹង​វិស័យ​កសិកម្ម ពិនិត្យ​លទ្ធភាព​គាំទ្រ​លើ​៤​ចំណុច​រួមមាន ទី​១​ការបំពេញ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​ដោយ​ចាប់ផ្តើម​ពី A ដល់ Z ដើម្បី​បង្កើន​តម្លៃបន្ថែម រួមទាំង​ពង្រឹង​ការកែច្នៃ វេច​ខ្ចប់ ឃ្លាំង​ស្តុក បច្ចេកទេស និង​ការធានា​ដល់​គុណភាព សុ​វត្តិភាព​ដើម​។ ទី​២ ការសិក្សា​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម និង​រចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ផ្សេងទៀត​។ ទី​៣ ការអភិវឌ្ឍ​សហគមន៍​កសិកម្ម​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​។ និង​ចុងក្រោយ ជួយ​រៀបចំ​ផែន​ការដាំដុះ​ជូន​សហគមន៍​កសិកម្ម និង​សហការ​ជាមួយ​អង្គការ​ផ្សេងៗ ដើម្បី​ឲ្យ​ការអនុវត្ត​គម្រោង​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​។ បើតាម​លោក វេ​ង សាខុន កត្តា​ខាងលើនេះ ត្រូវ​ទាមទារ​ការចូលរួម​គ្រ​ប់​ភាគី​ពាក់ព័ន្ធ ដើម្បី​សម្រេច​គោលដៅ​ដល់​កសិករ​។ រដ្ឋ​ម​ន្រី្ត​រូបនេះ នឹង​ចុះទៅពិនិត្យ​សមិទ្ធផល​ជាក់ស្ដែង លើ​ការអនុវត្ត​គម្រោង​តាម​បណ្ដា​ខេត្ត​គោលដៅ​ខាងលើ​ទៀតផង​៕ 
 

ព័ត៌មានទាក់ទង