«ធុងបាស» ទាញក្មេងៗជនជាតិគ្រឹង ឲ្យងាកចេញពីប្រពៃណីខ្លួន
រតនគិរី៖ «បើជំនាន់ខ្ញុំ ពេលមានអ្នកស្លាប់ គឺមានក្រុមសីល្បៈវាយគង ដើម្បីរាំកំដរសព តែក្មេងឥឡូវក្លាយចង់អស់ហើយ ទាល់តែមានចាក់ធុងបាសរាំ បានពួកគេមករាំកំដរសព»។ នេះជាសម្តីរបស់បុរសជានជាតិគ្រឹងវ័យជាង៤០ឆ្នាំ ដែលកំពុងរស់នៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី ស្ថិតនៅចម្ងាយជាង២០គីឡូពីក្រុងបានលុង។ វត្តមានធុងបាស កំពុងជំនួសឧបករណ៍ភ្លេងបុរាណរបស់ជនជាតិដើមភាគតិច ដែលស្ទើតែបាត់បង់នោះ បានទាញក្មេងៗជនជាតិដើមភាគតិចគ្រឹងឱ្យងាកចេញពីប្រពៃណីខ្លួន។ លោក បៀន យ៉ែម ជាយុវជនជំនាន់មុននិងបច្ចុប្បន្ន ជាក្រុមប្រឹក្សាឃុំល្អក់ ស្រុកអូរជុំផងនេះ បានបង្ហាញក្តីបារម្ភយ៉ាងដូច្នេះ៖ «សព្វថ្ងៃ ខ្ញុំបារម្ភណាស់ ដែលទំនាមទំលាប់ ប្រពៃណីរស់នៅពីជីដូនជីតាមក ឥឡូវបាត់បង់ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ វប្បធម៌បរទេសដែលហូរចូលមក ខ្ញុំកំពុងតែភ័យព្រួយដែលឃើញថា ប្អូនៗឥឡូវមិនអាចគ្រប់គ្រងវប្បធម៌ប្រពៃណីខ្លួនឯង។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងលោក គី សុខលីម នៃសារព័ត៌មានថ្មីៗ ជាមួយលោក បៀន យ៉ែម ជនជាតិដើមភាគតិចគ្រឹង រស់នៅស្រុកអូរជុំ ខេត្តរតនគិរីដូចតទៅ៖
យ៉ាងណាក៏ដោយ ជនជាតិដើមភាគតិចគ្រឹងរស់នៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី នៅតែគោរពជំនឿលើអារក្ខអ្នកតា ដែលថែរក្សាភូមិស្រុករបស់ពួកគាត់ ប៉ុន្តែ ការស្លៀកសម្លៀកបំពាក់ជនជាតិ (ប៉ឹង) មិនសូវមានដូចមុនឡើយ។ លោក បៀន យ៉ែម បញ្ជាក់យ៉ាងដូច្នេះ៖ «បច្ចុប្បន្ន (ប៉ឹង) គេស្លៀកពាក់សម្រាប់តែកម្មវិធីផ្សេងៗ និងមានមនុស្សចាស់ៗមួយចំនួនដែលរស់នៅក្នុងភូមិប៉ុណ្ណោះ ក្រៅពីនេះពួកគេស្លៀកពាក់ធម្មតាដូចជនជាតិខ្មែរ»៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com