តំបន់​ត្រជាក់ចិត្ត ម្នាស់​យក្ស ក្រូច​យក្ស មាននៅ​ក្នុង​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បាត់ដំបង​»

30/11/-0001 12:00 am បាត់ដំបង

​ភ្នំពេញ​៖ ម្នាស់​យក្ស​និង​ក្រូច​យក្ស ត្រូវដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បាត់ដំបង​» នា​ថ្ងៃទី​១២-១៦ ខែមេសា នៅ​បរិវេណ​វិទ្យាល័យ​នេ​ត​យ៉ង់ ក្បែរ​រង្វង់​មូល​រូបសំណាក​លោកតា​ដំបងក្រញូង ខេត្តបាត់ដំបង​។ ក្រៅពី​សកម្មភាព​កីឡា និង​សិល្បៈ ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ខេត្តបាត់ដំបង និង​រដ្ឋបាលខេត្ត ក៏មាន​ការបាញ់​ពពុះ​សាប៊ូ​នៅ​តំបន់​ត្រជាក់ចិត្ត​ផងដែរ​។​
 
​ឆ្នាំនេះ​ជា​ឆ្នាំ​ទី​៣​ហើយ​ដែល​ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង រៀបចំឡើង​សម្រាប់​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​។ លោក នូវ សុខភាព ប្រធាន​ប្រតិបត្តិ​ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា សម្រាប់​ឆ្នាំនេះ​ខេត្តបាត់ដំបង មានកម្ម​វិធី​ប្លែកៗ​ខុសពី​ឆ្នាំ​កន្លងទៅ ដោយ​ឆ្នាំនេះ​មាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ មានការ​ដាក់តាំង​រូប ម្នាស់​យក្ស​និង​ក្រូច​យក្ស សម្រាប់​ឲ្យ​ពលរដ្ឋ​ទាំង​ជិត​ទាំង​ឆ្ងាយ បានមក​ថតរូប និង​កម្សាន្ត​សប្បាយរីករាយ​ជាមួយ​សិល្បករ​ខ្មែរ​គ្រប់​ជំនាន់ និង​សិល្បករ​បរទេស​ផងដែរ ដែល​ចូលរួម​ច្រៀង និង​រាំ​កម្សាន្ត​បែប​ប្រពៃណី​ខ្មែរ ដើម្បី​រក្សា​វប្បធម៌​ដែលជា​ប្រពៃណី​ខ្មែរ​។​
 
​លោក ចាត់ទុកថា តាមរយៈ​ព្រឹត្តិការណ៍​នេះ អា​ចរក​ចំណូល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ខេត្តបាត់ដំបង​ឲ្យ​កាន់តែច្រើន​។ លោក នូវ សុខភាព បញ្ជាក់​ដូច្នេះ​ថា​៖«​ព្រឹត្តិការណ៍​នេះ បង្ហាញ​ពីស​ក្តា​នុ​ពុល​របស់​ខេត្តបាត់ដំបង និង​ជា​ឱកាស​ឲ្យ​ពលរដ្ឋ​បាន​រក​ចំណូល​បន្ថែម​នាឱកាស​ស​ង្រា្ក​ន្ត​បាត់ដំបង​នេះ​»​។ 
 
​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បាត់ដំបង​» នៅ​ឆ្នាំ​២០១៨ កន្លងទៅ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជិត​៧០​ម៉ឺន​នាក់​។ សម្រាប់​ឆ្នាំនេះ​ផងដែរ លោក នូវ សុខភាព មានជំនឿថា នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​នៅ​ខេត្តបាត់ដំបង​នេះ​ជិត​១​លាន​នាក់​៕ 
 

ព័ត៌មានទាក់ទង