«​សង្ក្រាន្ត​ស្វាយរៀង​» បង្ហាញ​ពី​សិល្បករ​ខ្មែរ​គ្រប់​ជំនាន់

30/11/-0001 12:00 am ស្វាយរៀង

​ភ្នំពេញ​៖ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ខេត្តស្វាយរៀង រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ស្វាយរៀង​» ជា​លើក​ទី​៣ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែលមាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា​។ ក្នុង​ព្រឹត្តិការណ៍​នេះ ពលរដ្ឋ​ខ្មែរ អាច​យល់ដឹង​ពី​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ក៏ដូចជា​បទ​ចម្រៀង និង​ក្បាច់​រាំ​បែប​ទសវត្ស​៦០ ដែល​សម្តែង​ដោយ​សិល្បករ​គ្រប់​ជំនាន់ ដើម្បី​រំលឹក​ដល់​បុព្វបុរស​ខ្មែរ​ពី​សម័យមុន​។

 
​ក្នុង​ឆ្នាំ​២០១៩​នេះ ព្រឹត្តិការណ៍ «​ស​ង្រា្ក​ន្ត​ស្វាយរៀង​» ប្រារព្ធ​ឡើង​នៅ​ទីតាំង​ធំ នៅ​រង្វង់​មូល​វិមានឯករាជ្យ​ខេត្តស្វាយរៀង ដែលជា​គំនិត​ផ្គួ​ច​ផ្តើម​របស់​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ដោយ​សហការ​ជាមួយ​រដ្ឋបាល​ខេត្តស្វាយរៀង​។ 



​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង លោក តូច ប៉ូ​លី​វា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ ដើម្បី​ជា​ឱកាស​ជួបជុំ​យុវជន និង​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់ ដែលជា​អ្នក​នៅ​ខេត្តស្វាយរៀង សម្រាប់​មក​កម្សាន្ត​ក្នុង​ព្រឹ​ត្ត​ការណ៍​នេះ​។ លោក តូច ប៉ូ​លី​វា បន្ថែមថា ក្នុង​ព្រឹត្តិការណ៍​នេះ មានកម្ម​វិធី​សំខាន់ៗ ដូចជា ការសម្តែង​សិល្បៈ​បែប​ទសវត្ស​៦០ និង​មានការ​តាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក ប្រគុំ​តន្ត្រី ការ​បណ្តែត​គោម ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ តាំងពិព័រណ៍​រូបភាព​នៃ​សហគ្រាស រោងចក្រ ដែល​បាន​វិនិយោគ​នៅ​ខេត្តស្វាយរៀង និង​ការតាំងពិព័រណ៍​ម្ហូបអាហារ​ខ្មែរ​ផងដែរ​។ 

​បើតាម​លោក តូច ប៉ូ​លី​វា ការរៀបចំ​ព្រឹត្តិការណ៍ «​ស្វាយរៀង​សង្ក្រាន្ត​» កន្លងទៅ គឺ​បានបង្ហាញ​ពី​សាមគ្គីភាព​របស់​គ្រួសារ​ខ្មែរ ដើម្បី​ថែរក្សា​មរតក​ដែលជា​ទំនៀមទម្លាប់​បែប​ប្រពៃណី​ខ្មែរ​។ លោក  តូច ប៉ូ​លី​វា បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ចង់​ឲ្យ​ពលរដ្ឋ​បាន​ឈ្វេងយល់​ពី​របៀបរបប​បែប​ប្រពៃណី​ខ្មែរ​ដ៏​ផូរផង់​របស់​យើង ទើប​យើង​បង្កើត​ឲ្យ​មានកម្ម​វិធី​នេះ​ឡើង​។ ជា​លទ្ធផល យើង​សង្កេតឃើញថា​តាមរយៈ​ព្រឹត្តិការ​ណ៍ស​ង្រា្ក​ន្ត​ស្វាយរៀង​រយៈពេល​២​ឆ្នាំ​កន្លងទៅ ពលរដ្ឋ​ខ្មែរ​ចេះ​ស្រឡាញ់គ្នា ហើយ​យើង​ក៏​មើលឃើញថា មានការ​ថយចុះ​ពី​ការឈ្លោះប្រកែក​គ្នា​នា​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​»​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ព្រឹត្តិការណ៍ «​ស​ង្រា្ក​ន្ត​ស្វាយរៀង​» ដោយមាន​អ្នកចូលរួម​ប្រមាណ​ជិត​៣០​ម៉ឺន​នាក់​។ សម្រាប់​ឆ្នាំនេះ ប្រធាន ស​.​ស​.​យ​.​ក​. ខេត្តស្វាយរៀង សង្ឃឹមថា នឹងមាន​អ្នកចូលរួម​កើនឡើង​ជាង​ឆ្នាំមុន​ផងដែរ​៕ 

ព័ត៌មានទាក់ទង