យុវ​សិស្ស​បន្ទាយឆ្មារ​រៀន​ពី​បេតិកភណ្ឌ​ព្រោះ​ចង់​ការពារ​តម្លៃ​នេះ​ដល់​អ្នកជំនាន់ក្រោយ

30/11/-0001 12:00 am បន្ទាយមានជ័យ

​បន្ទាយមានជ័យ​៖ អស់​រយៈកាល​៥​ឆ្នាំ​មកហើយ ដែល​កម្មវិធី​អប់រំ​បេតិកភណ្ឌ​សម្រាប់​សិស្ស​វិទ្យាល័យ និង​កុមារ ត្រូវបាន​បង្កើតឡើង​។ គម្រោង​នេះ ដឹកនាំ​ដោយ​អង្គការ​គាំពារ​កេរ​មរតក សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយ​អនុវត្តន៍​នៅ​វិទ្យាល័យ និង​សាលាបឋមសិក្សា​បន្ទាយឆ្មា​រ​។ កម្មវិធី​នេះ​ចេញពី​លទ្ធផល​នៃ​គម្រោង​ស្រាវជ្រាវ​ផ្លូវ​បុរាណ​រវាង​ខ្មែរ និង​ថៃ ដែលមាន​អាជ្ញាធរ​ជាតិ​អប្សរា​ជា​បង្គោល​។ យុវ​សិស្ស​ដែល​កំពុង​ទទួល​ការអប់រំ​ពី​បេតិកភណ្ឌ​យល់ថា ពួកគេ​មាន​កាតព្វកិច្ច​ស្វែងយល់​ពី​តម្លៃ​វប្បធម៌ អរិយធម៌​របស់ខ្លួន ហើយ​ត្រូវការពារ​តម្លៃ​ទាំងនេះ​សម្រាប់​អ្នកជំនាន់ក្រោយៗ​ទៀត​។​
 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​តំបន់​ប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដូចតទៅ​៖

**audio2**


 
​កម្មវិធី​អប់រំ​បេតិកភណ្ឌ​នៅ​បន្ទាយឆ្មារ បានចាប់ផ្តើម​នៅ​ឆ្នាំ​២០១៥ ដែល​បន្ដ​ពី​គម្រោង​ស្រាវជ្រាវ​ផ្លូវ​បុរាណ​ពី​តំបន់​អង្គរ​ទៅ​ភិ​ម៉ា​យ រវាង​ខ្មែរ និង​ថៃ​។ គម្រោង​នេះ បណ្ដុះ​បណ្ដាលឱ្យ​សិស្ស​រស់នៅ​តំបន់​ដែលមាន​បេតិកភណ្ឌ​តាម​ព្រំដែន​នេះ ស្វែងយល់​ពី​តម្លៃ​ទាំងនោះ និង​ឱ្យ​សិស្ស​ផ្លាស់ប្ដូរ​ការសិក្សា​ពី​វប្បធម៌​គ្នា​។ ឧទាហរណ៍ បើ​និយាយ​ពី​មរតក​អរូបី បើ​ស្រុក​ខ្មែរ​មាន​ពិធី​សុំ​ទឹកភ្លៀង តើ​នៅ​ថៃ​មាន​ពិធី​នេះ​ទេ​។​ល​។​
 
​លោក អ៊ុន មុន្នី​នី​តា នាយក​ប្រតិបត្តិ​នៃ​អង្គការ​គាំពារ​កេរ​មរតក បានឱ្យដឹងថា គម្រោង​អប់រំ​បេតិកភណ្ឌ​នេះ​ចែកជា​២​ផ្នែក គឺ​ការអប់រំ​សម្រាប់​សិស្ស​វិទ្យាល័យ​ចាប់ពី​ថ្នាក់​ទី​១០ ដល់ទី​១២ និង​សិស្ស​ថ្នាក់​បឋម​ពី​ថ្នាក់​ទី​៥ ដល់ទី​៦​។ ការបណ្ដុះ​សម្រាប់​សិស្ស​វិទ្យាល័យ ដើម្បីឱ្យ​ពួកគេ​ក្លាយជា​គ្រូ​បង្គោល​សម្រាប់​សិស្ស​បឋម ក៏ដូចជា​ចងក្រង​ឯកសារ​បេតិកភណ្ឌ​នៅ​តំបន់​របស់ខ្លួន និង​យក​លទ្ធផល​ដែល​ស្រាវជ្រាវ​បាន​ទៅ​បង្រៀន​បន្ដ​ដល់​ក្មេងជំនាន់ក្រោយៗ​ទៀត​។ សម្រាប់​លោក មុន្នី​នី​តា កម្មវិធី​អប់រំ​បេតិកភណ្ឌ​នេះ​សំខាន់​ណាស់ ដែល​ធ្វើឱ្យ​កូនសិស្ស​រស់នៅ​តំបន់​នេះ ភ្ញាក់ខ្លួន​ថា​គេ​កំពុង​រស់នៅ​កន្លែង​ណា ហើយ​និង​ធ្វើ​អ្វី​បន្ដ​សម្រាប់​តម្លៃ​ទាំងនោះ​។​


 
​ដូច​បាន​ជម្រាប​ខាងដើម​ដូច្នោះ គឺ​កម្មវិធី​អប់រំ​បេតិកភណ្ឌ​នៅ​បន្ទាយឆ្មារ​នេះ មាន​រយៈពេល​៥​ឆ្នាំ​មកហើយ ហើយ​លទ្ធផល​នៃ​កម្មវិធី​នេះ ក៏​ក្រែល​ដែរ​។ លោក មុន្នី​នី​តា បាន​លើកឡើងថា កម្មវិធី​នេះ​លោក​ទទួល​ការកោតសរសើរ​ជាច្រើន​ពី​អាជ្ញាធរ​។ កម្មវិធី​នេះ បាន​បណ្ដុះ​ឱ្យ​កុមារ​យល់​ពី​តម្លៃ​បេតិកភណ្ឌ ហើយ​គេ​ក៏​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ការពារ​សម្បត្តិ​វប្បធម៌ បេតិកភណ្ឌ​ទាំងនោះ​ផងដែរ​។ «​យើង​មាន​ស្ថាប័ន​បច្ចេកទេស​ទទួលបន្ទុក​ផ្នែក​វប្បធម៌​... ប៉ុន្តែ​ពួកគាត់​មិនអាច​នៅ​ប្រចាំការ​ក្នុង​តំបន់​២៤​ម៉ោង​បានទេ ចឹ​ង​មានតែ​អ្នកស្រុក​ទេ​ដែល​នៅ​ជាប្រចាំ គាត់​ក្លាយជា​ច្រ​មុំ​ត្រចៀក​សម្រាប់​ជួយ​ការពារ​។ ពេល​គាត់​ស្រឡាញ់ គឺ​ចេះ​ការពារ គាត់​មិន​បំផ្លាញ​ដោយ​ចេតនា ហើយ​ប្រសិនបើ​ជួប​ហេតុការណ៍​ដូចជា​ការ​គាស់ លួច គាត់​ជួយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ថែមទៀត​»​។ លោក មុន្នី​នី​តា បន្ថែម​។​
 
​ក្រៅពី​ទទួលស្គាល់​ពី​ចំណុច​វិជ្ជមាន​ដែល​កើតចេញពី​កម្មវិធី​អប់រំ​បេតិកភណ្ឌ​ហើយ​នោះ ក្នុងនោះដែរ នាយក​ប្រតិបត្តិ​នៃ​អង្គការ​គាំពារ​កេរ​មរតក ក៏​សង្កេតឃើញថា យុវជន​ដែលមាន​ចំណេះដឹង​ផ្នែក​វប្បធម៌ រមែង​គិតពិចារណា​បាន​វែងឆ្ងាយ សម្រេច​ចិត្តបាន​ត្រឹមត្រូវ និង​មាន​ភាព​វៃឆ្លាត​ពេល​គេ​បន្ដ​ការសិក្សា​ទៅ​ថ្នាក់ខ្ពស់​។​ល​។ ជាងនេះទៅទៀត​នោះ ក៏បាន​បណ្ដុះ​ឱ្យ​យុវជន​ក្លាយជា​នគរបាល​បេតិកភណ្ឌ​យ៉ាង​ដូច្នោះ​ដែរ ដ្បិត​ពួកគេ​មានការ​យល់ដឹង​ច្រើន​លើ​ផ្នែក​នេះ​។​
 
​យុវ​សិស្ស ពន្លក ប៉ូ​លីន រៀន​ថ្នាក់​ទី​១១ នៅ​វិទ្យាល័យ​បន្ទាយឆ្មារ ដែល​កំពុង​ចូលរួម​ក្នុង​កម្មវិធី​អប់រំ​បេតិកភណ្ឌ បាន​លើកឡើងថា ការអប់រំ​នេះ​បានផ្តល់​ចំណេះដឹង​ផ្នែក​វប្បធម៌ ឱ្យ​យល់ដឹង​ពី​មនុស្ស​បុរាណ ក៏ដូចជា​បង្ហាញ​ដល់​រូបគេ​ឱ្យដឹងពី​អ្វីដែល​នៅ​ជុំវិញ​គេ ពិសេស​ប្រាប់​ពីអ្វី​ជាត​ម្លៃ​បេតិកភណ្ឌ និង​មរតក​ដូនតា​។ ជិត​២​ឆ្នាំ​មកនេះ ប៉ូ​លីន បាន​រៀន​ពី​ពិធី​សាសនា​ផ្សេងៗ ស្គាល់​ពីអ្វី​ជា​សម្បត្តិ​បេតិកភណ្ឌ ក៏ដូចជា​ស្គា​ល់ពី​ភូមិសាស្ដ្រ​ដែល​គេ​កំពុង​រស់នៅ​សព្វថ្ងៃ​។ ប៉ូ​លីន ថា វា​ពិត​ជាមាន​សារសំខាន់​ណាស់​ដែល​រូបគេ ក៏ដូចជា​យុវជន​ទាំងអស់​យល់​ពី​តម្លៃ​នៃ​វប្បធម៌​ខ្លួនឯង​។​
 
​រីឯ​យុវ​សិស្ស វឿ ណាវិន អាយុ​១៩​ឆ្នាំ រៀន​ថ្នាក់​ទី​១១ ដូច​ប៉ូ​លីន​ដែរនោះ ក៏​ចាប់អារម្មណ៍​ចំពោះ​កម្មវិធី​អប់រំ​នេះដែរ​។ ណាវិន ថា ក្នុងនាម​គេ​ជា​យុវជន​នៅ​តំបន់​ប្រាសាទបន្ទាយឆ្មារ​នេះ គេ​ត្រូវមាន​វិធាន​ការការពារ​បេតិកភណ្ឌ ក៏ដូចជា​ណែនាំ​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ឱ្យ​ស្គាល់​អំពី​គុណ​តម្លៃ​ទាំងនោះ​។ ការអប់រំ​នេះ ក៏​ស្របតាម​គោលបំណង​របស់ ណាវិន ផងដែរ ដែល​គេច​ង់​ក្លាយខ្លួនជា​នគរបាល​បេតិកភណ្ឌ​ទៅ​ថ្ងៃ​ខាងមុខ​។​
 
​ខ្ញុំ​បាន​ជួប​សម្ភាស​ជាមួយ​យុវ​សិស្ស​ម្នាក់ទៀត គឺ​យុវ​សិស្ស សុក ស្រី​ពៅ​។ ស្រី​ពៅ​ដែល​មានបំណង​ក្លាយជា​គ្រូបង្រៀន និង​ប៉ូលិស​នោះ បាន​ប្រាប់ថា ប្រសិនបើ​គេ​ក្លាយជា​គ្រូបង្រៀន នោះគេ​នឹង​ធ្វើជា​គ្រូ​ដើម្បី​បង្រៀន​ឱ្យ​ក្មេងៗ​ក្រោយៗ យល់ដឹង​ពី​តម្លៃ​បេតិកភណ្ឌ​។ ស្រី​ពៅ​ថា ក្នុងនាម​ជា​យុវជន គឺ​សំខាន់​ណាស់​ក្នុងការ​ការពារ​តម្លៃ​បេតិកភណ្ឌ​របស់ខ្លួន ទាំង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍ ហើយ​គេ​គួរ​មាន​មោទនភាព​ចំពោះ​តម្លៃ​ទាំងនោះ ធ្វើយ៉ាងណា​ថែរក្សា​ឱ្យបាន​គង់វង្ស​ទៅ​អ្នកជំនាន់ក្រោយ​។​


 
​ក្នុង​កម្មវិធី​អប់រំ​ប​តិក​ភណ្ឌ​នៅ​បន្ទាយឆ្មារ​នេះដែរ ជា​មធ្យម​ក្នុង​មួយឆ្នាំ​គម្រោង​នេះ​បាន​បណ្ដុះបណ្ដាល​សិស្ស​នៅ​ថ្នាក់​វិទ្យាល័យ​ចំនួន ១៨​នាក់ និង​សិស្ស​ថ្នាក់​បឋម​ចំនួន ១៧០​នាក់​។ ក្នុង​ឆ្នាំ​២០១៨ គម្រោង​នេះ​ក៏បាន​ពង្រីក​ការអប់រំ​មកដល់​រមណីយដ្ឋាន​អង្គរ នា​ខេត្តសៀមរាប​ផងដែរ ដែលជា​កិច្ចសហការ​រៀបចំ​ដោយ​អង្គការ​គាំពារ​កេរ​មរតក និង​អាជ្ញាធរ​ជាតិ​អប្សរា​។ ហើយ​សាលា​ដែល​កំពុង​ទទួល​បានកា​រ​អប់រំ​ផ្នែក​នេះ មាននៅ​វិទ្យាល័យ​នគរធំ សាលាបឋមសិក្សា​ស្រះ​ស្រះ និង​វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និង​សាលាបឋមសិក្សា​រលួស ដែល​ទើប​អនុវត្តន៍​ការបង្រៀន​ពី​ដើមឆ្នាំ ២០១៩​នេះ​៕
 

ព័ត៌មានទាក់ទង