គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៥ ដែល​ចំណាយ ៥០០​លាន​ដុល្លារ អាច​បញ្ចប់​ត្រឹម​ឆ្នាំ​២០២២

30/11/-0001 12:00 am បន្ទាយមានជ័យ

​បាត់ដំបង​៖ រដ្ឋាភិបាល ដោយ​ទទួលបាន​កម្ចី​ពី​ប្រទេស​ជប៉ុន កំពុង​សាងសង់​ឡើងវិញ​ផ្លូវជាតិ​លេខ​៥​ទាំងមូល​ដោយ​បែង​ចែកជា​កំណាត់ៗ ។ ផ្លូវ​នេះ​នឹង​ក្លាយជា​ផ្លូវ​អាស៊ាន High Way លេខ​១ ដែល​ត​ភ្ជាប់​បាងកក ភ្នំពេញ និង​ហូជីមិញ​ជាដើម​។ ផ្លូវជាតិ​លេខ​៥​ដែល​ចំណាយ​ប្រមាណ ៥០០​លាន​ដុល្លារ​សម្រាប់​ការពង្រីក​ឲ្យ​ដល់​៤​គន្លង​នេះ គ្រោង​ស្ថាបនា​ឲ្យ​រួចរាល់​នៅក្នុង​អំឡុង​ចុងឆ្នាំ​២០២១ ឬ​ឆ្នាំ​២០២២ ។
 
 
​មកដល់ពេលនេះ​កំណាត់​ផ្លូវជាតិ​លេខ​៥ បាត់ដំបង​-​សិរីសោភ័ណ ប្រវែង​៨៥​គីឡូម៉ែត្រ តម្លៃ​១៤៣​លាន​ដុល្លារ ដែល​បើក​ការដ្ឋាន​មុនគេ គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ខែមីនា​ឆ្នាំ​២០២០ ។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈឹម ផល្លា ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​បន្ថែមថា សព្វថ្ងៃ​កំណាត់​ផ្លូវ​នេះ​ត្រូវបាន​សាងសង់​បាន​ប្រមាណ​ជាង ៤០​ភាគរយ​ហើយ​។​


 
​លោក ឈឹម ផល្លា បញ្ជាក់ថា កំណាត់​ផ្លូវ​បាត់ដំបង​-​សិរីសោភ័ណ​នេះ នឹងត្រូវ​ធ្វើ​ផ្លូវ​វាង​ទីប្រជុំជន​ចំនួន​ពីរ​ចំណុច ដោយ​គ្រាន់តែ​ផ្លូវ​វាង​ក្រុង​បាត់ដំបង​មួយ មាន​ចម្ងាយ ២៣,៥​គីឡូម៉ែត្រ​។ លោក​ប្រាប់ទៀតថា ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​កាត់​ក្រុង​បាត់ដំបង​សព្វថ្ងៃ ទំនង​អាច​ទៅជា​ផ្លូវ​ខេត្ត​វិញ ហើយ​ផ្លូវ​វាង​នេះ​គឺជា​ផ្លូវជាតិ​លេខ​៥​តែម្ដង​។ ចំណែក​កំណាត់​ផ្លូវជាតិ​លេខ​៥ ព្រែក​ក្ដាម​-​ធ្លា​ម្អម កំពុង​ត្រូវបាន​សាងសង់​ដូចគ្នា ខណៈ​កំណាត់​ធ្លា​ម្អម​-​បាត់ដំបង ជិត​នឹង​បើក​ការដ្ឋាន​ដែរ​ហើយ​។ រីឯ​កំណាត់​សិរិ​សោភ័ណ​-​ប៉ោយប៉ែ​ត្រ ក្រសួង​កំពុងដំណើរការ​ដាក់​ឲ្យ​ដេញថ្លៃ​ម៉ៅការ​សាងសង់​។ ការស្ថាបនា​ផ្លូវជាតិ​លេខ​៥​នេះ គឺ​ធ្វើ​លើផ្លូវ​ចាស់ តែ​ត្រូវ​វាង​ក្រុង ឬ​ទីប្រជុំជន​សំខាន់ៗ​។​


 
​ផ្លូវជាតិ​លេខ​៥ ដែល​នឹងត្រូវ​លើក​កម្រិត​ឲ្យ​ដល់​ថ្នាក់​តំបន់ និង​ត​ភ្ជាប់​ក្នុង​តំបន់​នេះ ត្រូវបាន​មើលឃើញថា ពិត​ជាមាន​សារៈសំខាន់​ណាស់​ដល់​វិស័យ​ដឹកជញ្ជូន​របស់​កម្ពុជា​។ រដ្ឋមន្ត្រីក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល ធ្លាប់​គូសបញ្ជាក់​ដូច្នេះ​ថា​៖«​ផ្លូវ​នេះ​សំខាន់​ណាស់ គឺជា​ផ្លូវ​អាស៊ាន Highway លេខ​១ ដែល​ត​ភ្ជាប់​ពី​ប្រទេស​ចិន មី​យ៉ាន​ម៉ា ថៃ  និង​កម្ពុជា ដែល​ឆ្លងកាត់​ភ្នំពេញ ទៅ​ផ្លូវជាតិ​លេខ​១ រហូតដល់​ប្រទេស​វៀតណាម​។ ដូចជា​ការដឹក​ទំនិញ​ឆ្លងកាត់​កម្ពុជា​របស់​យើង​នេះ គឺ​ត្រូវ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥​នេះ ដូចនេះ​វា​ចាំបាច់​ណាស់​ដែល​យើង​ពង្រីក​ពី​ផ្លូវ​២​គន្លង ទៅ​៤​គន្លង ដែល​នឹងមាន​ការដឹក​ទំនិញ​ឆ្លងកាត់​ច្រើន អាច​ដឹកជញ្ជូន​បាន​លឿន ហើយក៏​ជួយ​កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន​»៕

ព័ត៌មានទាក់ទង