សូមកុំ​ភ្លេច​! រាត្រី​សប្បុរសធម៌ អៃ​រាវ​ត្តា​លើក​ទី​ពីរ​នៅ Le Royal ដើម្បី​សាមគ្គីភាព ធម្មជាតិ និង​ដំរី​

30/11/-0001 12:00 am រតនគីរី

​នា​ល្ងាច​ថ្ងៃអាទិត្យ ទី ៣១ ខែមីនា​ខាងមុខនេះ សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ អៃ​រាវ​ត្តា (Airavata Elephant Foundation) នៅ​ខេត្តរតនគិរី នឹង​រៀបចំ​ព្រឹត្តិការណ៍​រាត្រី​សប្បុរសធម៌​ប្រមូល​មូលនិធិ​ដើម្បី​ជួយ​ទ្រទ្រង់ និង​ការពារ​សត្វ​ដំរី លើក​ទី​ពីរ​នៅ​សណ្ឋាគារ Raffles Hotel Le Royal​។ ព្រឹត្តិការណ៍​លើក​ទី​១ ត្រូវបាន​រៀបចំឡើង​នៅក្នុង​បរិវេណ​នៃ​ស្ថានទូត​បារាំង​នៅ​ភ្នំពេញ កាលពី​ខែមេសា ឆ្នាំ​២០១៨ ដោយមាន​អ្នកចូលរួម​ជិត ៣០០ នាក់​។ សម្រាប់​ព្រឹត្តិការណ៍​លើក​ទី​២​នេះ លោក ព្យែ​រ​-​អ៊ីវ ក្លេ (Pierre-Yves Clais) ដែល​លោកអ្នក​ធ្លាប់បាន​ស្គាល់​រួចមកហើយ បានផ្តល់​បទសម្ភាសន៍​ជាមួយ​ទស្សនា​វ​ដ្តី Cambodge Mag ដូចខាងក្រោម​៖
 
តើ​ហេតុផល​អ្វី គោលដៅ​អ្វី និង​គោលបំណង​អ្វី បានជា​លោក​រៀបចំ​ព្រឹត្តិការណ៍​រាត្រី​សប្បុរសធម៌​លើក​ទី​២ សម្រាប់​ដំរី​នៃ​សមាគម​អៃ​រាវ​ត្តា​?
 
​តាមពិតទៅ មូលហេតុ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​លើក​ទី​២​នេះ គឺ​មិន​ខុសពី​លើក​មុន​ទេ​...​។ ថែទាំ​សត្វ​ដំរី​ត្រូវ​ការចំណាយ​ច្រើនណាស់ ជាពិសេស​នៅ​ឆ្នាំនេះ យើង​ប្រឈម​នឹង​បញ្ហា​ជា​លើកដំបូង​ទាក់ទង​នឹង​សុខភាព​សត្វ​ដំរី​។ បុក​វ៉ា​ដែលជា​ដំរី​ឈ្មោល​ធំជាងគេ​របស់​យើង បាន​ឆ្លងកាត់​ការវះកាត់​បូស​នៅ​សៀតផ្កា​ខាងស្តាំ​។ បន្ទាប់ពី​វះកាត់​រួច យើង​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ​រយៈពេល​ជាង​ពីរ​ខែ និង​ត្រូវការ​ការថែទាំ​បន្តទៀត​។ ប៉ុន្តែ រហូតមកទល់​ពេលនេះ បញ្ហា​នៅ​មិនទាន់​ដោះស្រាយបាន​នៅឡើយ​ទេ​។ ថ្វីត្បិតតែ​យើង​មាន​អាទិភាព ដោយ​ទទួលបាន​ការគាំទ្រ​ពី​គ្លីនិក​សត្វ Agrovet វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​មន្ទីរពេទ្យ​ដំរី​ឡាំ​ប៉ាង​នៅ​ប្រទេស​ថៃ តែ​ការប្រើ​ថ្នាំ​ផ្សះ ១៦០ គ្រាប់​ក្នុង​មួយថ្ងៃ ហើយ​ត្រូវ​ប្រើ​រយៈពេល​ជាច្រើន​ខែ យូរៗ​ទៅ​ការចំណាយ​នេះ​កាន់តែ​ធ្ងន់​ឡើងៗ​...​។ ជាងនេះទៅទៀត នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​ក្នុងចំណោម​ការចំណាយ​ផ្សេងៗ​ទៀត​របស់​យើង​តែប៉ុណ្ណោះ​។​


 
​យើង​កំពុង​ចាប់ផ្តើម​បន្តិច​ម្តងៗ​គិតគូរ​ពី​ផ្នែក​គាំ​ព៌ា​សង្គម​អៃ​រាវ​ត្តា ព្រម​ទាំំ​ង​គិតដល់​ការ​ផ្តល់ជំនួយ​ដល់​អ្នកជំងឺ ឬ​អ្នករបួស​មួយចំនួន​មកពី​សហគមន៍ ប្រៅ និង​រស់នៅ​ជុំវិញ​តំបន់​ព្រៃរបស់​យើង​។ យើង​ក៏​កំពុង​ស្វែងរក​ដៃគូ​សហការ​ដើម្បី​ជួយ​យើង​ក្នុង​ផ្នែក​នេះ​ផងដែរ​។​
 
​ម្យ៉ាងទៀត យើង​នឹង​ចាប់ផ្តើម​កម្មវិធី​ដាំ​ដើមឈើ​ឡើងវិញ​នៅ​តំបន់​មួយចំនួន​ដែល​ទទួលរង​នូវ​ការកាប់បំផ្លាញ​ទាំងស្រុង​។ យើង​សង្ឃឹមថា នឹង​អាច​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចាប់​អនុវត្ត​គម្រោង​នេះ​នៅ​ដើមរដូវ​វស្សា​។​
 
​តើ​សមាគម​ដំណើរការ​យ៉ាងដូចម្តេច​ដែរ​?
​កេរ្តិ៍ឈ្មោះ​របស់​យើង​ល្បី​សុសសាយ​បន្តិច​ម្តងៗ​។ មាន​មនុស្ស​កាន់តែ​ច្រើនឡើងៗ​បាន​មកជួប​ពួកយើង ហើយ​យើង​កំពុងតែ​បង្កើន​បញ្ជី​ឈ្មោះ​ទំនាក់ទំនង​។ យើង​ក៏​កំពុងតែ​រៀបចំ​ដើម្បី​ទទួល​ក្រុមនិស្សិត​ចុះ​កម្មសិក្សា យើង​ដូរ​ទៅកាន់​ទីតាំង​ថ្មី​។ ដូច្នេះ បន្ទុក​ការងារ​ក៏​កើនឡើង​ទៅតាម​នោះដែរ​។​
 
​យើង​បាន​ផ្លាស់ប្តូរ​និមិត្តសញ្ញា​ថ្មី ដោយ​ដាក់​រូប​អៃរាវ័ត​ពិតប្រាកដ (​ដំរី​ក្បាល​បី​) ដ៏​ស្រស់ សង្ហា ដោយមាន​ប៉ម​ប្រាសាទ​អង្គរ​នៅ​ពីលើ​។ រីឯ​ប៉ម​ប្រាសាទ​ទាំងនោះ​ជ្រក​ក្រោម​បារមី​នៃ​ព្រះមហា​ស្វេត​ឆ័​ត្រ​។ នេះ​គឺជា​ការ​រម្លឹក​គុណ​ដល់​ព្រះមហាក្សត្រ​ខ្មែរ ដែល​ព្រះអង្គ​បាន​គង់​ជា​ម្លប់​ដ៏​ត្រចះត្រចង់​ដល់​កូនចៅ​របស់​ព្រះអង្គ ក្នុងនោះ​ព្រះករុណា​ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​ព្រះមហាក្សត្រី ក៏បាន​សម្តែង​ការផ្តល់​ការគាំទ្រ​យ៉ាង​ថ្លៃថ្លា​ដល់​មូលនិធិ កាលពី​ប៉ុន្មាន​ខែ​មុននេះ​។​


 
​តើ​មានការ​វិត្ត​ន៍​អ្វីខ្លះ​ហើយ ចាប់តាំងពី​ការរៀបចំ​ព្រឹត្តិការណ៍​រាត្រី​សប្បុរសធម៌​លើកទីមួយ​មក​?

នៅ​មិនទាន់មាន​ការវិវត្តន៍​អ្វី​ធំដុំ​នៅឡើយ​ទេ​។ បច្ចុប្បន្ន យើង​កំពុងតែ​រើ​ទៅកាន់​ទីតាំង​ថ្មី​ដែល​ស្ថិតនៅ​ទល់មុខ​ព្រៃ​កា​ទៀង ហើយ​យើង​កំពុង​សាងសង់​ផ្ទះ​ប្រពៃណី​របស់​ជនជាតិភាគតិច​ប្រៅ ធ្វើ​ពី​ឈើ និង​ឫស្សី​ប្រមាណ​ជា ១០ ខ្នង ដើម្បី​ទទួលភ្ញៀវ​ទេសចរ​។  តាមរយៈ​វត្តមាន​ជាប្រចាំ​របស់​យើង​នៅទីនេះ យើង​ព្យាយាម​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ដែល​នៅ​សេសសល់ ដោយ​ខុសច្បាប់ ដើម្បី​ធានា​ដល់​ការរស់រាន​របស់​សត្វ​ព្រៃ​មួយចំនួន​ដែល​រស់នៅ​ទីនេះ ដូចជា​សត្វ​ស្វា កេងកង និង​ឥន្ទ្រី​ជាដើម​។​

ក្នុង​រយៈពេល​ពីរ​-​បី​ថ្ងៃ ភ្ញៀវទេសចរ​អាច​ស្នាក់នៅ និង​បរិភោគ​នៅទីនេះ ដោយ​ស្វែងយល់​ពី​ជីវិត​នា​សម័យកាល​បុរាណ​៖ គ្មាន​ភ្លើងអគ្គិសនី ការ​រាំច្រៀង​នៅ​ជុំវិញ​ភ្នក់ភ្លើង ការ​ភ្ញាក់​ពី​ដំណេក​នាពេល​ព្រហាមស្រាងៗ​ជាមួយនឹង​ធាតុ​ត្រជាក់​សើម មុជទឹក​ជាមួយ​សត្វ​ដំរី នេះ​ជា​ជីវិត​ធម្មជាតិ​ពិតៗ​! ទន្ទឹមនឹងនោះ យើង​នឹង​បង្កើត​កន្លែង​ហាត់ប្រាណ​ហាលវាល​មួយ ដោយ​បញ្ចូល​នូវ​សកម្មភាព​កីឡា​អភិរក្ស​ជាច្រើន​ផ្សេងៗ​។ កន្លែង​ហាត់ប្រាណ​នេះ​នឹង​បើកទទួល​ស្វាគមន៍​ដល់​មនុស្ស​គ្រប់រូប​ទាំងអស់ ដោយ​រំពឹងថា នឹង​អាច​បង្រៀន​ក្បាច់គុន​ប្រដាល់ ឬ​ល្បុក្កតោ​ដល់​យុវជន​ដែល​រស់នៅ​ភូមិ​ជុំវិញ​នេះ​។​

ការសាងសង់​ផ្ទះ​ប្រពៃណី​បានផ្តល់​ការងារ​ដល់​អ្នកភូមិ​នៅទីនេះ ហើយ​យើង​ក៏​អាច​ស្គាល់​ពួកគាត់​កាន់តែច្បាស់​ឡើង និង​គិតពី​វិធី​ដែល​យើង​អាច​ធ្វើបាន​ដើម្បី​ជួយ​ពួកគាត់​។ អ្វីដែល​យើង​មើលឃើញ​ច្បាស់​នោះ គឺ​ភាពក្រីក្រ ប៉ុន្តែ​ជាទូទៅ ស្ថានភាព​សុខភាព​របស់​ពួកគាត់​ភាគច្រើន​មិនសូវ​ល្អ​ទេ ដូចជា​ការបាក់​ឆ្អឹង​ចេះតែ​កើតមាន​ជា​ហូរហែ កើត​បូស​មិនបាន​ទៅ​វះកាត់ មាន​ជំងឺ​ដ​ង្កា​ត់ មិន​ធ្លាប់​ទៅ​ទទួល​ការព្យាបាល​ជាដើម​។ មើលឃើញ​ស្ថានភាព​បែបនេះ​ជា​រៀងរាល់ថ្ងៃ វា​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លោចផ្សា​ចិត្ត​ណាស់​។ ដូច្នេះ យើង​ត្រូវតែ​រក​វិធី​ដើម្បី​ជួយ​ពួកគាត់​។ ក្នុង​បញ្ហា​នេះ អនុប្រធាន​របស់​យើង​គឺ​លោក​សាស្ត្រាចារ្យ François-Xavier Roux បានចាប់ផ្តើម​ស្វែងរក​ជំនួយ​ហើយ​។​


​ពេទ្យធ្មេញ​មួយរូប​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្តក្រចេះ បាន​សន្យា​ជាមួយ​យើង​ថា គាត់​នឹង​ចុះទៅ​កាន់​ភូមិ​ជាមួយនឹង​ឧបករណ៍​ការងារ​រប​ស់​គាត់​ដើម្បី​ផ្តល់​ការថែទាំ​ធ្មេញ​ដល់​អ្នកភូមិ​។​

ម្យ៉ាងទៀត ភាព​ស្និត​ស្នាល​ជាមួយ​ប្រជាជន​ដែល​ចេះតែ​កើនឡើង​នេះ ក៏បាន​បង្ក​ភាពងាយស្រួល​ដល់​គម្រោង​អភិវឌ្ឍន៍​អេកូ​ទេសចរណ៍ ដែល​បានទទួល​ការគាំទ្រ និង​ជំរុញ​ពី​ក្រសួងទេសចរណ៍​ផងដែរ​។ យើង​ត្រៀម​អ្នក​តម្បាញ ម​គ្គុ​ទេ្ទ​សក៍ ហ្មដំរី និង​ចុងភៅ​សម្រាប់​ពេលអនាគត រួចជាស្រេច​។ ធ្វើដំណើរ​ផ្សងព្រេង​ដ៏​ស្រស់ស្រាយ​ពី​ព្រឹក​ព្រលឹម ដែល​យើង​មិន​គ្រាន់​តែមាន​ដំរី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​នឹង​បានឃើញ​សត្វ​ផ្សេងៗ​ជាច្រើន​ទៀត​ដែលជា​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​នៃ​ខេត្តរតនគិរី​។ វា​ជា​សម្បត្តិ​វប្បធម៌ និង​ធម្មជាតិ​។ គឺ​ដូច​អ្វីដែល​យើង​ធ្លាប់បាន​ប្តេជ្ញា​នៅ​ចំពោះមុខ​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ដែល​បាន​គាំទ្រ​យើង​ដោយ​មិត្តភាព ចាប់តាំងពី​ដំណាក់កាល​ដំបូង​នៃ​ការបង្កើត​មូលនិធិ​។​
​សូម​លោក​បរិយាយ​ប្រាប់​យើង​ពី​កម្មវិធី​រាត្រី​សប្បុរសធម៌​លើក​ទី​២​នេះ ហេតុអ្វី​បាន​លោក​ជ្រើស​រើសយក​សណ្ឋាគារ​ឡឺ រ៉ូយ៉ាល់​?

ព្រោះថា​សណ្ឋាគារ ឡឺ​រ៉ូយ៉ាល់ មាន Elephant Bar ដែលជា​ទីកន្លែង​ដ៏​ស្រស់ស្អាត​ជាងគេ​បំផុត ចំណាស់​ជាងគេ​បំផុត និង​ល្បី​បំផុត​នៅក្នុង​រាជធានី​ភ្នំពេញ​។ ជាច្រើន​ឆ្នាំ​មកហើយ Elephant Bar ផ្តល់ជូន​អតិថិជន​នូវ​ស្រា​ក្រឡុក​ដ៏​ឆ្ងាញ់​ពិសា ដែលមាន​ឈ្មោះថា Aïravata ...​។ ដូច្នេះ គ្មាន​កន្លែង​ណា​ផ្សេង​ដែល​សាក​សម​ជាងនេះទៀត​ទេ​!



​ជាងនេះទៅទៀត បុគ្គលិក​សណ្ឋាគារ​នេះ​បាន​ប្រឹងប្រែង​ជួយ​យើង​អស់ពី​សមត្ថភាព​។ ការលះបង់​នូវ​ពេលវេលា ព្រមទាំង​កម្លាំងកាយ​-​ចិត្ត​នៅក្នុង​សណ្ឋាគារ​ដ៏​ធំ​ប្រណីត​នេះ ពិតជា​ធ្វើ​ឲ្យ​យើង​កក់ក្តៅ​ក្នុង​ចិត្ត​ណាស់​! កម្មវិធី​រាត្រី​សប្បុរសធម៌​នឹងត្រូវ​រៀបចំឡើង​នៅ​ជុំវិញ​អាង​ហែល​ទឹក ព្រោះថា Elephant Bar ហាក់​តូចចង្អៀត​ពេក​សម្រាប់​ព្រឹត្តិការណ៍​នេះ ហើយ​បើ​ធៀប​នឹង​សួនច្បារ​ក្នុង​បរិវេណ​ស្ថានទូត​បារាំង វារឹតតែ​តូច​ជាង​ថែមទៀត​។ ដូច្នេះ យើង​នឹង​កម្រិត​ចំនួន​អ្នកចូលរួម​ត្រឹម ២០០ នាក់​យ៉ាងច្រើន ខុសពី​ឆ្នាំមុន ដែល​យើង​ទទួល​ដល់​ទៅ​ជាង ៣០០ នាក់​...​។ សូម​អញ្ជើញ​ជាវ​សំបុត្រ​ចូលរួម​ព្រឹត្តិការណ៍​រាត្រី​សប្បុរសធម៌​នេះ​ឲ្យ​បាន​រួសរាន់ កុំ​ឲ្យ​ខកខាន​!
 
​តើ​មាន​កម្មវិធី​អ្វីខ្លះ​?
​កម្មវិធី​នៃ​រាត្រី​សប្បុរសធម៌​មាន​ដូចតទៅ​៖
-​ ​ការចាក់​បញ្ចាំងភាពយន្ត​ខ្លី​របស់​គេហទំព័រ ថ្មីៗ ស្តីពី​សត្វ​ដំរី​នៅ​មូលនិធិ​អភិរក្ស អៃ​រាវ​ត្តា​។​
-​ ​ការបង្ហាញ​ក្បាច់គុន ល្បុក្កតោ សម្តែង​ដោយ​ក្រុម Prodal Fight & Fitness Studio និង ក្លឹប​ឦសាន​រតនៈ​នៃ​ខេត្តរតនគិរី​។​
-​ ​ការដេញថ្លៃ​ស្នាដៃ​ដើម​របស់​វិចិត្រករ​ចំនួន​បី​រូប​៖ លោក ឈឹម សុខ​នី - នូ សារី - អែម រៀម ព្រមទាំង​វិចិត្រករ​ល្បីៗ​ផ្សេងៗ​ទៀត​។​
-​ ​ការសម្តែង​សៀក​រហ័ស​សកម្ម​
-​ ​ការដើរ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ប្រពៃណី​របស់​ជនជាតិភាគតិច​ខេត្តរតនគិរី​
 
​តើ​នឹងមាន​អ្វី​ប្លែក​សម្រាប់​រាត្រី​សប្បុរសធម៌​លើក​ទី​២​នេះ​?

​អ្វីដែល​ប្លែក​នោះ​គឺ​ការដើរ​បង្ហាញ​ម៉ូដ​។ ពិតណាស់ ការដើរ​បង្ហាញ​ម៉ូដ​នេះ​សំខាន់​គឺ​បង្ហាញ​ការគោរព​ចំពោះ​ពលរដ្ឋ​ជនជាតិភាគតិច ប៉ុន្តែ​ទន្ទឹមនឹងនោះ យើង​ក៏ត្រូវ​ផ្តល់ឱកាស​ឲ្យ​ពួកគាត់​លើកស្ទួយ​កម្រិតជីវភាព​រស់នៅ​របស់​ពួកគាត់​ផងដែរ តាមរយៈ​ការលើកតម្កើង​បេតិកភណ្ឌ​ដែល​ហៀបនឹង​រលាយ​បាត់បង់ នោះ​គឺ​សម្លៀកបំពាក់​ប្រពៃណី​របស់​ជនជាតិភាគតិច​។ ដូច្នេះ យើង​បាន​ទាក់ទង​អ្នក​ច្នៃ​ម៉ូដ​ល្បីៗ​មួយចំនួន​នៅ​ភ្នំពេញ​ដូចជា អែម រៀម - Don Protasio និង ហ៊ូ រ៉េមី​។ អ្នក​ទាំងបី​រូបនេះ​មាន​ស្ទីល​រៀងៗ​ខ្លួន​។ លោក​អែម រៀម ចូលចិត្ត​បង្ហាញ​ភាព​ឡូយឆាយ​។ លោក Don Protasio ចូលចិត្ត​ភាព​ស្រគត់ស្រគំ និង​បែប​លក្ខណៈ​ប្រពៃណី​។ រីឯ​លោក​ហ៊ូ រ៉េមី ចូលចិត្ត​ស្ទីល​បុរាណ​។ បែបផែន​នៃ​ការ​រចនា​ម៉ូដ​បែប​ផ្សេងៗ​គ្នា​នេះ​នឹង​ញ៉ាំង​ឲ្យ​ការដើរ​បង្ហាញ​ម៉ូដ​គួរ​ជាទី​ចាប់អារម្មណ៍ និង​សម្បូណ៌​បែប​។​



​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​នោះ គឺ​ការចូលរួម​ពី​សំណាក់​យុវជន​។ ទាំង​អ្នកជំនួយការ ទាំង​តារា​បង្ហាញ​ម៉ូដ​របស់​យើង​ទាំងអស់ សុទ្ធតែជា​យុវជន​ស្ម័គ្រចិត្ត និង​ជា​និស្សិត​នៅ​ក្រុងភ្នំពេញ សិក្សា​នៅ​វិទ្យាល័យ​បារាំង Descartes សាលា​អន្តរជាតិ ISPP ។ ក្នុងចំណោម​អ្នក​ទាំងនោះ អ្នកខ្លះ​គឺជា​អ្នក​អាជីព​ពិតប្រាកដ អ្នក​ខ្លះទៀត​គ្រាន់តែ​ជា​អ្នកធ្វើ​ដើម្បី​ភាព​រីករាយ ហើយ​អ្នក​ខ្លះទៀត ទើបតែនឹង​ប្រឡូក​ជា​លើកដំបូង​សម្រាប់​រាត្រី​កាលនោះ​។​

យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ពួកគាត់ ព្រមទាំង​ក្រុមគ្រួសារ​របស់​ពួកគាត់ សម្រាប់​សាមគ្គីភាព​ដ៏​ថ្លៃថ្លា​នេះ​! គោលបំណង​នៃ​រាត្រី​សប្បុរសធម៌​នេះ​គឺ ដើម្បី​ប្រមូល​ថវិកា​ឲ្យ​បាន​ច្រើន​ជា​អតិបរមា​សម្រាប់​ទ្រទ្រង់​មូលនិធិ ហើយ​យើង​នឹង​បង្កើន​ឱកាស « ទិញ​ទំនិញ » ក្នុង​ព្រឹត្តិការណ៍​នោះ​ផងដែរ​។​

វិចិត្រករ​វ័យក្មេង​នឹង​គូររូប​របស់លោក​អ្នក​នៅ​ពីមុខ​សត្វ​ដំរី លោកអ្នក​អាច​ទិញ​គ្រឿងអលង្ការ សម្លៀកបំពាក់ រូបថត ក្រមា​ដែលមាន​ប៉ាក់​និមិត្តសញ្ញា​របស់​មូលនិធិ​អៃ​រាវ​ត្តា គ្រឿង​តុបតែង​លម្អ​។​ល​។ ជាងនេះទៅទៀត លោកអ្នក​អាច​យក​ស្នាដៃ​ដែល​បង្កើតឡើង​ដោយ​អ្នក​ច្នៃ​ម៉ូដ​ទាំងបី​រូប ហើយ​ដែល​ត្រូវបាន​ពាក់​ក្នុង​ពិធី​បង្ហាញ​ម៉ូដ​នោះ​ទៅជា​មួយ​បាន​។​


 
​តើ​ដំរី​នៅ​កម្ពុជា​សព្វថ្ងៃ​ស្ថិតក្នុង​សភាព​យ៉ាងណាដែរ​? តើ​ស្ថានភាព​នេះ​ជា​ស្ថានភាព​វិជ្ជមាន​ឬ​?

សព្វថ្ងៃនេះ យើង​ព្រួយបារម្ភ​ខ្លាំងណាស់​ពី​បញ្ហា​គ្រោះរាំងស្ងួត​ដែល​កំពុងតែ​កើតមាន ហើយ​បញ្ហា​នេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ នៅពេល​ទទួលរង​នូវ​បាតុភូត El Nino ។ ពេលនេះ តំបន់​ព្រៃ​កា​ទៀង​ក្តៅ​ស្ងួត​ហែង​រួចទៅហើយ​។ ខ្ញុំ​ភ័យខ្លាច​ថា គ្មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​ដំរី​របស់​យើង​ដែល​ត្រូវការ​បន្លែ​ជាង​មួយ​តោន​ក្នុង​មួយថ្ងៃ​។ កង្វល់​មួយទៀត​នោះ គឺ​ការប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​របស់​ប្រជាកសិករ​នៅ​ជុំវិញ​តំបន់​នោះ​។ ដោយសារ​ភាពរាំងស្ងួត ថ្នាំ​បំពុល​សត្វល្អិត​ប្រមូលផ្តុំ​កាន់តែច្រើន​នៅក្នុង​ទឹកជ្រោះ​កា​ទៀង ពេលដែល​ទឹក​ស្រក​ចុះ​ខ្លាំង​...​។​

នៅពេល​ដ៏​ខ្លី​ខាងមុខនេះ យើង​មិន​គិតថា​អ្វីៗ​នឹង​បាន​ប្រសើរឡើង​ទេ​។ ដំរី​ស្រុក​ថយចុះ​ជា​លំដាប់ ដោយហេតុ​ផល​ថា ដំរី​ទាំងនោះ​ចាស់​ខ្លាំងពេក ពិបាក​ក្នុងការ​បង្កបង្កើត​។ សម្រាប់​ដំរីព្រៃ​វិញ ទីកន្លែង​រស់នៅ​របស់​ពួកវា​កាន់តែ​រួម​តូច​ទៅៗ ជា​រៀងរាល់ថ្ងៃ​។ ជម្លោះ​រវាង​មនុស្ស និង​ពពួកសត្វ​ចតុប្បាទ កាន់តែ​កើន​ខ្លាំង​ឡើងៗ ហើយ​ជាទូទៅ​សត្វ​គឺជា​ភាគី​រងគ្រោះ​។ ជាក់ស្តែង ដូចជា​ករណី​ដំរី​ដែល​ត្រូវបាន​សម្លាប់​កាលពីពេល​ថ្មីៗ​នេះ​នៅ​ខេត្តមណ្ឌលគិរី​។ ដំរី​នោះ​ត្រូវគេ​សម្លាប់ ដោយសារតែ​វា​ចូលទៅក្នុង​ចម្ការ​ដើម​ស្វាយចន្ទី​ដែល​គួរ​ឲ្យ​ងឿងឆ្ងល់​ណាស់​ថា ហេតុអ្វី​បានជា​មាន​ចម្ការ​ស្វាយចន្ទី​នៅក្នុង​តំបន់​អភិរក្ស​ទៅវិញ​...​។ វា​ច្បាស់​ណាស់ ទៅ​ថ្ងៃមុខ យើង​អាច​ប្រឈម​នឹង​រឿងរ៉ាវ​ជាច្រើន​ទៀត​! ប៉ុន្តែ ពេលនេះ យើង​ធ្វើ​នូវ​អ្វីដែល​យើង​អាច​ធ្វើបាន​សម្រាប់​ដំរី​ប៉ុន្មាន​ក្បាល​ដែលមាន​ជីវិត​រស់នៅក្នុង​ប្រទេស​កម្ពុជា​!
 
​សំបុត្រ​មាន​ដាក់លក់​នៅ សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ សណ្ឋាគារ​សង្គម ហាង MotoLand Cambodia (​ម្ដុំ​ផ្សារ​ទួល​ទំ​ពួ​ង​)​។​
​តម្លៃ​៖ ចាប់ពី ៤០-១៥០​ដុល្លារ សម្រាប់​សហ​ឧបត្ថម្ភ​ដំរី​រយៈពេល​មួយឆ្នាំ និង ១.០០០ ដុល្លារ សម្រាប់​កៅអី VIP ។​
​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 012 214 468/012 965 165
​ឬ​តាមរយៈ Page Facebook Airavata

 

ព័ត៌មានទាក់ទង