កំពង់ឆ្នាំង-កំពង់ធំ នឹង​ត​ភ្ជាប់​គ្នា​ដោយ​ស្ពាន​វែង​ជាងគេ​នៅ​កម្ពុជា​ប្រវែង​ជិត​៤​គីឡូម៉ែត្រ​

30/11/-0001 12:00 am កំពង់ឆ្នាំង

ភ្នំពេញ​៖ កម្ពុជា គ្រោង​នឹង​សាងសង់​ស្ពាន​ប្រវែង​ជាង​៣​គីឡូម៉ែត្រ​ដែលជា​ស្ពាន​វែង​ជាងគេ​នៅ​កម្ពុជា ដើម្បី​ភ្ជាប់​រវាង​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​។ នេះ​បើតាម​ការ​ថ្លែង​របស់​សម្តេច ហ៊ុន សែន នា​ការបើក​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​៥​នៅ​ខេត្តកំពង់ឆ្នាំង កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែមីនា​។​



​ស្ពាន​ដែលមាន​ប្រវែង​រហូតដល់​ទៅ​៣៩០០​ម៉ែត្រ ដែល​នឹង​ក្លាយជា​ស្ពាន​ដែល​វែង​ជាងគេ​នៅ​កម្ពុជា​នោះ ត្រូវ​ឆ្លងកាត់​ដៃទន្លេ​ចំនួន​បី គឺ​ទន្លេ​ផ្សារ​ក្រោម ទន្លេ​ជល់​មុខ និង​ទន្លេ​កំពង់​ហាវ ពី​ខេត្ត​កំពង់​ឆ្នាំ ឆ្ពោះទៅ​ខេត្តកំពង់ធំ​។ សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការ​គឺ​ដើម្បី​កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​តាមផ្លូវ​ទឹក ការ​បំលាស់​ទី​របស់​ត្រី និង​អាចជួយ​កាត់បន្ថយ​ការចំណាយ​ពេល​ក្នុងការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​របស់​ប្រជាពលរដ្ឋ រួមទាំង​ចំណេញ​ពេលវេលា​ផងដែរ​។

​ជាមួយគ្នានេះ កម្ពុជា ក៏មាន​គម្រោង​សាងសង់​ស្ពាន ២ បន្ថែមទៀត នៅក្នុង​ខេត្តកំពង់ធំ ដោយ​គម្រោង​នេះ​គឺ បាន​សិក្សា​រួចហើយ ហើយ​មិនមាន​ផលប៉ះពាល់​ណាមួយ​ដល់​ធនធានធម្មជាតិ បញ្ហា​បង្វែរ​ចរន្តទឹក និង ការ​បំលាស់​ទី​របស់​ត្រី​នោះទេ ។​

​ខេត្ត​ទាំងពីរ កំពង់ឆ្នាំង និង​កំពង់ធំ ក៏ត្រូវ​ត​ភ្ជាប់​គ្នា​តាមរយៈ​គម្រោង​សាងសង់​ផ្លូវ​ប្រវែង​ជាង ៥៧ គីឡូ ម៉ែត្រ ពី ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ ក្រុង ស្ទឹងសែន នៃ​ខេត្តកំពង់ធំ​។

«​បន្ទាប់ពី​ផ្លូវ និង​ស្ពាន​មួយ​ខ្សែ​នេះ​ត្រូវបាន​សាងសង់​រួចហើយនោះ ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​គម្រោង​មួយ​នេះ គឺ​បាន​ចំណេញ​ទាំង​ពេលវេលា ចំណេញ​ថ្លៃ​ដឹកជញ្ជូន និង​ទទួលបាន​ចំណូល​កាន់តែច្រើន​ជាមិនខាន​»​។ នេះ​ជាការ​រំពឹង​របស់​ប្រមុខ​រដ្ឋាភិបាល​។

បច្ចុប្បន្ន ស្ពាន​ដែលវែងជាងគេនៅកម្ពុជា គឺស្ពាន «ត្សឹបាសា» ឬស្ពាន «អ្នកលឿង» ដែលមានប្រវែង​២២១៥ម៉ែត្រ ស្ថិតក្នុងខេត្តព្រៃវែង និងឆ្លងកាត់ទម្លេមេគង្គ។ ស្ពាន​នេះ ត្រូវបាន​ដាក់ឲ្យ​ប្រើ​ប្រាស់ជាផ្លូវការកាលពី​ដើមខែមេសា ឆ្នាំ​២០១៥៕


ព័ត៌មានទាក់ទង